website_news:2018281101

សម្ដេច ស ខេង ប្រាប់ទូតកាណាដាថា កម្ពុជាកំពុងតាក់តែង សេចក្ដីព្រាងច្បាប់ ដើម្បីគ្រប់គ្រង និងដោះស្រាយ បញ្ហាពពោះជំនួស

https://www.dap-news.com/ ByID:119 Posted on 27 November 2018 | 21:15

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាថា បច្ចុប្បន្នកម្ពុជាកំពុងតាក់តែងសេចក្ដីព្រាងច្បាប់ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាពពោះជំនួស បើទោះបីជាច្បាប់នោះមិនទាន់ចេញជារូបរាង ក៏ប៉ុន្ដែរាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់។

ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេច ស ខេង បានមានប្រសាសន៍ថា “បច្ចុប្បន្នកម្ពុជាកំពុងតាក់តែង សេចក្ដីព្រាងច្បាប់ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានេះ និងថាបើទោះបីជាច្បាប់នោះ មិនទាន់ចេញជារូបរាង រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះករណីដ៏ស្មុគស្មាញនេះ”។ ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យកម្ពុជា គ្មានការប្រែប្រួលនោះទេ ដោយសារកម្ពុជា កំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងមានការរៀបចំ ការបោះឆ្នោតជាទៀងទាត់។ ជាងនេះទៅទៀត រដ្ឋមន្ដ្រីបន្ថែមថា ប្រជាពលរដ្ឋខ្មែរ បានចូលរួមបោះឆ្នោតដ៏ច្រើន នាពេលកន្លងទៅនេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋ បានប្រើប្រាស់ សិទ្ធិរបស់ពួកគាត់ តាមច្បាប់កំណត់។

ចំណែកលោកស្រី Donica Pottie បានថ្លែងអំណរគុណ សម្ដេចក្រឡាហោម ចំពោះការផ្ដល់ព័ត៌មានអស់ទាំងនេះ និងបានជំរាបជូនសម្ដេច ក្រឡាហោម ស ខេង ពីការសម្រេចបន្តផ្ដល់មូលនិធិ ជូននក្រសួងមហាផ្ទៃឡើងវិញ សម្រាប់ការបណ្ដុះបណ្ដាល មន្រ្តីការពារព្រំដែន បន្ទាប់ពីបានសម្រេច ផ្អាកអស់មួយរយៈមកនោះ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដល់ព័ត៌មានមួយចំនួនទៅកាន់ លោកស្រី Donica Pottie ពាក់ព័ន្ធនឹងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយសមាគម និងអង្គការក្រៅរដ្ឋាភិបាល ពិសេសការបង្កើតក្រុមការងារ ពិគ្រោះយោបល់ និងការមិនតម្រូវឲ្យជូនដំណឹង មកអាជ្ញាធរមុនពេលធ្វើ សកម្មភាពជាដើម៕ ដោយ ៖ អេង ប៊ូឆេង

website_news/2018281101.txt · Last modified: 2018/11/28 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki