website_news:2018290112

រដ្ឋមន្ត្រីក្រសួងការងារ អះអាងថា ការស្នើសុំពលករពីកម្ពុជា ទៅធ្វើការនៅបរទេសគឺជារឿងល្អ

http://bayontv.com.kh/ 29/01/2018

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការស្នើសុំ ក៏ដូចជាមានកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃផ្សេងទៀតពីការនាំយកពលករពីក្នុងស្រុកទៅធ្វើការនៅបរទេសគឺជារឿងល្អ ដែលជាជាឱកាសការងារថ្មីជាមួយ នឹងប្រាក់ឈ្នួលខ្ពស់ និងមានឱកាសដើម្បីឆាប់ចាប់យកមុខជំនាញថ្មីៗនៅពេលត្រឡប់មកប្រទេសវិញ។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារជាមួយ ក្រុមការងារទំនាក់ទំនងរបស់សាធារណរដ្ឋលីបង់ នៅព្រឹកថ្ងៃ២៩ មករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា នេះជាយុទ្ធសាស្ត្រមួយក្នុងការដោះស្រាយការងារ ទន្ទឹមនឹងការបង្កើតការងារនៅក្នុងប្រទេស។ ឯកឧត្តម បន្តថា ជាមួយគ្នានេះ ការបើកឱកាសការងារថ្មីជូនដល់បងប្អូនពលករខ្មែរ ក្រោយត្រឡប់មកវិញបងប្អូនពលករ អាចក្លាយជាធនធានមនុស្សសម្រាប់បម្រើឲ្យសំណូមពរនៃទីផ្សារ ការងារ ឬមួយបង្កើតមុខរបរការងារថ្មី នៅក្នុងប្រទេសជំរុញការអភិវឌ្ឍន៍ ដើម្បីឈានទៅគោលដៅកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដែលនេះជាយុទ្ធសាស្ត្រមួយក្នុងការដោះ ស្រាយទៅលើបញ្ហាមុខរបរ និងការងារជូនដល់ប្រជាពលរដ្ឋ។

ទាក់ទងនឹងជំនួបរវាងកម្ពុជា និងលីបង់នាពេលនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថា នេះជាឱកាសមួយដ៏ល្អ បើសិនជាយើងមានកិច្ចសហប្រតិបត្តិការជាមួយលីបង់ ព្រោះថា លីបង់ជាប្រទេសមួយមានការអភិវឌ្ឍន៍ ហើយទន្ទឹមនឹងនេះ យើងអាចពង្រីកទៅប្រទេសជិតខាងនៅក្បែរនោះ ដែលស្ថិតនៅជាប់អឺរ៉ុបថែមទៀត។ នេះជាជំរុញការបង្កើតនូវឱកាស ក៏ដូចជាបើកទូលាយទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនដែលមានចំណាប់អារម្មណ៍។ ឯកឧត្តម អ៊ិត សំហេ ង បានបន្តថា កន្លងមកយើងមានកិច្ចព្រមព្រៀងជាមួយកាតា និងអារ៉ាប់សាអូឌីត ហើយប្រសិនបើកម្ពុជាបង្កើតបានឱកាសជាមួយលីបង់ថែមទៀត នោះក៏ជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋទៅធ្វើការនៅទីនោះផងដែរ។

សាធារណរដ្ឋលីបង់មកទល់បច្ចុប្បន្ន កំពុងទទួលពលករមកពីប្រទេសចំនួន៩ រួមមាន ៖ ម៉ាដាហ្គាសកា អេត្យូពី បង់ក្លាដេស នេប៉ាល់ហ្វីលីពីន សេរីលង្កា វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសឥណ្ឌា ដែលមានប្រភេទការងារដូចជា ការងារក្នុងសណ្ឋាគារ ការងារផ្ទះ អ្នកលក់ក្នុងហាងទំនិញ ភោជនីយដ្ឋានហាងសាឡនសំអាង និងហាងកាត់សក់ជាដើម៕

website_news/2018290112.txt · Last modified: 2018/01/29 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki