website_news:2018310502

ក្រសួងការងារចេញប្រកាស ស្តីពី លក្ខខណ្ឌសម្រាប់អ្នកបម្រើការងារតាមផ្ទះ ចំពេលផ្ទុះករណីហិង្សាលើក្មេងស្រីម្នាក់

http://km.rfi.fr/cambodia ដោយ វ៉ា សំណព្វ30/05/201830/05/2018

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៩ ឧសភា បានចេញប្រកាសមួយ ស្តីពី លក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ។ អ្វីជាការកត់សំគាល់ ប្រកាសរបស់ក្រសួងការងារនៅពេលនេះ បានកើតឡើងជួនចំពេលដែលមានផ្ទុះករណីហិង្សាពីស្ត្រីម្ចាស់ផ្ទះម្នាក់ទៅលើក្មេងស្រីជាកម្មករបម្រើការងារតាមផ្ទះ។ បច្ចុប្បន្នស្ត្រីរូបនោះ កំពុងត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន១៥ប្រការ ដែលបានចែងលំម្អិតអំពីការការពារសិទ្ធិរបស់កម្មករបម្រើការងារតាមផ្ទះ រួមទាំងការផ្តល់សិទ្ធិកាន់តែទូលំទូលាយថែមទៀត ដូចគ្នានឹង កម្មករ-កម្មការិនី ដែលបំរើការងារនៅតាមរោងចក្រសហគ្រាសផ្សេងៗដែរ។ ប្រការ៤នៃប្រកាសរបស់ក្រសួងការងារបានចែងថា កម្មករការងារផ្ទះ ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង។ ហើយបើក្មេងអាយុចាប់ពី១៥ឆ្នាំដល់ក្រោម១៨ឆ្នាំ អាចអនុញ្ញាតឲ្យធ្វើការងារផ្ទះណាដែលស្រាលៗនិងមិនមានលក្ខណៈងាយបង្កឲ្យមានគ្រោះថ្នាក់ ឬ ប៉ះពាល់ដល់សុខភាពឡើយ។ ប្រកាសនេះ ក៏មានចែងពីកាតព្វកិច្ចរបស់ម្ចាស់ផ្ទះ និងកម្មករការងារផ្ទះ ដែលមានចែងនៅក្នុងច្បាប់ការងាររបស់កម្ពុជា ពិសេសទាក់ទងនឹងអត្ថប្រយោជន៍ ការឈប់សម្រាកប្រចាំសប្តាហ៍ និងការទទួលខុសត្រូវលើគ្រោះថ្នាក់ការងារជាដើម។ ប្រការ១៤នៃប្រកាសនេះ បានចែងថា អ្នកប្រព្រឹត្តល្មើសទៅនឹងប្រកាសនេះ ត្រូវទទួលការផាកពិន័យ ឬផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ និងបទបញ្ជាជាធរមាន។

គួរជំរាបជូនថា នេះគឺជាលើកទី១ហើយ ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពី លក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានការបង្កើតយន្តការមួយ ដើម្បីការពារដល់កម្មករដែលបម្រើការងារតាមផ្ទះ។ បន្ថែមលើការកត់សំគាល់នេះ ការចេញប្រកាសរបស់ក្រសួងការងារនៅពេលនេះ បានកើតឡើង ចំពេលដែលមានផ្ទុះករណីហិង្សាពីស្ត្រីម្ចាស់ផ្ទះម្នាក់ ដែលបានវាយធ្វើបាបទៅលើក្មេងស្រីអាយុ១៦ឆ្នាំ ដែលជាកូនឈ្នួលរបស់ខ្លួន។ បច្ចុប្បន្នស្ត្រីជនជាតិវៀតណាមកាត់ចិន ដែលគេស្គាល់ឈ្មោះថា ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ រស់នៅខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ កំពុងត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងស្វាគមន៍ចំពោះ ការបង្កើតយន្តការរបស់ក្រសួងការងារនេះ ប៉ុន្តែលោកយល់ថា វាមិនទាន់គ្រប់គ្រាន់ទេ។ សម្រាប់លោក អំ សំអាត លោកចង់ឲ្យមានការបង្កើតច្បាប់ថ្មីមួយ ដើម្បីការពារលើកម្មករការងារផ្ទះនេះតែម្តង៕

website_news/2018310502.txt · Last modified: 2018/05/31 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki