website_news:2018301001

ពលរដ្ឋខ្មែរ៣នាក់ត្រូវក្រុមទាហានថៃចាប់ឃាត់ខ្លួន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៤:៥១ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមទាហានថៃបានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរ៣នាក់ដោយធ្វើដំណើរឆ្លងដែនខុសច្បាប់កាលពីវេលាម៉ោង ៦ និង៥៦នាទីយប់ ថ្ងៃទី២៨ តុលា ២០១៨ ដែលស្ថិតនៅក្នុងយាមការលេខ(V.A.001.882) ខណៈពលរដ្ឋខ្មែរទាំង៣រូបនេះមានគោលបំណងរុករកកាប់ឈើគ្រញួងនៅក្នុងទឹកដីថៃ ។ ហេតុការណ៍នេះកើតឡើងស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពលរដ្ឋខ្មែរ៣នាក់ដែលក្រុមទាហានថៃធ្វើការឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះ ង៉ែត ព្រឹម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែជា ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ២-ឈ្មោះ ហ៊ុន ពោន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកំពង់ធំ ឃុំកំពង់រទះ ស្រុក ស្ទឹងសែន ខេត្តកំពងធំ និង៣-ឈ្មោះ សម រ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអំពួច ឃុំផ្ទះរ៉ុង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ ដែលថៃហៅថា(ឆងសាងាំ)បានឱ្យដឹងថា ពលរដ្ឋខ្មែរទាំង៣នាក់នេះ ត្រូវបានក្រុមទាហានថៃចាប់បញ្ជូនខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជានៅវេលាម៉ោង២១យប់ក្នុងថ្ងៃដដែលក្រោយពីបានទទួលពលរដ្ឋខ្មែរទាំង៣រូបពីក្រុមទាហានថៃ ខណៈនោះសមត្ថកិច្ចបានធ្វើការសាកសួនាំនឹងយោងទៅលើចម្លើយ គឺពួកគេមានគោលបំណងឆ្លងដែនចូលទៅក្នុងទឹកដីថៃរុករកកាប់ឈើគ្រញួងតែចូលបានជម្រៅប្រមាណ១គីឡូម៉ែត្រត្រូវបានទាហានថៃឃាត់ខ្លួនបានតែម្តង។ មន្ត្រីដដែលបានបញ្ជាក់ថា នៅថ្ងៃទី២៧ តុលា ២០១៨នេះ មានពលរដ្ឋខ្មែរម្នាក់បានឆ្លងដែនដោយខុសច្បាប់ឈ្មោះឈីន ឆោម ភេទប្រុស អាយុ៣៧ឆ្នាំ មានគោលបំណងរកការងារធ្វើត្រូវបានទាហានថៃឃាត់ខ្លួនផងដែរនាំយកមកប្រគល់ឱ្យកម្ពុជាវិញ តែទោះជាបែបណា សមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតជាំឱ្យពលរដ្ឋធ្វើកិច្ចសន្យាមិនឱ្យឆ្លងដែរខុសច្បាប់តទៅទៀត នឹងឱ្យវិលត្រឡប់ទៅលំនៅឋានវិញក្នុងថ្ងៃដដែលនោះ៕

website_news/2018301001.txt · Last modified: 2018/10/30 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki