website_news:2018310506

ស្ថានតំណាងកម្ពុជា នៅប្រទេសម៉ាឡេស៊ី និងវៀតណាម អន្ដរាគមន៍ជួយពលរដ្ឋខ្មែរ១៨នាក់ ឲ្យបានត្រឡប់មកមាតុភូមិវិញ

http://freshnewsasia.com/ 2018-05-30

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានបន្ដអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ចំនួន១៨នាក់ មកមាតុប្រទេសវិញ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានបញ្ជាក់ថា៖

១៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ ៩នាក់ មកពីខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងស្វាយរៀង ដែលបានធ្វើការដោយខុសច្បាប់នៅម៉ាឡេស៊ី ឲ្យបានត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។

២៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចរបស់វៀតណាម ដោយដោះស្រាយបញ្ហា និងរៀបចំឲ្យមាន មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ចំនួន៩នាក់ មកពីខេត្ដស្វាយរៀង ដែលចូលទៅស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ នៅវៀតណាម។ ស្ថានអគ្គកុងស៊ុល នឹងជូនពលរដ្ឋទាំង៩នាក់ មកកម្ពុជាវិញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕

website_news/2018310506.txt · Last modified: 2018/05/31 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki