website_news:2018300401

ស៊ែរចែកគ្នាមើល វែករកមុខឃើញហើយជនកំណាចចាប់ក្មេងវះក្រលៀនលក់

http://tvonlines.club/ By Admin On Apr 29, 2018

ភ្នំពេញ៖ រឿងក្ដីទិញ លក់ក្រលៀនឆ្លងដែន ដែលបានធ្វើអោយល្បីកក្រើកកាលពីចុងខែមេសា ឆ្នាំ២០១៨ កន្លងទៅ ខណៈជនជាប់ចោទ២នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារពីបទជួញដូរសរីរាង្គមនុស្សដោយខុសច្បាប់នោះ ឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនទី៣ម្នាក់ទៀតហើយ បញ្ជូនមកតុលាការដើម្បីសាកសួរ ។ មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញបានអោយដឹងថា ជនសង្ស័យទី៣ដែលត្រូវឃាត់ខ្លួននេះឈ្មោះ ជឿន ធី ហៅ ធីក្បាលធំ ភេទប្រុសអាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករ និងជាអ្នករត់ ការឯកសារបញ្ជូនមនុស្សឆ្លងដែនទៅប្រទេសឥណ្ឌា ដើម្បីវះកាត់ដូរសរីរាង្គ ( ដូរក្រលៀន ) ។ នៅក្នុងសំណុំរឿងទិញ-លក់ក្រលៀន ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី ២៧មេសា ឆ្នាំ២០១៨កន្លងទៅនោះ ឈ្មោះ ជឿន ធី គឺជាអ្នករត់ការឯកសារអោយជនរងគ្រោះ និងជាអ្នកនាំជនរងគ្រោះមកជួប ឡាច ម៉េងហុង និង អឿ ឡាត ។ ប៉ុន្តែក្រោយចាប់ខ្លួនជនសង្ស័យ២នាក់នេះ ឈ្មោះ ជឿន ធី បានរត់គេចខ្លួនបាត់រហូតមកដល់ថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី២៨មេសា ឆ្នាំ២០១៨នេះ ។ ឥឡូវនេះឈ្មោះ ជឿន ធី ត្រូវបានបញ្ជូនមកអោយលោក ខៀវ ផល្លា ព្រះរាជអាជ្ញារងកំពុងធ្វើការសាកសួរនាំព្រឹកថ្ងៃទី ២៧មេសានេះ ។

គួររំលឹកថាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨មេសា ២០១៨ នេះបានសម្រេចចេញដីការឃុំខ្លួន ជនសង្ស័យប្រុសស្រី២នាក់ពាក់ពន្ធករណីជួញដូរក្រលៀន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ (ដកហូតសរីរាង្គ) តាមមាត្រា១០ និងមាត្រា១៥ នៃច្បាប់ស្តីពីអំពើប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ។ ជនជាប់ចោទដែលតុលាការឃុំខ្លួនឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ( ជាមេខ្យល់) និងម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ជនសង្ស័យប្រុសស្រី ២នាក់ ម្នាក់ជាមេខ្យល់ និងម្នាក់ជាអ្នកគួកជេរ(រកមនុស្ស) ក្នុងករណីជួញដូរក្រលៀន កាលពីថ្ងៃទី២៨ មេសា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាមេខ្យល់) និងម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ ទាក់ទិន និង ការឃាត់ ខ្លួនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានលោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងកាពារអនិតិជន រាជធានីភ្នំពេញឲ្យដឹងថា កន្លងទៅការិយាល័យធ្លាប់បានទទួលព័ត៌មាន និងពាក្យបណ្តឹងជាញឹកញ៉ាប់ ពីករណីមានជនល្មើសមួយក្រុមរកស៊ីជួញដូរក្រលៀន ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរទៅវះដោះដូរនៅប្រទេសឥណ្ឌា ។

ក្រោយពីទទួលបានព័ត៌មាននោះសមត្តកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៨ មេសា ឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោងជា៧យប់ថ្ងៃដដែលចាប់បានបុរសម្នាក់ទៀតជាមេក្លោង នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ លោកវរៈសេនីយ៍ឯក កែវ ធា បន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេគឺជាមុខសញ្ញាជួញដូរក្រលៀនពិតប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាពជាង១ឆ្នាំហើយ និងធ្វើបានជាង១០នាក់ ដែលនាំមនុស្សយកទៅវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌា ដែលមានទីតាំងនៅទីក្រុងញូដាលី ។ តាមចម្លើយជនសង្ស័យបានប្រាប់សមត្តកិច្ចទៀតថា ជាមួយឆ្នាំនេះបុរសឈ្មោះ ឡាច ម៉េងហុង បានទាក់ទងធ្វើសកម្មភាពប្រើមនុស្សឲ្យដើររកអ្នកជម្ងឺដែលត្រូវការក្រលៀន ហើយក៏គេត្រូវការរកមនុស្ស ឬជនក្រីក្រត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាព(លក់ក្រលៀន) ។

ក្នុងនោះជនសង្ស័យបានប្រើល្បិចខ្ពស់ តាមរូបភាពពីរ១.ដំបូងត្រូវការពិនិត្យឈាមជនរងគ្រោះអ្នកលក់ក្រលៀន ឲ្យត្រូវគ្នាជាមួយអ្នកជម្ងឺត្រូវដោះដូរក្រលៀន ២.ត្រូវការកែឆ្នៃឯកសារជនរងគ្រោះ(អ្នកលក់ក្រលៀន)ធ្វើជាសាច់ញាតិអ្នកដែលត្រូវការ(ទិញក្រលៀន)ប៉ុន្តែជាអ្នកដ៏ទៃទេ ដើម្បីងាយស្រួលគេរៀបចំធ្វើឯកសារជាលក្ខណៈធ្វើមនុស្សធម៌ ក្នុងការនាំចេញទៅដោះដូរនៅប្រទេសឥណ្ឌានោះ ។ ចម្លើយបញ្ជាក់ថា ក្រលៀនមួយឈ្មោះ ឡាច ម៉េងហុង យកពីអ្នកជម្ងឺតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក តែក្នុងតម្លៃជាង៤ម៉ឺនដុល្លារនោះ គេបានយកទៅចំណាយលើការកែឆ្នៃឯកសារ ដើម្បីដាក់ចូលស្ថានទូតឥណ្ឌាសម្រាប់នាំមនុស្សចេញ និងថ្លៃយន្តហោះ ការហូបចុក និងការស្នាក់នៅ ។ ដូច្នោះខ្លួននៅសល់ប្រាក់ពីការចំណាយត្រឹម៥ ៨០០ ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ ។

ចំណែកចម្លើយស្ត្រីដែលជាជនសង្ស័យឈ្មោះ អើ ឡាត បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនទើបតែចូលរួមធ្វើសកម្មភាពជាមួយឈ្មោះ ឡាច ម៉េងហុង ២ដងទេ និងដើររកបានមនុស្ស២នាក់ប្រគល់ឲ្យ ម៉េងហុង នាំទៅវះកាត់ដោះដូរក្រលៀននៅប្រទេសឥណ្ឌានោះ ។ ជនសង្ស័យបន្តថា មនុស្ស២នាក់នោះ ត្រូវបានឈ្មោះ ម៉េងហុង ឲ្យសេវាម្នាក់៤០០ទៅ៥០០ដុល្លារអាមេរិក តែក៏បានកុម្មុយស្យុងពីអ្នកលក់ក្រលៀន និងអ្នកជម្ងឺត្រូវការទិញក្រលៀនខ្លះទៀតដែរ ។បានជាមានការរៀបចំ និងរកមនុស្ស(អ្នកលក់ និងអ្នកទិញក្រលៀន) ទៅធ្វើការវះកាត់ ដោះដូរនៅប្រទេសឥណ្ឌានោះ ព្រោះវេជ្ជបណ្ឌិតនៅទីនោះយកតម្លៃថោក ពោលគឺធ្វើការវះកាត់ដោះដូរក្រលៀនមនុស្សម្នាក់អស់តែ១៥.០០០ ទៅ១៧.០០០ដុល្លារអាមេរិក(ថ្លៃកាំបិត) មិនមែនថ្លៃក្រលៀនទេ ថ្លៃក្រលៀន៥.៨០០ដុល្លារផ្សេង ។ លោក កែវ ធា បន្តថា ជនសង្ស័យជាមេខ្យល់ឈ្មោះ ឡាច ម៉េងហុង គេមានបណ្តាញទំនាក់ទំនងនៅក្នុងស្រុករហូតដល់ប្រទេសឥណ្ឌា រីឯស្ត្រីម្នាក់នោះគ្រាន់តែជាមនុស្សដែលឈ្មោះ ឡាច ម៉េងហុង ប្រើ និងឲ្យដើរអូសទាញជនក្រីក្រត្រូវការប្រាក់(លក់ក្រលៀន) ប៉ុណ្ណោះ ៕

website_news/2018300401.txt · Last modified: 2018/04/30 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki