website_news:2018291102

បញ្ជូនខ្លួនជនសង្ស័យជនជាតិអង់គ្លេសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តអំពើទិញពេស្យាចាកុមារ

http://cambodiapolice.com/policekh/ 4:22 pm 28 វិច្ឆិកា 2018

ភ្នំពេញ ៖ នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិអង់គ្លេសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើទិញពេស្យាចារកុមារអាយុក្រោម ១៥ឆ្នាំ ។

លោកវរសេនីយ៍ឯក លៅ លីន នាយការិយាល័យការពារអនីតិជនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ដីឡូតិ៍លេខ១៩ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ លោកវរសេនីយ៍ឯក លៅ លីន បញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ជនសង្ស័យបាននាំក្មេងប្រុសចំនួន ៤នាក់ ចូលទៅផ្ទះជួលរបស់ខ្លួន ។ ដោយមានការសង្ស័យសមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញារង គុជ គឹមឡុង ដើម្បីស្នើសុំត្រួតពិនិត្យផ្ទះជួលខាងលើ ។ ក្នុងការត្រួតពិនិត្យ និងដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចបានរកឃើញថា នៅក្នុងផ្ទះជនសង្ស័យ មានជនសង្ស័យ និងកុមារចំនួន ៤នាក់ ហើយសមត្ថកិច្ចក៏បានអនុវត្តន៍តាមនីតិវិធី និងបាននាំជនសង្ស័យ និងគ្រឿងអេឡិចត្រូនិចមួយចំនួន ព្រមទាំងកុមារ ៤នាក់ មកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ឯកនាយការិយាល័យការពារអនីតិជន បានបញ្ជាក់ទៀតថា តាមការឆ្លើយបំភ្លឺរបស់កុមាររងគ្រោះ និងតាមការបំភ្លឺដើមបណ្តឹង (ម្តាយកុមាររងគ្រោះ) ព្រមទាំងការបំភ្លឺរបស់សាក្សី ជនសង្ស័យបានប្រើប្រាស់មធ្យោបាយជាច្រើនដើម្បីទាក់ទាញកុមាររងគ្រោះដូចជា៖ អោយប្រាក់កាស, ទិញទូរស័ព្ទអោយ, ទិញចំណីអាហារឲ្យញ៉ាំ, នាំដើរលេង, ទិញសម្លៀកបំពាក់អោយ, ទិញសម្ភារៈសិក្សាអោយ, ទិញកង់អោយ ជាដើម ។ លោកវរសេនីយ៍ឯកនាយការិយាល័យការពារអនីតិជន បន្តថា ដោយយោងតាមការឆ្លើយបំភ្លឺរបស់កុមាររងគ្រោះ និងតាមការបំភ្លឺដើមបណ្តឹង (ម្តាយកុមាររងគ្រោះ) ព្រមទាំងការបំភ្លឺរបស់សាក្សី សមត្ថិកច្ចសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើរួមភេទ និងរំលោភបំពានផ្លូវភេទលើកុមារ ដោយប្រើប្រាស់សម្ភារៈ ប្រាក់កាស ជាការអូសទាញ និងសម្រេចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

website_news/2018291102.txt · Last modified: 2018/11/29 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki