website_news:2018291103

កំពូលតម្កល់ទោស ៩ ឆ្នាំដល់បុរសតួកគីរឿងទិញពេស្យាចារកុមារ

https://www.postkhmer.com/ គឹម សារុំ | Publication date 29 November 2018 | 10:10 ICT

ពេញៈ បុរសជនជាតិតួកគីម្នាក់ ត្រូវបានតុលាការកំពូលប្រកាសសាលដីកាតម្កល់ទោសជាប់គុក ៩ ឆ្នាំដដែល បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំនេះក្នុងសំណុំរឿងទិញពេស្យាចារកុមារអាយុក្រោម ១៨ ឆ្នាំប្រព្រឹត្តកាលពីឆ្នាំ ២០១៤ នៅរាជធានីភ្នំពេញ។

លោកស្រី ចៅក្រម គិម សត្ថាវី បានអានសាលដីកានៅចំពោះមុខជនជាប់ចោទថា៖ «សំណុំរឿងដែលមានជនជាប់ចោទឈ្មោះ Aydin Goktepe អាយុ ៥១ ឆ្នាំពាក់ព័ន្ធនឹងរឿងទិញពេស្យាចារកុមារនេះ ក្រោយពីជំនុំជម្រះ និងតាមរយៈអង្គហេតុតុលាការកំពូលយល់ឃើញថា ជនជាប់ចោទប្រាកដជាបានប្រព្រឹត្តពិតមែន។ ដូច្នេះតុលាការសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល»។

គួរបញ្ជាក់ថាកាលពីថ្ងៃជំនុំជម្រះបុរសជាប់ចោទរូបនេះបានបដិសេធនៅមុខចៅក្រមថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទទេ ប៉ុន្តែថាខ្លួនបានចាញ់បោកនារីរកស៊ីផ្លូវភេទនៅវត្តភ្នំ ខណៈខ្លួនពឹងឲ្យរកនារីម្នាក់ដើម្បីរៀបការអំឡុងឆ្នាំ ២០១៤។ ជនជាប់ចោទដែលធ្លាប់ជាកាពីតែននាវាផងនោះបានរៀបរាប់ប្រាប់ចៅក្រមតុលាការកំពូលថា គាត់បានចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ ហើយវីហ្សាស្នាក់កម្ពុជាកំណត់រយៈពេលតែ ១ ខែទេ។ ក្នុងអំឡុងពេលនោះគាត់មានបំណងរកស្ត្រីខ្មែរម្នាក់ធ្វើជាប្រពន្ធ ហើយពេលគាត់ទៅរមណីយដ្ឋានវត្តភ្នំក៏បានជួបស្ត្រីរកស៊ីផ្លូវភេទម្នាក់ឈ្មោះ ឌឿន ស្រីណែត ហើយនារីនោះណែនាំឲ្យស្គាល់ស្ត្រីម្នាក់ឈ្មោះ ឈឿន ស្រីណែត ដែលរកស៊ីផ្លូវភេទដូចគ្នា។ លោក Aydin Goktepe បន្តថាពេលស្គាល់ស្ត្រីឈ្មោះ ឈឿន ស្រីណែត ក៏ត្រូវស្ត្រីរូបនោះប្រាប់ថា នាងមានប្អូនស្រីម្នាក់អាយុ ១៨ ឆ្នាំ ហើយបានណែនាំឲ្យស្គាល់គ្នា និងណាត់គ្នាទៅជួបក្នុងហាងមួយនៅម្តុំផ្សារសូរិយា។ លោកបន្តថាក្រោយមកទៀតស្ត្រី ឈ្មោះ ឌឿន ស្រីណែត និង ឈឿន ស្រីណែត រួមទាំងប្អូនស្រីរបស់ ឈឿន ស្រីណែត បានជិះរ៉ឺម៉កកង់ ៣ ទៅចាំជួបគាត់នៅមុខផ្ទះសំណាក់ឈ្មោះ ស្រី ពេជ្រ ក្នុងសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ។ ប៉ុន្តែពេលនោះគាត់បានឃើញប្អូនស្រីរបស់ ឈឿន ស្រីណែត ក្មេងពេកគាត់ក៏ប្រកែកថា មិនយកធ្វើជាប្រពន្ធ ព្រោះនាងមានអាយុទើប ១៤ ឆ្នាំហើយគាត់បានឲ្យលុយទៅអ្នករត់ម៉ូតូកង់ ៣ ដឹកត្រឡប់ទៅវិញ។

កាលពីជំនុំជម្រះនៅតុលាការកំពូលនោះជនជាប់ចោទថា លោកមានកំហុស និងចាញ់បោកស្ត្រីរកស៊ីផ្លូវភេទ ដោយសារពួកគេប្រាប់ថារកនារីម្នាក់ដើម្បីរៀបការតែបែរជាយកនារីនៅក្មេងទៅវិញ ប៉ុន្តែលោកថាមិនបានរួមភេទជាមួយក្មេងស្រីនោះទេ។ លោកសូមឲ្យតុលាការដោះលែងលោក ព្រោះជាប់គុកបានជិត ៥ ឆ្នាំហើយ។

ប៉ុន្តែតាមកំណត់ហេតុនគរបាល និងចម្លើយរបស់ស្ត្រីឈ្មោះ ឈឿន ស្រីណែត បញ្ជាក់ថាក្នុងអំឡុងខែមេសា ឆ្នាំ ២០១៤ ខ្លួននិងឈ្មោះ ឌឿន ស្រីណែត រួមទាំងប្អូនស្រីបានទៅជួបជនជាប់ចោទនៅផ្ទះសំណាក់មួយឈ្មោះ ស្រី ពេជ្រ ហើយបានជួលបន្ទប់ ២ ដែលបន្ទប់ ១ សម្រាប់ពួកនាងរង់ចាំ និងបន្ទប់ ១ ទៀតទុកសម្រាប់ឲ្យលោក Goktepe និង ក្មេងស្រីរងគ្រោះឈ្មោះ យ. ស.ធ. ដេកដើម្បីរួមភេទ។ ឈឿន ស្រីណែត បន្តថាជនជាប់ចោទបានរួមភេទជាមួយប្អូនស្រីរបស់ខ្លួនម្តងឲ្យលុយ ៣០០ ដុល្លារ ហើយលុយនោះប្អូនស្រីនាងបានយកទៅឲ្យម្តាយនាងឈ្មោះ សាន់ នឿន ទៀតផង។ ប៉ុន្តែក្រោយមកក្រុមគ្រួសារក្មេងរងគ្រោះបានប្តឹងទៅអង្គការធ្វើការផ្នែកគាំពារកុមារ ហើយប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនជនជាប់ចោទតែម្តង។

សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ ឱ្យជនជាប់ចោទជាប់គុក ៩ ឆ្នាំដោយចោទពីបទទិញពេស្យាចារកុមារតាមមាត្រា ៣៤ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ និងបង្គាប់ឲ្យសងជំងឺចិត្ត ៦ លានរៀលទៅក្មេងស្រីរងគ្រោះ៕

website_news/2018291103.txt · Last modified: 2018/11/29 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki