website_news:2018290303

តំណាងរដ្ឋាភិបាលបានជួយសង្គ្រោះស្ត្រីខ្មែរ ៥ នាក់ដែលមេខ្យល់នាំទៅការនៅចិន

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 29 March 2018 | 10:27 ICT

ភ្នំពេញៈ អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃ ប្រទេសចិនបានសហការជាមួយអាជ្ញាធរក្រុងសៀងហៃ អន្តរាគមន៍ជួយដល់ស្ត្រីខ្មែរ ៥ នាក់ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិន ដើម្បីឲ្យបានត្រឡប់មកស្រុកកំណើតនៅកម្ពុជាវិញ។ នេះបើយោងតាមលិខិតជូនដំណឹងមួយដែលចេញដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃពុធ។

ក្នុងលិខិតនោះមិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះទាំងនោះទេ ប៉ុន្តែបាននិយាយថាពួកគេមួយចំនួនមកពីខេត្តកំពង់ចាម ត្បូងឃ្មុំ និង ខេត្តកណ្តាល។ នៅពេលនេះស្ថានអគ្គកុងស៊ុលបានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ សម្ភារប្រើប្រាស់ និងរៀបចំឯកសារធ្វើដំណើរស្របច្បាប់សម្រាប់ពួកគេដើម្បីត្រឡប់មកកម្ពុជាវិញនៅដើមខែមេសាខាងមុខនេះ។

នៅក្នុងបទសម្ភាសដាច់ដោយឡែកមួយជាមួយភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញលោក ជុំ សុន្ទរី បានថ្លែងថា ការមិនបង្ហាញអត្តសញ្ញាណស្ត្រីរងគ្រោះទាំងនោះ គឺដើម្បីការពារដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ពួកនាងពីការប្រមាថ និងការនិយាយនិន្ទាពីក្រុមអ្នកភូមិរបស់ពួកនាង។ លោកនិយាយថា៖ «ពួកនាងត្រូវបានក្រុមមេខ្យល់នាំយកទៅការប្ដី និងរស់នៅដោយខុសច្បាប់ក្នុងប្រទេសចិន។ ស្ត្រី ២ នាក់ក្នុងចំណោមនោះត្រូវបានគេនាំទៅរៀបការជាមួយបុរសជនជាតិចិនតាំងពីអំឡុងចុងឆ្នាំ ២០១៣ និង ៣ នាក់ទៀត គឺទើបត្រូវបានគេនាំទៅនៅចុងឆ្នាំ ២០១៧ នេះ។ ពួកនាងនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០១៨ នេះ»។

លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅក្នុងខែមីនាឆ្នាំ ២០១៨ នេះពលករអន្តោប្រវេសន៍ខុសច្បាប់កម្ពុជា ១៦ នាក់ហើយរួមទាំងករណីស្ត្រីរងគ្រោះទាំង ៥ នាក់ខាងលើនេះត្រូវបានស្ថានកុងស៊ុលកម្ពុជាជួយអន្តរាគមន៍ឲ្យវិលត្រឡប់មកកម្ពុជាវិញក្នុងនោះពលករកម្ពុជា ១០ នាក់ [ប្រុស ៧ នាក់ និងស្រី ៣ នាក់] ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងប្រទេសម៉ាឡេស៊ីជួយអន្តរាគមន៍ឲ្យបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញកាលថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០១៨។ ខណៈពលការិនីម្នាក់អាយុ ២៨ ឆ្នាំជាជនជាតិភាគតិចចាមដែលបម្រើការងារជាស្ត្រីមេផ្ទះនៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានជួយមកស្រុកវិញក្នុងខែមីនានេះដែរព្រោះគ្រួសារនាងមានទុក្ខធុរៈ ហើយចង់មកផ្ទះវិញ៕

website_news/2018290303.txt · Last modified: 2018/03/29 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki