website_news:2018311003

បុរសខ្មែរមួយរូបស្លាប់ក្នុងមន្ទីរឃុំឃាំងអន្តោប្រវេសន៍ថៃ

https://khmer.voanews.com 31 តុលា 2018 អូន ឆេងប៉រ

ភ្នំពេញ៖ រដ្ឋាភិបាលថៃបានបញ្ជាក់ទទួលស្គាល់ថា បុរសសញ្ជាតិកម្ពុជាមួយរូប បានស្ថិតក្នុងចំណោមអ្នកជាប់ឃុំពីរនាក់ដែលត្រូវបានគេប្រទះឃើញថា បានស្លាប់បាត់បង់ជីវិត ក្នុងមន្ទីរឃុំឃាំងអន្តោប្រវេសន៍មួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីសប្ដាហ៍មុន។ អាជ្ញាធរថៃបានបញ្ជាក់ថា ខ្លួនកំពុងតែស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់អ្នកទាំងពីរ។

អ្នកស្រី Busadee Santipitak អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់VOAថា ជនជាតិខ្មែរមួយរូប ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមថាឈ្មោះ សាឃី (Sakhi) អាយុ៥៥ឆ្នាំ និងជនជាតិវៀតណាមមួយរូប ឈ្មោះ Robat វ័យ៧៧ឆ្នាំ ត្រូវបានគេរកឃើញបានដេកស្លាប់ ខណៈដែលពួកគេកំពុងជាប់ឃុំក្នុង មន្ទីរឃុំឃាំងធំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងខណ្ឌ ធុងមហាមេឃ(Thung Mahamek) កណ្ដាលទីក្រុងបាងកកតែម្ដង។មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះបានប្រាប់VOAយ៉ាងដូច្នេះថា៖ «ពួកគេបានទទួលមរណភាពខណៈដែលកំពុងលង់លក់ក្នុងដំណេក ដោយមិនមានស្លាករបួសស្នាមអ្វីឡើយ។ មូលហេតុដែលបានបណ្ដាលឱ្យពួកគេស្លាប់ កំពុងត្រូវបានគេស៊ើបអង្កេតហើយ។ សាកសពរបស់ពួកគាត់ត្រូវបានបញ្ជូនទៅរក្សាទុកដើម្បីធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យជូឡាឡុងកន ប្រទេសថៃ»។

របបសឹកដែលកំពុងគ្រប់គ្រងប្រទេសថៃ បានបើកយុទ្ធនាការថ្មីមួយទៀត ដើម្បីតាមចាប់ប្រមូលជនបរទេសដែលស្នាក់នៅធ្វើការក្នុងប្រទេសខ្លួន ដោយមិនមានលិខិតស្នាមគ្រប់គ្រាន់ រួមទាំងជនភៀសខ្លួន និងកុមារតូចៗផង នៅបន្ទាប់ពីការចូលកាន់តំណែងក្នុងខែតុលានេះ របស់លោក ស៊ូរាចិត្រ ហាក់ផាន់ (Surachet Hakphan) ជាអគ្គនាយកអន្តោប្រវេសន៍ថ្មីរបស់ប្រទេស។ ខណៈដែល នីតិវិធីដែលតម្រូវឱ្យអ្នកជាប់ឃុំ បង់ប្រាក់ធានានៅក្រៅឃុំប្រមាណ ១៥០០ ដុល្លារ ត្រូវបានគេលុបចោល ការចាត់វិធានការបង្ក្រាបលើជនបរទេសថ្មីមួយទៀតនេះ នឹងបង្កើនបន្ទុកដល់មន្ទីរឃុំឃាំងអន្តោប្រវេសន៍ដែលមានលក្ខណៈចង្អៀតណែនរួចជាស្រេចទៅហើយ។ នេះបើយោងតាមលោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងផ្នែកតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។

លោក Phil Robertson បានប្រាប់VOA តាមសារអេឡិចត្រូនិចក្នុងន័យដើមយ៉ាងដូច្នេះថា៖ «សួនភ្លូ-IDC ជាគ្រឹះស្ថានចាស់មួយកន្លែង ដែលមានលក្ខណៈចង្អៀតណែនក្នុងសភាពមិនគួរឱ្យជឿ និងកង្វះអនាម័យជាទីបំផុត ហើយទីតាំងនេះ ពុំមានលទ្ធភាពគ្រប់គ្រាន់នោះទេ ក្នុងការផ្ដល់អាហារូបត្ថម្ភប្រកបដោយជីវជាតិ និងសេវាថែទាំសុខភាពក្នុងកម្រិតស្តង់ដា»។ អ្នកឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងបាងកករូបនេះ បានប្រាប់VOA ជាបន្តថា៖ «ជាមួយនឹងស្ថានភាពដែលឃើញថាអាក្រក់ប៉ុណ្ណា បូករួមផ្សំនឹងការកើនឡើងយ៉ាងគំហុកភ្លាមៗនៃជនដែលត្រូវបានជាប់ឃុំ ក្នុងការប្រមូលចាប់ជនអន្តោប្រវេសន៍នេះ វាសមហេតុផលក្នុងការរំពឹងថា នឹងមានមនុស្សជាច្រើនផ្សេងទៀត នឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនៅទីតាំងមួយនេះ»។

VOAមិនអាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បូករួមទាំងបណ្ដាអ្នកនាំពាក្យនៅក្រសួងការបរទេសនិងក្រសួងការងារ ដើម្បីស្នើសុំការបំភ្លឺបានទេ នៅថ្ងៃអង្គារនេះ ដោយខ្សែទូរស័ព្ទដែលផ្ដល់ជូនទាំងអម្បាលមាណ បានរោទិ៍តែពុំមានអ្នកទទួលឆ្លងឆ្លើយ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការបង្ក្រាបថ្មីមួយទៀតទៅលើជនអន្តោប្រវេសន៍រស់នៅខ្វះឯកសារនេះ ធ្វើឡើងនៅចំពេលដែលប្រទេសកំពុងត្រៀមខ្លួនរៀបចំដំណើរឈានទៅរកការបោះឆ្នោតសកលមួយនៅដើមឆ្នាំ២០១៩ខាងមុខ ជាការបោះឆ្នោតលើកដំបូង ក្នុងរយៈពេលជាង៤ឆ្នាំចុងក្រោយ ចាប់តាំងពីក្រុមទាហានបានដណ្ដើមកាន់កាប់អំណាចរដ្ឋបាលស៊ីវិល ក្នុងរដ្ឋប្រហារឆ្នាំ២០១៤មក។ នៅក្រោយរដ្ឋប្រហារភ្លាមៗកាលពីឆ្នាំ២០១៤ របបសឹកថៃបានចាត់វិធានការបណ្ដេញពលកររស់នៅធ្វើការមិនស្របច្បាប់ចេញពីក្នុងប្រទេសខ្លួន ដែលគ្រានោះ ជនជាតិកម្ពុជាប្រមាណ២២ម៉ឺននាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនមកស្រុកវិញ។ របាយការណ៍របស់រដ្ឋាភិបាលថៃបានបញ្ជាក់ថា មានប្រជាជនកម្ពុជាប្រមាណ១,៥លាននាក់ កំពុងធ្វើការក្នុងប្រទេសថៃ។

បណ្ដាញសារព័ត៌មាននានា បានដកស្រង់សម្ដីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលបានថ្លែងកាលពីខែឧសភាកន្លងទៅថា នៅក្រោយពីការចាត់វិធានការរបស់រដ្ឋាភិបាលខ្មែរ ក្នុងការចុះបញ្ជីផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្លួន ធ្វើការក្នុងប្រទេសថៃ មានពលរដ្ឋខ្មែរប្រមាណតែ៨ម៉ឺននាក់ផ្សេងទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានចុះបញ្ជីការធ្វើការស្របច្បាប់ក្នុងប្រទេសដែលនៅក្បែរខាងមួយនេះ៕

website_news/2018311003.txt · Last modified: 2018/10/31 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki