website_news:2018311001

នគរបាលកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំទ្វេភាគីតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ នៅដើមឆ្នាំក្រោយ បន្ទាបពីអាក់ខានមួយរយៈ

http://ppd-news.net Posted By: admin October 30, 2018

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងបើកកិច្ចប្រជុំនគរបាលទ្វេភាគីតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ខណៈដែលកិច្ចប្រជុំនេះត្រូវបានអាក់ខាននាពេលកន្លងមក ហើយភាគីទាំងពីរនឹងពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំនេះនៅដើមឆ្នាំ២០១៩ ខាងមុខ ។

ការថ្លែងរបស់លោកឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកបញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងជំនួបនោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា វត្តមានរបស់លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការលើកទឹកចិត្តដល់នគរបាលជាតិកម្ពុជា ដែលពេលកន្លងមកនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ តែងតែបានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដូចជា៖ បទល្មើសភេរវកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែលនានាជាច្រើន ហើយជាពិសេសអាជ្ញាធរថៃក៏បានជួយគាំពារពាក់ព័ន្ធទៅនឹងពលករបរទេសដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានបង្ហាញនូវគោលជំហរថា នឹងខិតខំប្រឹងប្រែងក្នុងការការពារសុវត្ថិភាព សុខសន្តិភាព ជូនដល់ភ្ញៀវទេសចរណ៍ និងវិនិយោគិនថៃ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ផងដែរ ហើយនៅពេលខាងមុខកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំៗនានាដូចជា៖ កិច្ចក្រជុំអាយប៉ា (AIPA) នៅខេត្តសៀមរាប និងកិច្ចប្រជុំ អាស៊ានណាប៉ូល (Asenapol) នៅឆ្នាំ២០២០ ដែលទាំងនេះក៏ត្រូវការការសហការយ៉ាងល្អរវាងប្រតិភូថៃផងដែរ ។

ក្នុងជំនួបនោះដែរ លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការបង្ការ និងបង្រ្កាបគ្រឿងញៀននាពេលកន្លងមក ហើយក៏បានបញ្ជូនតំណាងទៅធ្វើការនៅប្រទេសថៃ ដើម្បីទប់ស្កាត់នូវបញ្ហានេះផងដែរ ។ ជាពិសេសនគរបាលជាតិកម្ពុជា នៅពេលកន្លងមកបានការពារភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនថៃ ដែលកំពុងតែរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការការពារយ៉ាងដិតដល់និវេសនដ្ឋាន និងស្ថានទូតថៃ ប្រចាំនៅកម្ពុជាផងដែរ ។ លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អពាក់ព័ន្ធទៅនឹងការការពារព្រំដែនរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយឯកឧត្តម ក៏បានរំពឹងទុកថា នឹងបានជួបប្រជុំពាក់ព័ន្ធទៅនិងការងារព្រំដែននេះរវាងថៃនិងកម្ពុជា នៅពេលឆាប់ៗនេះផងដែរ ៕ (អត្ថបទអគ្គស្នងការនគរបាលជាតិ)

website_news/2018311001.txt · Last modified: 2018/10/31 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki