website_news:2018300306

លីកាដូ៖ កុមារបញ្ជូនចេញពីកម្ពុជាលួចលាក់ ជាអំពើពុករលួយ ក្នុងប្រព័ន្ធស្មុំកូនអន្តរប្រទេស

https://www.dap-news.com/kh/ ថ្ងៃសុក្រ, ៣០ មិនា ២០១៨ 10:43 ដោយ: ធី លីថូ ID:114

ភ្នំពេញ៖អង្គការលីកាដូ បានលើកឡើងថា កុមារដែលត្រូវបាន បញ្ជូនចេញពីប្រទេសកម្ពុជា ដោយលួចលាក់ជាការក្លែងបន្លំ និងជាអំពើដែលត្រូវបានអះអាងថា ជាអំពើពុករលួយ ក្នុងប្រព័ន្ធស្មុំកូនអន្តរប្រទេស។ របាយការណ៍របស់លីកាដូ ដែលត្រូវបង្ហាញក្នុងគេហទំព័ររបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា មានស្រ្តីមួយចំនួន ជាអាណាព្យាបាលរបស់ក្មេង ដែលត្រូវបានគេស្មុំយកទៅចិញ្ចឹម នៅក្រៅប្រទេស បានទាក់ទងមក លីកាដូ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ ស្វែងរកកូនរបស់ពួកគេ ដែលត្រូវបានគ្រួសារជាជនបរទេស សុំយកទៅចិញ្ចឹមនៅក្រៅប្រទេស កាលពីទសវត្សរ៍ឆ្នាំ២០០០ ស្រ្តីទាំងនោះ មានស្ថានភាព រស់នៅក្រីក្រខ្លាំង ហើយបានយកកូនរបស់ពួកគេ ដែលមានអាយុ ចន្លោះពី៣ឆ្នាំ ទៅ ៩ឆ្នាំ មកផ្ញើនៅមណ្ឌលកុមារកំព្រា។ លីកាដូបន្ថែមទៀតថា ក្នុងនោះនៅមានករណីមួយចំនួន ដែលធ្វើឲ្យស្រ្តីទាំងនោះ សម្រេចចិត្តធ្វើបែបនេះ ព្រោះតែចង់ឲ្យកូន បានទៅសាលារៀន ហើយស្ថានភាពកុមារកំពុងតែមានជំងឺ និងត្រូវការការព្យាបាលបានទៀងទាត់ ដែលស្រ្តីជាម្ដាយមិនអាចធ្វើ ទៅបាន ដោយសារពួកគេប្រកបការងារ ជាកម្មការិនីរោងចក្រកាត់ដេរ។ ក្នុងករណីទាំងអស់នេះហើយទើប ស្រ្តីជាម្ដាយនៅតែបន្ត ទៅសួរសុខទុក្ខកូន របស់ពួកគាត់យ៉ាងទៀង ទាត់អំឡុងពេលដែលកុមារទាំងនោះ នៅមណ្ឌលកុមារកំព្រានៅឡើយ។

របាយការណ៍បង្ហាញទៀតថា នៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ២០០៩ កុមារកម្ពុជារាប់ពាន់នាក់ត្រូវបានគ្រួសារជាជនបរទេសសុំយកទៅចិញ្ចឹមនៅក្រៅប្រទេស។ អំឡុងពេលនោះមានការលើកឡើងថា កុមារកម្ពុជាជាច្រើនមិនមែនជាកុមារកំព្រាទេ ប៉ុន្តែពួកគេត្រូវបានឪពុក-ម្ដាយយកមកផ្ញើនៅមណ្ឌលកុមារកំព្រា ដើម្បីឲ្យជួយចិញ្ចឹម ដោយសារភាពក្រីក្រខ្លាំង។ ឪពុក-ម្ដាយទាំងនោះបានយកពួកគេមកផ្ញើនៅមណ្ឌលកុមារកំព្រា ដោយសារយល់ឃើញថា ពួកគេអាចនឹងត្រឡប់ទៅផ្ទះវិញនៅថ្ងៃក្រោយ។ ឪពុក-ម្ដាយរបស់ពួកគេមិនបានព្រមព្រៀងក្នុងដំណើរការស្មុំកូនទេ។ ប៉ុន្តែនាយកមណ្ឌលកុមារកំព្រាទៅវិញទេ ដែលបានឃុបឃិតគ្នា ជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីធ្វើឯកសារមិនពិត ដោយអះអាងថា កុមារទាំងនោះជាកុមារកំព្រា ឬត្រូវបានឪពុក-ម្ដាយ បោះបង់ចោល។

នៅពេលមានភ័ស្ដុតាងជាច្រើនបញ្ជាក់លើករណីនេះកាន់តែច្បាស់ ទើបប្រទេសជាច្រើនបានសម្រេចផ្អាកការស្មុំកូនពីកម្ពុជា ហើយនៅឆ្នាំ២០០៩ កម្ពុជាក៏បានសម្រេចផ្អាកដំណើរការ លើបញ្ហានេះផងដែរ។ ភាគច្រើន ឪពុក-ម្ដាយរបស់កុមារ ដែលត្រូវបានសុំយកទៅចិញ្ចឹម នៅក្រៅប្រទេស គឺមិនចេះអក្សរ និងមិនសូវយល់ដឹងពីសិទ្ធិ ឬមិនស្គាល់ស្ថាប័ន ដែលអាចជួយអន្តរាគមន៍បាន ហេតុដូច្នេះហើយទើបពួកគាត់ គ្មានលទ្ធភាព ក្នុងការស្វែងរកព័ត៌មានអំពីកូន។ របាយការណ៍នេះបន្តថា “សំណូមពរដោយទទូច ឲ្យអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលបរទេសពាក់ព័ន្ធ ធ្វើការសុំទោសដល់អ្នកគ្រប់គ្នា ដែលរងគ្រោះដោយដំណើរការស្មុំកូន បែបក្លែងបន្លំនេះ ពីអតីតកាល។ អ្នកទាំងនោះ គួរតែបង្កើតឲ្យមានប្រព័ន្ធស៊ើបអង្កេត និងការផ្ដល់សំណង ដល់ប្រជាពលរដ្ឋកម្ពុជា រងគ្រោះ និងបង្កើតយន្តការសម្រាប់កុមារ ដែលត្រូវបានសុំយកទៅចិញ្ចឹម នៅក្រៅប្រទេស ដើម្បីអាចស្រាវជ្រាវរកជីវប្រវត្តិកុមារ និងបង្កើតការទំនាក់ទំនង ជាមួយឪពុក-ម្ដាយបង្កើតរបស់ពួកគេ ប្រសិនបើពួកគេត្រូវការ”៕

website_news/2018300306.txt · Last modified: 2018/03/30 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki