website_news:2018281202

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា វាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា ពិតជានឹងបានចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រព្រឹត្តបទល្មើសឆ្លងដែន

http://cambodiapolice.com/policekh/ 5:52 pm 27 ធ្នូ 2018

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា ពិតជានឹងបានចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រព្រឹត្តបទល្មើសឆ្លងដែន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពិសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា ក្រោមការឧបត្ថម្ភរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានមានប្រសាសន៍ថា ថ្វីត្បិតវគ្គបណ្តុះបណ្តាលរបស់យើងបានដំណើរការមានរយៈពេលតែពីរសប្តាហ៍ ប៉ុន្តែរយៈពេលនេះវាហាក់បីដូចជាខ្លីបន្តិច ក៏ប៉ុន្តែវាសមស្របសម្រាប់សិក្ខាកាមទាំងអស់ត្រងត្រាប់ចាប់យកធ្វើជាមូលដ្ឋាន ដើម្បីបង្កើននូវសមត្ថភាព មុខជំនាញ និងពង្រីកប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនតាមរយៈសមត្ថភាព និងភាពប៉ិនប្រសព្វប្រកបដោយបទពិសោធន៍ខាងទ្រឹស្តី និងការពន្យល់នូវមេរៀនរបស់គ្រូឯកទេស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសន៍ទៀតថា អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកលលោកទាំងមូលបានជួបនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសបណ្តាព្រឹត្តការណ៍អវិជ្ជាមានមួយចំនួនដែលបានកើតឡើងជាបន្តបន្ទាប់ បានឆ្លុះបញ្ចាំឲ្យឃើញអំពីភាពផុយស្រួយទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខនៃតំបន់មួយចំនួន។ ការរីករាលដាលនៃឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋមានការចាត់តាំង ការបង្កចលាចលក្នុងសង្គម នៅតែជាវិញ្ញាដ៏ស្មុគស្មាញដែលពិភពលោកបាននឹងកំពុងប្រឈមយ៉ាងចាក់ស្រេះ គ្មានប្រទេសណាមួយហ៊ាននិយាយថា អាចដោះស្រាយបានដោយខ្លួនឯង ហើយទាំងអស់នេះ គឺជាកាតព្វកិច្ចរបស់កងកម្លាំអនុវត្តច្បាប់ ដែលត្រូវប្រឹងប្រែងតស៊ូជម្នះឲ្យខានតែបាន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ស្ថានការណ៍ប្រកបដោយគ្រោះថ្នាក់ លេចធ្លោក្នុងដំណាក់កាលថ្មីនេះ គឺសកម្មភាពភេរវកម្ម បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធជាតិផ្ទុះ និងសកម្មភាពបង្កចលាចល ដែលបាននឹងកំពុងគំរាមកំហែងដល់សុវត្ថិភាព សន្តិសុខសង្គម ក៏ដូចជាជីវភាព និងអាយុជីវិតមនុស្សនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បញ្ជាក់ថា “ ដោយសាបញ្ហាទាំងអស់នេះ ទើបទាមទារឲ្យមន្រ្តីអនុវត្តច្បាប់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលឯកទេសវិជ្ជាជីវៈបន្ថែមជាបន្តបន្ទាប់ ដើម្បីធ្វើបច្ចុប្បន្នភាពសមត្ថភាព ដែលអាតឆ្លើយតបប្រកមដោយប្រសិទ្ធភាព ទៅនឹងការវិវត្តន៍ប្រែប្រួលនៃសភាពការណ៍ ក៏ដូចសកម្មភាពនៃបទឧក្រិដ្ឋ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង មានជំនឿជឿជាក់ថា ឆ្លងតាមការបណ្តុះបណ្តាលវគ្គនេះ សិក្ខាកាមទាំងអស់ពិតជាប្រមូលបានបទពិសោធន៍ ចំណេះដឹងសម្រាប់ជាមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបម្រើឲ្យបុព្វហេតុសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ហើយឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជូនគ្រូឯកទេសប្រកបដោយបទពិសោធន៍ខ្ពស់មកជួយបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ដើម្បីមានសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកនូវបទពិសោធន៍ និងចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ យកទៅចែករំលែកជូនសហការីរបស់ខ្លួន សំដៅពង្រីកនូវសមត្ថភាពប្រតិបត្តិការក្នុងបម្រើឲ្យភាពសុខសាន្តរបស់ពលរដ្ឋ និងប្រទេសជាតិ ៕

website_news/2018281202.txt · Last modified: 2018/12/28 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki