website_news:2018310508

លោកស្រី ម៉ែន សំអន ជំរុញគ្រប់ភាគី ទប់ស្កាត់អំពើហិង្សា គ្រប់រូបភាពលើកុមារ

https://www.dap-news.com/kh/ ព្រហស្បតិ៍, ៣១ ឧសភា ២០១៨ 12:16 ដោយ: ស សំណាង ID:113

ភ្នំពេញ៖ លោកស្រីកត្តិសង្គហបណ្ឌិ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យគ្រប់ភាគី ពាក់ព័ន្ធរួមសហការគ្នាទប់ស្កាត់ ការប្រើប្រាស់កំលាំង ពលកម្មលើកម្មកុមារតាមរយៈ ការប្រើអំពើហិង្សា ការជួញដូរ និងការធ្វើទារុណកម្មគ្រប់រូបភាព ។ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានលើកឡើង ក្នុងពិធីអបអរសារទខួបលើក ទី៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ថា ទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១មិថុនា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករ និយោជិតវ័យក្មេង និងលុបបំបាត់ពលកម្មកុមារ ។ ប្រធានបទនេះ ពិតជាមានអត្ថន័យសមស្រប តាមសភាពការណ៍នៅកម្ពុជា។ ពលកម្មកុមារគឺជាបាតុភូត សង្គមដ៏ស្មុគស្មាញដែល មានទំនាក់ទំនងទៅនឹង ទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងឥរិយាបថសហគមន៍ និងគ្រួសារ។

លោកស្រីបន្តថា “ភាពក្រីក្រ និងការយល់ដឹងរបស់សហគមន៍ ដែលមានកម្រិតទាប គឺជាមូលហេតុចម្បងដែលនាំ ឲ្យមានពលកម្មកុមារ។ ម៉្យាងទៀតក្រុមគ្រួសារក្រីក្រ ដែលខ្វះធនធាន ខ្វះជំនាញ មានការអប់រំទាប និងមានប្រាក់ចំណូលតិច ជាមុខសញ្ញាក្នុងការ ប្រើប្រាស់ពលកម្មកុមារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ។ ដោយសារមូលហេតុនេះ គេសង្កេតឃើញពលកម្មកុមារ នៅតែមានក្នុងតំបន់មួយចំនួនកម្ពុជា” ។ លោកស្រីបន្ថែម រាជរដ្ឋាភិបាល បាន ចាត់ទុកការលុបបំបាត់ ពលកម្មកុមារជា បញ្ហាអាទិភាពមួយ ។ ដើម្បីចាត់វិធានការ មានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ដោយផ្តោតលើ គោលការណ៍ចម្បង៣ គឺ៖ ការដកហូតកុមារពី ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ , សហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងកុមារ និងការលើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដឹកនាំដោយក្រសួងការងារ ដើម្បីជំរុញការអនុវត្ត គោលនយោបាយ ផែនការសកម្មភាពជាតិ បទដ្ឋានច្បាប់ បទប្បញ្ញត្តិទាំងឡាយដែល ពាក់ព័ន្ធនឹងការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ពិនិត្យតាមដាន និងវាយតម្លៃលើ ការអនុវត្តអនុសញ្ញា នៃអង្គការពលកម្មកុមារ និងសហការជាមួយក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារអនុវត្ត អនុសញ្ញាស្តីពីសិទ្ធិកុមារ ៕

website_news/2018310508.txt · Last modified: 2018/05/31 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki