website_news:2018290111

ប្តី ប្រពន្ធម៉ាឡេស៊ីធ្វើឲ្យពលករខ្មែរស្លាប់ត្រូវបានសម្រាលទោស

http://www.postkhmer.com/ Leonie Kijewski | Publication date 29 January 2018 | 10:34 ICT

ភ្នំពេញៈ ប្តីប្រពន្ធជនជាតិម៉ាឡេស៊ីដែលត្រូវបានកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងករណីសម្លាប់ស្ត្រីបម្រើការងារតាមផ្ទះជនជាតិកម្ពុជា តាមរយៈការបង្អត់បាយត្រូវបានកាត់បន្ថយទោសមកនៅត្រឹម ១០ ឆ្នាំវិញកាលពីសប្តាហ៍មុន។ នេះបើតាមអង្គការក្នុងស្រុក។

អ្នកស្រី Chin Chui Ling និងប្តីរបស់គាត់ Soh Chew Tong កាលពីឆ្នាំ ២០១៣ ត្រូវបានកាត់ទោសពីបទមនុស្សឃាត ប៉ុន្តែត្រូវបានកាត់ទោសប្រហារជីវិតពីបទឃាតកម្មគិតទុកជាមុនក្នុងឆ្នាំ ២០១៥។ កាលពីថ្ងៃ ២៥ ខែមករាតុលាការសហព័ន្ធម៉ាឡេស៊ីបានកាត់ទោសពួកគេពីបទមនុស្សឃាតវិញ។ នារីខ្មែរឈ្មោះ មី ស៊ីចាន់ បានទៅម៉ាឡេស៊ីក្នុងឆ្នាំ ២០១១ ក្នុងវ័យប្រមាណជាង ២០ ឆ្នាំហើយបានស្លាប់នៅក្នុងទម្ងន់ខ្លួន ២៦,១ គីឡូក្រាម និងមានស្លាកស្នាមរំលោភបំពានលើរាងកាយក្នុងឆ្នាំ ២០១២។

លោកស្រី Glorene Das នាយិកាប្រតិបត្តិនៃអង្គការ Tenaganita ដែលជាអង្គការសិទ្ធិមនុស្សម៉ាឡេស៊ីបានប្រាប់អ្នកយកព័ត៌មានថា ខណៈអង្គការរបស់លោកស្រីមិនគាំទ្រការកាត់ទោសប្រហារជីវិត ការកាត់ទោសនេះមិនអាចទទួលយកបានទេ។ «វាត្រូវការឲ្យមានការកាត់ទោសធ្ងន់ធ្ងរជាងនេះចំពោះការសម្លាប់ជីវិតគេ»។ លោកស្រីបន្តថាអនុស្សរណៈនៃការយោគយល់គ្នា មិនមែនជាការការពារគ្រប់គ្រាន់នោះទេដោយសារអនុស្សរណៈនេះមិនបានធ្វើឲ្យជនល្មើសមានការទទួលខុសត្រូវ។ ក្រៅពីកិច្ចព្រមព្រៀងទូលំទូលាយផ្សេងៗជាមួយប្រទេសដៃគូ លោកស្រីអំពាវនាវឲ្យមានច្បាប់ដោយឡែកសម្រាប់ស្ត្រីបម្រើការតាមផ្ទះ។

លោកស្រី Sally Alexander ដែលមកពីអង្គការ Tenaganita ដូចគ្នានោះថ្លែងថា លោកស្រីបានទៅស្ថានទូតកម្ពុជាកាល ២-៣ សប្តាហ៍មុនដែលមានតែបន្ទប់តូចមួយសម្រាប់ជាជម្រកបណ្តោះអាសន្នដល់ជនរងគ្រោះ ហើយបានស្នើសុំឲ្យមានការពង្រីកបន្ទប់នេះ៕ PS

website_news/2018290111.txt · Last modified: 2018/01/29 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki