website_news:2018301003

សមត្ថកិច្ចអាចនឹងដោះលែងស្ត្រីពពោះជំនួសក្រោយពួកគាត់ធានាចិញ្ចឹមទារក

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 29/10/2018

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចអាចនឹងដោះលែងស្ត្រីពពោះជំនួស៣២នាក់ឲ្យនៅក្រៅឃុំ បន្ទាប់ពីស្ត្រីទាំងនោះបានធានាមានការ ថានឹងចិញ្ចឹមទារកដែលពួកគេបានពពោះជំនួស ដោយមិនបញ្ជូនទារកទាំងនោះទៅក្រៅប្រទេសនោះឡើយ ។

តាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ក្រុមគ្រួសារស្ត្រីស៊ីឈ្នួលពពោះជំនួសបានទទូចឲ្យតុលាការនិងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយអន្តរាគមន៍ដោះលែងស្ត្រីទាំងនោះឲ្យមានសេរីភាពវិញ ដោយពួកគេអះអាងថា ពួកគេមិនបានដឹងការពពោះជំនួសជាអំពើខុសច្បាប់ ហើយសន្យាថានឹងមិនបញ្ជូនទារកទាំងអស់នោះទៅឲ្យជបរទេសដែលជួលពួកគេនោះទេ។

សូមជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរក្រុងភ្នំពេញបានឃាត់ខ្លួនស្ត្រីពពោះជំនួស៣២នាក់ និងមនុស្ស៥នាក់ទៀតជាមេខ្យល់ ក្នុងនោះមានជនជាតិចិនម្នាក់ផងដែរ ក្រោយពីបានស្រាវជ្រាវរកឃើញថា ស្ត្រីទាំងនោះបានស៊ីឈ្នួលពពោះ ។ បន្ទាប់ពីការ ឃាត់ខ្លួនស្ត្រីទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញដោយមានការការពារពីមន្ត្រីមណ្ឌលកែប្រែ២ (ម២). ស្ត្រីជាង១០នាក់បានសម្រាលកូន ហើយអ្នកខ្លះសម្រាលបានកូនភ្លោះថែមទៀត ។

តាមសារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សំដីលោកស្រី ជូ ប៊ុនអេង អនុប្រធាន អចិន្ត្រៃយ៍របស់គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្សនិងអនីតិជនមេធាវីការពារឲ្យស្ត្រីទាំង៣២នាក់កំពុងរៀបចំឯកសារដាក់ទៅតុលាការដើម្បីពិចារណាឲ្យបន្ធូរបន្ថយទោស ក៏ដូចជាដោះលែងក្រៅឃុំបណ្តោះអាសន្នផងដែរ ហើយអ្នកស្រីសង្ឃឹមថាតុលាការនឹងពិចារណាលើចំនុចទាំងនេះ ៕

website_news/2018301003.txt · Last modified: 2018/10/30 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki