website_news:2018300101

កម្ពុជា រៀបចំធ្វើកិច្ចព្រមព្រៀង ដើម្បីបញ្ជូនពលករទៅធ្វើការនៅ ប្រទេសលីបង់

http://www.postkhmer.com/ យន់ ស៊ីនាត | Publication date 29 January 2018 | 18:15 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានទទួលជួបជាមួយប្រតិភូនៃសាធារណរដ្ឋលីបង់ ដឹកនាំដោយលោក Rafic Yazbeck នៅព្រឹកថ្ងៃទី ២៩ ខែមករានេះ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររបស់ប្រទេសទាំងពីរ។

ក្រោយកិច្ចប្រជុំលោក អ៊ិត សំហេង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការជួបគ្នានេះគឺបន្តពិភាក្សាចំពោះការពិភាក្សាកន្លងទៅដែលនៅសេសសល់អំពីការផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នារវាងប្រទេសលីបង់និងកម្ពុជា លើវិស័យការងារនិងបណ្តុះបណ្តាលនិងវិជ្ជាជីវៈជាពិសេសលើវិស័យពលកម្ម។ លោកថ្លែងថា ៖ «យើងគិតថាជាការល្អ ដែលគួរជំរុញឲ្យមានកិច្ចព្រមព្រៀង MoU និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារនិងពលកម្មជាបឋមមុននឹងយើងធ្វើអ្វីបានតទៅមុខទៀត»។ លោកបន្តថា កន្លងមកក៏មានក្រុមការងារប្រតិភូបច្ចេកទេសធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសលីបង់ដែរ ដែលលោករដ្ឋមន្ត្រី យល់ថា ជា«ឱកាស» សម្រាប់ពលរដ្ឋកម្ពុជា ដែលចង់ធ្វើការនៅទីនោះ ដោយអះអាងថា លីបង់ ជា«ប្រទេសមួយដែលមានការអភិវឌ្ឍច្រើន»។ លោកបញ្ជាក់ថា ការងារនៅទីនោះមានគ្រប់ផ្នែក គឺមានផ្នែក ឧស្សាហកម្ម សេវាកម្មនិងការងារតាមផ្ទះ។ កន្លងមករដ្ឋាភិបាល ធ្លាប់បានចុះហត្ថលេខា(MoU) ជាមួយប្រទេសកាតា និងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសមានបញ្ហារំលោភបំពានលើលក្ខខណ្ឌការងារពលករ ។

ទោះយ៉ាងណាលោករដ្ឋមន្ត្រី ក៏បានពន្យល់ពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយរកការងារឲ្យពលរដ្ឋធ្វើនៅក្នុងប្រទេសនេះផងដែរ ដោយបញ្ជាក់អត្រាអ្នកមានការងារធ្វើ នៅដើមឆ្នាំ២០១៨នេះ មានរហូតដល់២០ភាគរយ៕

website_news/2018300101.txt · Last modified: 2018/01/30 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki