website_news:2018290102

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំឆ្លុះបញ្ចាំងទ្ធផលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០១៧ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៨

http://ann.com.kh/ ថ្ងៃសុក្រ, 26 ខែមករា 2018 4:03 ល្ងាច

ខេត្តសៀមរាប៖ នៅសាលប្រជុំនៃរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំឆ្លុះបញ្ចាំងទ្ធផលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៧ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការ។

លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៧ ព្រមទាំងបានលើកផងដែរ អំពីបញ្ហាប្រឈមដែលក្រុមការងារបានជួបក្នុងពេលកន្លងមក និងបានលើកនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការកោតសរសើរអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តអនុវត្តបាន ឆ្នាំ២០១៧ ដោយមានកិច្ចសហការបានល្អជាមួយគ្រប់បណ្តាជំនាញ ដើម្បីបង្ការបង្ក្រាប និងទប់ស្កាត់រាល់សកម្មភាពរបស់ជនល្មើស ដោយទទួលបានលទ្ធផលល្អ ក៏អាស្រ័យដោយបងប្អូនសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ អង្គការដៃគូរជាតិ អន្តរជាតិរួមសហការគ្នាបានល្អ។ ទន្ទឹមនោះដែរ យើងក៏រកឃើញនូវភាពប្រឈម និងឧបសគ្គមួយចំនួន ក្នុងការរាំងស្ទះដល់ការអនុវត្តការងារ ក៏អាស្រ័យ ដោយកត្តាអន្តោម័ត និងសត្យានុម័តមួយចំនួនផងដែរ។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ក្នុងការជំនះគ្រប់ឧបសគ្គ បង្កាទប់ស្កាត់នូវរាល់ល្បិចកលរបស់ជនល្មើស ជួញដូរមនុស្ស ដែលបង្កនូវភាពរងគ្រោះដល់ប្រជាពលរដ្ឋទាំងបុរស ស្ត្រី យុវវ័យគ្រប់រូប និងកុមារកម្ពុជា នៅគ្រប់ទីកន្លែង។ ការឆកល្វែងខ្លះ ដោយការយល់ឃើញ នូវបទពិសោធន៍ការងារ និងស្ថានភាពនៃក្រុមគោលដៅ និងបទល្មើសគ្រប់រូបភាព ដែលធ្វើឲ្យកិច្ចប្រតិបត្តិការ និងកិច្ចសហការគ្នា នៅខ្វះចន្លោះដែលធ្វើឲ្យបទល្មើសអាចកើតមានឡើង ហើយជនល្មើសមួយចំនួនអាចរួចខ្លួន ដែលធ្វើឲ្យជះឥទ្ធិពលដល់ជនរងគ្រោះ ក្នុងការជួយសង្គ្រោះជនរងគ្រោះមានការយឈតយ៉ាវមិនទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត សង្ឃឹមថា ក្នុងឆ្នាំ២០១៨នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្ត និងអនុវត្តបានដោយជោគជ័យ ដោយយើងរកឃើញ នូវចំណុចខ្វះខាត និងទទួលបានបទពិសោធន៍ល្អៗ ដើម្បីឲ្យទិសដៅសម្រាប់អនុវត្តបន្ត កាន់តែមានប្រសិទ្ធភាព៕

website_news/2018290102.txt · Last modified: 2018/01/29 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki