website_news:2018300102

បញ្ជូនបរទេស ១០នាក់ ទៅពន្ធនាគារករណីផលិតរូបអាសអាភាស នៅសៀមរាប

http://www.postkhmer.com/ នៀម ឆេង | Publication date 29 January 2018 | 17:00 ICT

សៀមរាបៈ ភ្ញៀវទេសចរបរទេសចំនួន ១០ នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តសៀមរាប ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ដោយត្រូវចោទប្រកាន់ពីបទ «ផលិតរូបភាពអាសអាភាស» ក្រោយមានការបង្ក្រាប ទីតាំងរាំបែបអាសអាភាស នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពួកគេអាចប្រឈមនឹងការជាប់ទោសពី ១ខែ ដល់ ១ឆ្នាំ បើសិនគេរកឃើញកំហុស។

បរទេសទាំង ១០ នាក់នេះ ត្រូវបាន ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែមករា និងត្រូវបានតុលាការខេត្តសៀមរាប ធ្វើការចោទប្រកាន់ នៅថ្ងៃអាទិត្យ ទី២៨ ខែមករានេះ ពីបទចោទខាងលើនេះ រួចក៏បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត។ នេះបើតាមលោក យិន ស្រាង អ្នកនាំពាក្យតុលាការខេត្តសៀមរាប ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃនេះ។

តាមរបាយការណ៍នគរបាល ឲ្យដឹងថា ពួកគេ ត្រូវបានឃាត់ខ្លួន ទាក់ទិននឹងការរៀបចំកម្មវិធីរាំច្រៀងបែបអាសអាភាសក្នុងខេត្តសៀមរាប ខណៈភ្ញៀវទេសចរ ៧៧ នាក់ផ្សេងទៀតត្រូវបានហៅមកអប់រំរួចដោះលែងវិញ។ គេហទំព័រអគ្គស្នងការនគរបាលជាតិ ក៏បានចុះផ្សាយថាកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាបករណីរូបភាព និងសម្ភារអាសអាភាសមួយកន្លែងនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត។ ជនដែលត្រូវឃាត់ខ្លួនទាំងនោះមកពីប្រទេសអង់គ្លេស កាណាដា និងនូវែលសេឡង់។

របាយការណ៍សមត្ថកិច្ច ក៏បានបង្ហាញថា ទីតាំងខាងលើស្ថិតក្នុងផ្ទះវីឡាឈ្មោះថា Let’s Get Wet។ អ្នកដែលចូលរួមសប្បាយនៅទីនេះត្រូវបង់ថ្លៃពី ១០ ទៅ ១៥ ដុល្លារ។ នៅក្នុងរូបភាពដែលគេថតបាន គេឃើញជនបរទេសដេកពពាក់ពពូន ពោបលើគ្នាជាដើម ប៉ុន្តែសមត្ថកិច្ច ក៏មិនបញ្ជាក់ថារូបនោះត្រូវបានថតពីពេលណានោះទេ៕

website_news/2018300102.txt · Last modified: 2018/01/30 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki