website_news:2018290110

កម្ពុជាមានបំណង ពង្រីកទីផ្សារការងារ ទៅកាន់ប្រទេសលីបង់

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ២៩ មករា ២០១៨ 11:10 ដោយ: នឿត មង្គល ID:014

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមករានេះ បានបង្ហាញពីបំណង ពង្រីកទីផ្សារការងារ ទៅកាន់ប្រទេសលីបង់ ដើម្បីបង្កើតការងារ ជូនប្រជាពលរដ្ឋកម្ពុជា ដោយសារលីបង់ មានការងារគ្រប់ផ្នែក ដូចប្រទេសដទៃដែរ ដូចជា ផ្នែកឧស្សាហកម្ម ផ្នែកសេវាកម្ម និងផ្នែកជំនួយការមេផ្ទះជាដើម។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុងឱកាស អនុញ្ញតឲ្យក្រុមការងារ ទំនាក់ទំនងរបស់សាធារណរដ្ឋលីបង់ ចូលជួបពិភាក្សាការងារ ដើម្បីសុំយោបល់ពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង“ នេះជាឱកាសមួយដ៏ល្អ បើសិនជាយើង មានកិច្ចសហ ប្រតិបត្តិការនេះ ជាមួយសាធារណរដ្ឋលីបង់ ព្រោះថាលីបង់ជាប្រទេសមួយ មានការអភិវឌ្ឍន៍ ហើយទន្ទឹមនឹងនេះ យើង អាចពង្រីកទៅប្រទេសជិតខាងនៅក្បែរនោះ ដែលស្ថិតនៅជាប់អឺរ៉ុបថែមទៀត។ នេះជាការជំរុញការបង្កើត នូវឱកាសក៏ ដូចជា បើកទូលាយទីផ្សារការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជន ដែលមានចំណាប់អារម្មណ៍”។ លោករដ្ឋមន្ត្រីលើកឡើងបន្តថា ប្រទេសទាំងពីរ ត្រូវពិភាក្សាដើម្បីបន្ត ជំរុញឲ្យមានកិច្ចព្រមព្រៀងជាមុនសិន ព្រោះថា ដើម្បី បង្កើតបានឱកាសការងារ និងសុវត្ថិភាពនៃការងារ រួចហើយយើងត្រូវតែមាន ចុះកិច្ចព្រមព្រៀងជាមុនសិន។ លោកលើក ឡើងបន្ថែមថា កន្លងមកយើង មានកិច្ចព្រមព្រៀង ជាមួយកាតាអារ៉ាប់សាអូឌីត។ ប្រសិនបើកម្ពុជា បង្កើតទីផ្សារការងារ ជាមួយលីបង់បន្តទៀត ក៏ជាឱកាសដ៏ល្អ សម្រាប់ប្រជាពលរដ្ឋ ទៅធ្វើការនៅទីនោះដែរ។

លោក អ៊ិត សំហេង បញ្ជាក់ថា នេះជាការបើកឱកាស ការងារថ្មីមួយទៀត ដល់បងប្អូនពលករ ដែលអាចនឹងទទួលបាន ប្រាក់ ឈ្នួលខ្ពស់ និងមាន ឱកាសដើម្បី ចាប់យកមុខជំនាញថ្មីៗ ដែលប្រទេសទាំងនោះ ក៏មានការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលយើង នឹងអាចឲ្យកម្លាំងពលកម្មរបស់យើង អាចទៅសិក្សា និងចេះនូវជំនាញទាំងនោះ ហើយពេលត្រឡប់មកវិញ ពួកគេអាចក្លាយជាធនធានមនុស្ស សម្រាប់បម្រើឲ្យសំណូមពរ នៃទីផ្សារការងារ ឬមួយបង្កើតមុខរបរការងារថ្មី នៅក្នុង ប្រទេសជំរុញការអភិវឌ្ឍន៍ ដើម្បីឈានទៅគោលដៅកម្ពុជា ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នេះ ជាយុទ្ធសាស្រ្តមួយ ក្នុងការដោះស្រាយ ទៅលើបញ្ហាមុខរបរនិងការងារ ជូនដល់ប្រជាពលរដ្ឋផងដែរ៕

website_news/2018290110.txt · Last modified: 2018/01/30 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki