website_news:2018310504

តុលាការសម្រេចឃុំខ្លួនស្ត្រីដែលធ្វើទារុណកម្មលើក្មេងជាអ្នកបម្រើ

http://www.rasmeinews.com/ May 30, 2018, 5:26 PM

ដោយៈសរិទ្ធ/ភ្នំពេញៈថៅកែហាងលក់សម្លៀកបំពាក់ដែលជាប់ពាក់ព័ន្ធករណីធ្វើទារុណកម្មលើក្មេងស្រីជាអ្នកបម្រើបានត្រូវតុលាការសម្រេចកាលពីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨ឃុំខ្លួនដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះតាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌឃើញថា ស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់៤លានរៀលទៅ១០លានរៀល បើសិនជាតុលាការរកឃើញថាមានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន។ ថៅកែហាងរូបនេះឈ្មោះ ម៉េង រ័ត្នពិសី ហៅ សុភាភេទស្រីអាយុ៣៣ឆ្នាំបានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន រាធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺនៅកន្ទេល មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរលក់បន្លែ។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័យញ័រ ប្រាប់សមត្ថកិច្ចថា នាងត្រូវបានស្ត្រីខាងលើ យកមកឱ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះរហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ។ ស្ត្រីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារតាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ទេបានយកដែក វាយពេញរាងកាយក្បាល ជួនយកម្ជុលដេប៉ាក់ មកចាក់លើរាងកាយក្នុង១ថ្ងៃឱ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ។ ក្មេងស្រីរងគ្រោះ បានបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លារក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លារក្នុង១ខែ ហើយខែថ្មីៗនេះ ម្តាយនាងមានការខ្វះខាត ថវិកា ទិញថ្នាំព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លារមុន។

អ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បំរាមមិនឱ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយ មិនអនុញ្ញាតឲ្យជួបនិយាយជាមួយម្តាយតាមទូរស័ព្ទទៀតផង។ ករណីខាងលើក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ត្រូវបានស្ត្រីខាងលើឡូឡា រករឿងទាំងអ្នកជិតខាង គំរាមវាយស្ត្រីម្នាក់នៅក្បែរនោះ ដែលជួយឈឺឆ្អាលរឿងខាងលើ៕S/

website_news/2018310504.txt · Last modified: 2018/05/31 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki