website_news:2018310801

រឿងត្រាក្លែងក្លាយលើលិខិតឆ្លងដែនសមត្ថកិច្ចថៃចាប់បានជាបន្តបន្ទាប់ខាងកម្ពុជាគ្មានអ្នកទទួលខុសត្រូវ

https://www.facebook.com/Matemohachun1/ mmc-news ចុះថ្ងៃទី ៣១ សីហា ឆ្នាំ២០១៨

បន្ទាយមានជ័យ៖ ប៉ុន្មានថ្ងៃចុងក្រោយក្នុងខែសីហា 2018នេះ ករណីត្រាក្លែងក្លាយលើលិខិតឆ្លងដែនត្រូវបាននគរបាលអន្តោប្រវេសន៌ថៃប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវឈមទឹកដីកម្ពុជាច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បានជាបន្តបន្ទាប់ ប៉ុន្តែខាងកម្ពុជាហាក់ស្ងាត់ស្ងៀមដូចគ្មានអ្វីកើតឡើងអ្នករងគ្រោះគឺជាពលករខ្មែរពិតជាមហាសែនឆ្ងល់។ យោងព័ត៌មានថៃមួយបានផ្សាយកាលពីពេលថ្មីៗថា បុរសម្នាក់ឈ្មោះ ហ៊ា សេងអាយុ41ឆ្នាំ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនដោយចោទកាន់លិខិតឆ្លងដែនប្រើប្រាស់ត្រាក្លែងក្លាយចំនួន12ក្បាល ក្នុងចំណោមលិខិតឆ្លងដែន32ក្បាល កាលពីថ្ងៃទី26 សីហា 2018 នៅច្រកទ្វារអន្តរជាតិខ្លងលឹកក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។

ដោយឡែកស្ត្រីម្នាក់ឈ្មោះ អុន ស្រីនាង អាយុ22ឆ្នាំ ជាពលការនីធ្វើការសំណង់នៅខេត្តនគររាជសីមាប្រទេសថៃ និងមានទីលំនៅភូមិ(ក)ឃុំ និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនដូចគ្នាកាលពីវេលាម៉ោង12 ថ្ងៃត្រង់ ទី27 សីហា2018 ដោយចោទថា នាងប្រើប្រាស់ត្រាក្លែងក្លាយលើលិខិតឆ្លងដែន។

ឈ្មោះឡុងសំឡូអាយុ27ឆ្នាំ ប្តីស្ត្រីរងគ្រោះប្រាប់តាមទូរស័ព្ទថា ប្រពន្ធគាត់ត្រូវសមត្ថកិច្ចថៃនៅច្រកទ្វារអន្តរជាតិខ្លងលឹកឃាត់ខ្លួនដោយចោទថា កាន់លិខិតឆ្លងដែនប្រើប្រាស់ត្រាក្លែងក្លាយ។ បុរសខាងលើបន្តថា ការពិតគាត់និងប្រពន្ធមិនដឹងរឿងអ្វីឡើយកន្លងមកមានលិខិតឆ្លងដែនវីសារ2ឆ្នាំ ទាំងប្តីទាំងប្រពន្ធធ្វើការជាកម្មករសំណង់នៅខេត្តនគររាជសីមា លុះប្តូរការងារថ្មីថៅកែ(ថ្មី)ឲ្យយកលិខិតឆ្លងដែនឲ្យគេនិងដើររឿងវាយបិទវីសាចាស់ហើយតវីសាថ្មីឲ្យ។ បុរសរូបនេះបន្តទៀតថា ក្រោយថៅកែថ្មីយកលិខិតឆ្លងដែនគេឲ្យគាត់ និងប្រពន្ធត្រឡប់មកកម្ពុជាវិញដើម្បីទទួលលិខិតឆ្លងដែនតវីសាថ្មីដែលគេទាក់ទងឲ្យក្រុមហ៊ុនមួយរត់ការឲ្យ។

គាត់ថាកាលពីថ្ងៃទី27 សីហា2018 អ្នករត់ការគេទូរស័ព្ទឲ្យឡើងទៅថៃវិញ ហើយប្រាប់ថាលិខិតឆ្លងដែនតវីសារួចហើយលុះប្រពន្ធគាត់ដើរចូលដល់ទីតាំងត្រួតពិនិត្យឯកសារឆ្លងដែននៅច្រកទ្វារអន្តរជាតិខ្លងលឹក ស្រាប់តែត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនតែម្តង។ សូម្បីតែលិខិតឆ្លងដែនរបស់គាត់ក៌ត្រូវប្រពន្ធទូរស័ព្ទប្រាប់ថា ជាលិខិតឆ្លងដែនមានត្រាក្លែងក្លាយដូចគ្នាទើបគាត់មិនហ៊ានចូលទៅប្រទេសថៃដើម្បីបន្តការងារបាន។ បុរសខាងលើអះអាងថា ពួកគាត់ជាគ្រួសារក្រីក្រហើយមិនបានដឹងរឿងអ្វីទាំងអស់ហេតុអីមានអ្នកវាយឯកសារក្លែងក្លាយឲ្យពួកគាត់គ្មានអ្នកទទួលខុសត្រូវបែបនេះ។

ករណីខាងលើបានកើតមាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកជាញឹកញាប់ចុះហេតុអ្វីសមត្ថកិច្ចកម្ពុជាទប់ស្កាត់មិនបាន ហើយមិនដឹងបែជាសមត្ថកិច្ចថៃចាប់បានរហូត។ ករណីទី1ខាងលើលោកសេមមករាប្រធានសេនាធិការនគរបាលអន្តោប្រវេសន៌ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ព័ត៌មានក្នុងស្រុកមួយថា មិនបានដឹងរឿងរ៉ាវខាងលើទេ។ គេឆ្ងល់ថាពលរដ្ឋមុនឆ្លងដែនចូលទៅដីថៃត្រូវបំពេញបែបបទ និងប្រថាប់ត្រាចេញ(Departure Pass)នៅខាងកម្ពុជាជាមុនហេតុអីសមត្ថកិច្ចកម្ពុជាបែជានាំគ្នាធ្វើមិនដឹងបែបនេះ ឬមួយនៅក្រុងប៉ោយប៉ែតមានទីតាំងប្រថាប់ត្រាក្លែងក្លាយសមត្ថកិច្ចមិនដឹង?។ បញ្ហានេះបើក្រសួងពាក់ព័ន្ធមិនស្រាវជ្រៀវរកការពិតនិងបកស្បែកមុខជនខិលខូចទេនិងមានពលកររងគ្រោះជាបន្តបន្ទាប់ទៀតជាក់ជាមិនខានឡើយ៕ ដោយធីតា

website_news/2018310801.txt · Last modified: 2018/08/31 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki