website_news:2018300301

កម្ពុជា-ថៃ បង្កើនប្រតិបត្តិការ ទប់ស្កាត់ការជួញដូរមនុស្ស និងពលករឆ្លងដែនខុសច្បាប់

https://www.dap-news.com/kh/ ព្រហស្បតិ៍, ២៩ មិនា ២០១៨ 16:43 ដោយ: អេង ប៊ូឆេង ID:114

ភ្នំពេញ ៖មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ស្តីអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន ដើម្បីទប់ស្កាត់នូវរាល់សកម្មភាព ជនល្មើសជួញដូរមនុស្ស ឬនាំពលករឆ្លងដែនដោយខុសច្បាប់ ។ ក្នុងជំនួបរវាងលោក AKARAPOL PUNYOPASHTAMBHA នាយកមជ្ឈមណ្ឌល ស្រាវជ្រាវស៊ើបអង្កេត ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនថៃ (DSI) និងឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកម្ពុជា នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ស្តីអំពីការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីទប់ស្កាត់រាល់សកម្មភាព ជនល្មើសជួញដូរមនុស្ស ឬនាំពលករឆ្លងដែនដោយខុសច្បាប់។

លោក ប៉ុល ភិធេយ្យ បានថ្លែងថា កន្លងមក កម្ពុជា-ថៃ បានសហការជាច្រើន ដើម្បីទប់ស្កាត់ជនល្មើស នាំពលករចេញដោយខុសច្បាប់ ជាពិសេសជនល្មើសដែលជាមេខ្យល់ ទាំងនៅកម្ពុជា និងថៃ ។ សកម្មភាពជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារនៅកម្ពុជា នៅតែជាបញ្ហាត្រូវយកចិត្តទុកដាក់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ដូចជា បញ្ហាពេស្យាចារ ជួញដូរព្រហ្មចារី អាជីវកម្មផ្លូវភេទ ការពរពោះជំនួស និងជួញដូរសរីរាង្គ ហើយការចំណាកស្រុក ស្វែងរកការងារធ្វើ នៅក្រៅប្រទេសដោយខុសច្បាប់ នៅតែជាបញ្ហាប្រឈមដូចជា ទៅសុំទាន នេសាទសមុទ្រ បម្រើការងារតាមផ្ទះ និងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ។ លោកបញ្ជាក់ថា បុរសត្រូវបាននាំចេញ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ប៉ាគីស្ថាន សូម៉ាលី ជប៉ុន និងអារ៉ាប៊ីសាអូឌីតជាដើម ។ ប៉ុន្តែតាមរយៈការបង្ក្រាបរបស់សមត្ថកិច្ច សង្កេតឃើញការជួញ ដូរមនុស្សទៅកាន់ប្រទេសថ្មីមួយទៀត គឺប្រទេសជីបូទី ។ ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានអះអាងថា ព្រំដែនកម្ពុជា-ថៃ មានភាពស្មុគ្រស្មាញចម្ងាយវែង និងមានច្រករបៀងច្រើន ការគ្រប់គ្រងនៅមានភាពធូរលុង ហើយទំនាក់ទំនងផ្តល់ព័ត៌មានឲ្យគ្នា រវាងសមត្ថកិច្ចទាំងពីរមិនទាន់គ្រប់គ្រាន់ ដូច្នេះទាមទារឲ្យបង្កើនសហប្រតិបត្តិការ ទាំងការទប់ស្កាត់បទល្មើស ជាពិសេសការផ្លាស់ប្តូរព័ត៌មាន ឲ្យបានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ លោក AKARAPOL PUNYOPASHTAMBHA មានប្រសាសន៍ថា តួនាទី និងការទទួលខុសត្រូវ គឺការស៊ើបអង្កេត ការជួយសង្គ្រោះ ជនរងគ្រោះ និងបង្កើតប្រព័ន្ធទិន្នន័យសិក្សាស្វែងយល់ ស្រាវជ្រាវ និងទំនាក់ទំនងជាមួយប្រទេស ជាប់ទាក់ទងជាមួយរឿងក្តី និងប្រទេសជាសមាជិក ។ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ជាមួយអង្គការ NGO និងជាមួយមន្ត្រី ដែលជាគ្រូបង្គោលផងដែរ ។ លោកបន្តថា ពលករចំណាកស្រុក ដែលចូលមកធ្វើការនៅថៃភាគច្រើន ដោយខុសច្បាប់ ហើយជនរងគ្រោះរងការជួញដូរមនុស្ស ភាគច្រើនទទួលបានប្រាក់ចំណូលតិច ហើយមិនទទួលប្រាក់ចំណូលច្រើននោះទេ ទើបពួកគេងាយទទួលរងគ្រោះ ដោយការជួញដូរមនុស្ស ។ លោកបញ្ជាក់ថា ការងារធ្វើកន្លងមក គឺជួយសង្គ្រោះកម្មករ ត្រូវបានគេបង្ខំឲ្យធ្វើការកេងប្រវ័ញ្ចផ្លូវភេទ ជួយសង្គ្រោះជនរងគ្រោះ និងជួយញែកសញ្ជាតិ ជនរងគ្រោះ ដើម្បីឲ្យដឹងថា ជនរងគ្រោះមានសញ្ជាតិណាខ្លះ ។ នេះបើយោងតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋានគរបាលជាតិ ៕

website_news/2018300301.txt · Last modified: 2018/03/30 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki