website_news:2018310803

ក្រសួងការបរទេស អាមេរិក ផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនកម្ពុជាខាងគ្មាន ការជួញដូរមនុស្ស

https://www.dap-news.com/ ByID:121 Posted on August 30, 2018

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា ក្រសួងការបរទេសរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនកម្ពុជា ខាងផ្នែកគ្មានការជួញដូរមនុស្ស ខណៈរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដក្នុង ការទប់ស្កាត់បទល្មើសនេះ ។ ក្នុងវេទិកាអន្ដរសាសនា ថ្នាក់ជាតិនៅកម្ពុជាលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ សម្ដេច ស ខេង ថា នេះជាមុខមាត់របស់កម្ពុជាដូច្នេះ កាលណាដែលកម្ពុជាប្រឆាំងការជួញដូរ មនុស្សបានខ្លាំងក្លាដូច្នេះកម្ពុជាគឺជាប្រទេស ផ្ដល់តម្លៃជីវិតមនុស្ស។ សម្ដេច ស ខេង មានប្រសាសន៍ថា “តាមការវាយតម្លៃប្រចាំឆ្នាំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក កម្ពុជាយើងមិន ដែលធ្លាក់ដល់លេខ៣នោះទេ ឥឡូវនេះយើងបានឈរនៅលេខ២នេះ ប៉ុន្មានឆ្នាំមកនេះ ពីរឆ្នាំ បីឆ្នាំចុងក្រោយនេះ ដែលនេះជាមោទនភាពរបស់យើងដែរ ហើយប្រហែលជាយើងខិតខំ ប៉ុន្ដែមិនទាន់ដឹងថាប៉ុន្មានឆ្នាំទៀតទើបបាន លេខ១នោះទេ”។

សម្ដេចបន្ដថាចំណាត់ថ្នាក់លេខ១ គឺជាប្រទេសដែលគ្មានអំពើជួញដូរមនុស្ស-ចំណាត់ថ្នាក់លេខ២ គឺជាប្រទេសដែលមានការជួញដូរ មនុស្សតិចតួច ខណៈរាជរដ្ឋាភិបាល មានឆន្ទៈក្នុងការ ទប់ស្កាត់-ចំណាត់ថ្នាក់លេខ៣ គឺជាប្រទេសដែលមានការជួញដូរមនុស្សដូច្នេះរដ្ឋាភិបាល គ្មានឆន្ទៈក្នុងការទប់ស្កាត់។ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវ ដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ត្រូវពង្រឹងការផ្សព្វផ្សាយ បន្ថែមដល់ពលរដ្ឋ ឲ្យស្វែងយល់ កាន់តែច្បាស់ អំពីការជួញដូរមនុស្ស គ្រប់ទម្រង់ ដែលអាចនឹងកើតមានឡើងនៅកម្ពុជា។

យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា គ្រាន់តែក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក មានជនរងគ្រោះ ដែលជាបុរស ស្រី្ត យុវវ័យ កុមារ ទារក ប្រមាណជិត១២លាន នាក់ កំពុងតែទទួលរងការរំលោភបំពាន បំបាត់សិទ្ធិជាមនុស្ស និងត្រូវបានកេងប្រវ័ព្ចាយ៉ាងធ្ងន់ធ្ងរ ក្នុងរូបភាពជាទាសភាពក្នុង សម័យទំនើប៕

website_news/2018310803.txt · Last modified: 2018/08/31 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki