website_news:2018310804

សម្ដេច ស ខេង ៖ ការជួញដូរមនុស្ស រាប់លាននាក់ មានស្ទើ តែគ្រប់ទីកន្លែង ក្នុងពិភពលោក

https://www.dap-news.com/ ByID:112 Posted on August 30, 2018

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម និងផ្លូវភេទ លើមនុស្ស រាប់លាននាក់ មានស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក ដែលរងទុក្ខវេនា រហូតដល់បាត់បង់ អាយុជីវិត ជារៀងរាល់ថ្ងៃ ដូច្នេះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ ។

យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា គ្រាន់តែក្នុងតំបន់ អាស៊ី ប៉ាស៊ីហ្វិក មានជនរងគ្រោះ ដែលជាបរុស ស្រី្ត យុវវ័យ កុមារ ទារក ប្រមាណជិត១២លាន នាក់ កំពុងតែទទួលរងការរំលោភបំពាន បំបាត់សិទ្ធិជាមនុស្ស និងត្រូវកេងប្រវ័ព្ចាយ៉ាងធ្ងន់ធ្ងរ ក្នុងរូបភាពជាទាសភាពក្នុងសម័យទំនើប។

ក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិ នៅកម្ពុជាលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្ដេច ស ខេង បានឲ្យដឹងថា អង្គការមិនមែន រដ្ឋាភិបាល ជាតិ-អន្ដរជាតិ យុវជន-យុវនារី ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ដែលកំពុងតែកើត មានជាបន្ដបន្ទាប់ ចំពោះប្រជាជនកម្ពុជា និងមនុស្សជាតិគួរឲ្យបារម្ភ។ សម្ដេចបន្តថា “អំពើជួញដូរមនុស្ស ដែលរួមទាំងការលក់ដូរមនុស្ស ការជួញដូរសេរីរាង្គមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើមនុស្ស បានធ្វើឲ្យមនុស្សគ្រប់ប្រភេទ គ្រប់វ័យ តាំងពីទារក កុមារ យុវវ័យ និងមនុស្សចាស់រាប់លាននាក់ នៅស្ទើរតែគ្រប់ទីកន្លែងក្នុង ពិភពលោក រងទុក្ខវេទនា បាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្ស និងសេចក្ដីសុខក្នុងគ្រួសារ ខូចខាតសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់ អាយុជីវិតជារៀងរាល់ថ្ងៃ”។ សម្ដេចបន្ដថា នេះជាសោកនាដកម្មសម្រាប់មនុស្សជាតិ ដែលបង្កដោយជនអគតិ និងឧក្រិដ្ឋជន ទាំងឡាយដែលព្យាយាមរកគ្រប់វិធី ដើម្បីកេងចំណេញផលប្រយោជន៍ លើអ្នកដទៃ ទោះបីជាធ្វើឲ្យគេរងទុក្ខវេទនា ផ្លូវកាយ ផ្លូវចិត្ត និងអាយុជីវិតយ៉ាងណាក៏ដោយ ដែលនេះជាអំពើឃោរឃៅ អមនុស្សធម៌ គួរឲ្យស្អប់ខ្ពើម។

ឧបនាយករដ្ឋមន្ដ្រីបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ការគោរពសិទ្ធិមនុស្ស កិច្ចការពារប្រជាពលរដ្ឋ ពីការរំលោភបំពាន កេងប្រវ័ញ្ច និងអំពើ ជួញដូរមនុស្សគ្រប់រូបភាព និងប្ដេជ្ញាចិត្តធ្វើសកម្មភាពបង្ការទប់ស្កាត់ តាមរយៈការបន្ដផ្សព្វ ផ្សាយ អប់រំណែនាំតាមបែបសាសនា ដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាន នៅកម្ពុជា ដើម្បីឲ្យយល់ដឹងអំពីប្រភេទ និងផលប៉ះពាល់នៃបទល្មើសជួញដូរមនុស្ស និងនាំគ្នា លុបបំបាត់ទាសភាពសម័យទំនើបនេះឲ្យអស់ពីទឹកដីនៃកម្ពុជា។ ឱកាសនោះ សម្ដេច ស ខេង ក៏បានលើកឡើងទៀតថា ក្រសួងមិនអត់អោនចំពោះជនណា ដែលបង្កបញ្ហាសាងនូវបទឧក្រិដ្ឋបំផ្លាញមនុស្សជាតិ និងបំបែកបំបាក់សាមគ្គីភាព ភាព សុខដុមរមនាក្នុងសង្គម ព្រមទាំងបំផ្លាញវប្បធម៌ប្រពៃណី ដ៏ល្អផូរផង់របស់កម្ពុជា ដែលមាន តាំងពីយូរលង់មកហើយ ៕ ដោយ អេង ប៊ូឆេង

website_news/2018310804.txt · Last modified: 2018/08/31 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki