website_news:2018311201

ខ្វះស្ត្រីក្នុងស្រុក បុរសចិនងាកទៅទិញស្រីវៀតណាម មកធ្វើប្រពន្ធ

http://km.rfi.fr/asia/ ដោយ អៀង សុខម៉ិញ 29/12/2018

នយោបាយកូនទោលរបស់ចិន និងប្រពៃណីចង់បានតែកូនប្រុសសម្រាប់បន្តត្រកូល បាននិងកំពុងបន្តឱ្យសង្គមចិនវិសមភាព បុរសច្រើនជាងស្ត្រី។ ដោយមិនអាចរកប្រពន្ធបាននៅក្នុងប្រទេស បុរសចិនបានងាកទៅរកទិញស្រ្តីនៅប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅអំពីរបាយការណ៍ដ៏រន្ធត់ស្តីអំពីការលក់ដូចស្ត្រីភូមាទៅឱ្យចិន វៀតណាមក៏អ្នករងគ្រោះដ៏សំខាន់មួយនៃការលក់ដូរស្ត្រីភេទនេះដែរ។

មិនខុសពីបណ្តាប្រទេសជិតខាង ជាពិសេសឡាវនិងភូមា ស្ត្រីវៀតណាមដែលភាគច្រើនរស់នៅក្នុងតំបន់ក្រីក្រ ដាច់ស្រយាល ក៏កំពុងក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្ស តាមរយៈការលក់យ៉ាងថ្លៃទៅឱ្យបុរសចិន។ ដើម្បីបន្លំស្ត្រីរងគ្រោះ ឈ្មួញបានអួតអាងអំពីជីវិតដ៏ប្រសើរនៅចិន និងអំពីភាពទូលំទូលាយនៃទីផ្សារការងារនៅចិន ឬក៏ការរៀបចំអាពាហ៍ពិពាហ៍ជាមួយបុរសអ្នកមានចិន។ ហើយក៏មានច្រើនដែរករណីចាប់ស្ត្រីវៀតណាមយកទៅត្រង់ៗតែម្តង ក្រោយពីបានបង្អកគ្រឿងញៀន។ ជាទូទៅ គឺក្រុមគ្រួសារ និងមនុស្សជំនិតរបស់ជនរងគ្រោះជាអ្នករៀបចំផែនការលក់ស្ត្រី នេះឡើង។

បើតាមអង្គការក្រៅរដ្ឋាភិបាល Dragon bleu នាគខៀវ មានស្ត្រីជាច្រើនពាន់នាក់ណាស់ ក្នុងមួយឆ្នាំៗ ដែលបានក្លាយជាជនរងគ្រោះនៃជំនួញទិញប្រពន្ធ។ គិតចាប់តាំងពីឆ្នាំ២០០៧មក អង្គការបានសង្គ្រោះស្ត្រីរងគ្រោះវៀតណាមមិនតិចជាង៤០០នាក់ ពីអន្លង់ទាសករផ្លូវភេទ និងដែលត្រូវគេរៀបការដោយបង្ខំ ឱ្យរត់គេចខ្លួនត្រលប់មកពីចិនវិញបាន។ ហើយជាទូទៅ គឺស្ត្រីរងគ្រោះផ្ទាល់ជាអ្នកស្វែងអន្តរាគមន៍សង្គ្រោះ។ សកម្មភាពរបស់អង្គការត្រូវបានគេទទួលស្គាល់កាន់តែច្រើន។ ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ អង្គការក៏បានវែករកឃើញអ្នកជួញដូរមនុស្សឱ្យខុសច្បាប់៧៦នាក់ ឱ្យតុលាការកាត់ទោស។ ជាចំនួនដ៏ច្រើនបើយោងទៅលើទំហំនិងមធ្យោបាយដ៏ស្តួចស្តើងរបស់អង្គការ តែជាចំនួនដ៏តិចបំផុត បើប្រៀបទៅចំនួនស្ត្រីរងគ្រោះ។

ទោសជួញដូរស្ត្រី អាចនឹងត្រូវជាប់ពន្ធនាគារដល់ទៅ ២០ឆ្នាំ ប៉ុន្តែជំនួញនេះត្រូវបានរៀបចំឡើងជាបណ្តាញ និងសុះសាយខ្លាំង ព្រមទាំងផ្តល់ផលយ៉ាងកាក់កប ក្នុងទំហំដល់ទៅរាប់សិបលានអឺរ៉ូ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះតម្រូវការមកពីខាងចិន មិនចុះថយសោះ ហើយការអប់រំស្ត្រីតាមជនបទក៏នៅមានកំរិតទៀត៕

website_news/2018311201.txt · Last modified: 2018/12/31 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki