website_news:2018300801

ប៉ូលិសចាប់ខ្លួនជនជាតិអាម៉េរិកកាំងរំលោភកុមារជាច្រើននាក់រត់មកលាក់ខ្លួននៅកម្ពុជា

http://www.rasmeinews.com/ August 29, 2018, 10:19 PM

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិអាម៉េរិកកាំង ដែលបានរំលោភផ្លូវលើកុមារជាច្រើននៅសហរដ្ឋអាម៉េរិករួចរត់មកពួនសម្ងំលាក់ខ្លួននៅខេត្តព្រះសីហនុ។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ នៅខេត្តព្រះសីហនុ។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់រស្មីកម្ពុជាថា ជនជាតិអាមេរិកដែលចាប់ខ្លួនឈ្មោះ William David BRENNER។ ការចាប់ខ្លួននេះ គឺបន្ទាប់ពីមានការស្នើរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ហើយកម្លាំងរបស់លោកកំពុងតែបញ្ជូនមកភ្នំពេញ។

ចំណែកការិយាល័យសន្តិសុខភូមិភាគ បាននឹងកំពុងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនខ្លួនជនល្មើសត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីធ្វើការកាត់ទោស។ យោងតាមលិខិតរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ផ្ញើជូនសម្តេច ស ខេង កាលពីថ្ងៃទី២៣ ខែសីហា បានឲ្យដឹងថា ការិយាល័យសន្តិសុខភូមិភាគ បានទទួលព័ត៌មានថា ពលរដ្ឋអាមេរិកាំងឈ្មោះ William David BRENNER មានដីកាចាប់ខ្លួនដែលមានសុពលភាព ពាក់ព័ន្ធបទរំលោភបំពានផ្លូវភេទជាបន្តបន្ទាប់ទៅលើកុមារ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលសុពលភាពលិខិតឆ្លងដែនរបស់ជនល្មើស។ ហើយជនល្មើសកំពុងតែរស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយសារជនល្មើស គ្មានឯកសារធ្វើដំណើរដែលមានសុពលភាព វាស្តែងឲ្យឃើញថា ឈ្មោះ William David BRENNER កំពុងតែរំលោភទៅលើច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា។

ការិយាល័យសន្តិសុខភូមិភាគស្នើសុំឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជួយស្វែងរក និងឃាត់ខ្លួនជនល្មើស ដោយផ្អែកលើច្បាប់របស់ប្រទេសកម្ពុជា។ ប្រសិនបើជនល្មើសបង្ហាញមុខនៅស្ថានទូត ការិយាល័យសន្តិសុខភូមិភាគនឹងជូនដំណឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អំពីវត្តមានជនល្មើសឈ្មោះ William David BRENNER។ ការិយាល័យសន្តិសុខភូមិភាគ បាននឹងកំពុងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនខ្លួនជនល្មើសត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីធ្វើការកាត់ទោស៕SRN

website_news/2018300801.txt · Last modified: 2018/08/30 11:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki