website_news:2018280903

កម្មករសំណង់ជាតិបរទេស នៅកាតា ច្រើននាក់ មិនបានទទួលប្រាក់ខែជាង១ឆ្នាំ

http://km.rfi.fr/ ដោយ ម៉ម ពិសី 26/09/2018

អង្គការ Amnesty International បានចេញរបាយការណ៍មួយ នៅថ្ងៃទី២៦កញ្ញានេះ ដោយបានលើកឡើងថា ពលករជនជាតិបរទេស ដែលកំពុងធ្វើការ ក្នុងការដ្ឋានសំណង់ សាងសង់ហេដ្ឋារចនាសម្ពន្ធ័កីឡា នៅប្រទេសកាតា ជាច្រើននាក់ មិនបានទទួលប្រាក់ខែជាងមួយឆ្នាំមកហើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ បានអំពាវនាវឲ្យអាជ្ញាធរកាតា ត្រូវដោះស្រាយបញ្ហានេះ និងធ្វើការកែលម្អលក្ខខណ្ឌការងារ របស់កម្មករ ឲ្យសម ជាប្រទេសម្ចាស់ផ្ទះ រៀបចំកីឡាបាល់ទាត់ពិភពលោក។ កម្មករសំណង់ ប្រមាណ៧៨នាក់ ដែលភាគច្រើន ជាជនជាតិណេប៉ាល់ ជនជាតិឥណ្ឌា និងហ្វីលីពីន ធ្វើការក្នុងការដ្ឋានសំណង់មួយ របស់ក្រុមហ៊ុន Mercury MENA ក្នុងប្រទេសកាតា មិនបានទទួលប្រាក់ខែ ជាង១ឆ្នាំមកហើយ។ ប្រាក់ខែដែលពលករទាំងនោះមិនបានទទួលបាន មានជាមធ្យម សរុបប្រហែល១៧០០ដុល្លារ។

លោក Steve Cockburn តំណាងរបស់អង្គការAmnesty International បានលើកឡើងថា អង្គការលោក បានធ្វើការអង្កេតសាកសួរ បុគ្គលិកចំនួន៧៨នាក់ ដែលគ្រប់គ្នាសុទ្ធតែមិនបានទទួលប្រាក់ខែ។ ដូច្នេះ ចំនួនបុគ្គលិក ដែលមិនបានទទួលប្រាក់ខែ អាចមានលើសនេះទៅទៀត។ ក្រុមហ៊ុនសំណង់ បានឈប់បើកប្រាក់ខែ តាំងតែពីខែកុម្ភៈឆ្នាំ២០១៦ម្លេះ។ Amnesty International បានអំពាវនាវ ឲ្យរដ្ឋាភិបាលកាតា រកដំណោះស្រាយជាបន្ទាន់ ឲ្យដល់កម្មករទាំងនោះ ព្រោះការមិនប្រគល់ប្រាក់ខែជាច្រើនខែមកនេះ កំពុងតែបង្ករការលំបាកយ៉ាងធ្ងន់ធ្ងរ ដល់កម្មករ ព្រមទាំងក្រុមគ្រួសារពួកគេ ដែលរំពឹងទាំងស្រុងទៅលើប្រាក់ខែនេះ។ រដ្ឋាភិបាលកាតា ត្រូវតែចេញមុខដោះស្រាយ ឲ្យសមជាប្រទេសជឿនលឿន ដែលត្រៀមទទួលរៀបចំកីឡាបាល់ទាត់ពិភពលោក។ ក្រោយចេញរបាយការណ៍នេះ ក្រសួងការងារកាតា បានចេញលិខិតប្រកាសមួយ ដោយអះអាងថា ក្រុមហ៊ុនសំណង់ Mercury MENA បានចាកចេញ ឈប់រកស៊ីនៅកាតាហើយ ហើយថារដ្ឋាភិបាលកាតា កំពុងមានទំនាស់ផ្លូវច្បាប់ ជាមួយក្រុមហ៊ុននេះ។ លិខិតនេះអះអាងបន្ថែមថា សកម្មភាពរំលោភបំពានសិទ្ធិពលករ ដូចដែលរបាយការណ៍នេះបានលើកឡើង គឺរដ្ឋាភិបាលកាតា មិនអាចអត់ឱនឲ្យបានទេ។

គួរកត់សំគាល់ថា ដើម្បីត្រៀមទទួលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ កាតាត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡា សំណង់ផ្លូវថ្នល់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រុមហ៊ុនសំណង់ បានប្រើកម្លាំងពលកម្មរបស់កម្មករជនបរទេស ដែលមានតម្លៃថោក។ ក៏ប៉ុន្តែកាតាមានច្បាប់ការងារដ៏តឹងតែងបំផុត តួយ៉ាង ដូចជាការហាមឃាត់ មិនឲ្យបុគ្គលិកបរទេសប្តូរថៅកែ ឬនិយោជក និងហាមមិនឲ្យចាកចេញពីកាតាទេ ដរាបណាមិនទាន់ចប់ការងារ ហើយត្រូវតែមានទិដ្ឋាកាចាកចេញ ទើបអាចត្រលប់ទៅប្រទេសដើមវិញបាន។ យោងតាមអង្គការ Amnesty International គឺការហាមឃាត់ដ៏តឹងតែងនេះហើយ ដែលជាប្រភព ធ្វើឲ្យមានការជិះជាន់ កេងប្រវ័ញ្ចកម្លាំងពលកម្មលើពលករ។

កាលពីដើមខែកញ្ញានេះ អាជ្ញាធរកាតា បានប្រកាសថា នឹងលុបចោលនូវទិដ្ឋាកាចាកចេញពីកាតា។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងថា គោលការណ៍ថ្មីនេះ នឹងចូលជាធរមាននៅពេលណានោះទេ។ លោកស្រី May Romanos មន្ត្រី Amnesty International និងជាអ្នកធ្វើរបាយការណ៍នេះ បានលើកឡើងថា រដ្ឋាភិបាលកាតា បានផ្លាស់ប្តូរបន្ធូរបន្ថយខ្លះ តែយ៉ាងណា គឺវានៅយឺតណាស់ ខណៈពលករកម្មករ ព្រមទាំងក្រុមគ្រួសារពួកគេ កំពុងរងការលំបាក និងជាប់បំណុលយ៉ាងក្រាស់ក្រែល៕

website_news/2018280903.txt · Last modified: 2018/09/28 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki