website_news:2019010201

លោក វង សូត ជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 31/01/2019

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយគ្រោះធម្មជាតិ ចំនួន ៤០០គ្រួសារនៅមជ្ឈមណ្ឌលសំចត ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក វង សូត បាននាំមកនូវអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រដែល រងគ្រោះដោយគ្រោះធម្មជាតិចំនួន ៤០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានភួយ១ កន្ទេល១ មុង១ មី ១កេះ អង្ករមួយបាវទម្ងន់ ២០គីឡូក្រាម រួមនឹងថវិកាចំនួន ៤០,០០០រៀល។ ជាមួយគ្នានេះដែរ គណៈអធិបតីបានផ្តល់ជូនថវិកាដល់សង្កាត់ទាំង៣ (សង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត) ក្នុងក្រុងប៉ោយប៉ែត ក្នុងមួយសង្កាត់ទទួលថវិកាចំនួន ១លានរៀល និងផ្តល់ជូនមជ្ឈមណ្ឌលសំចតថវិកាចំនួន ១លានរៀល សរុបជាថវិកាទាំងអស់ចំនួន ២០លានរៀល។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលសំចតជួយជនរងគ្រោះនៅច្រកព្រំដែនប៉ោយប៉ែត បានកសាងលើផ្ទៃដីទំហំ ១ហិកតា ស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គោលបំណងក្នុងការរៀបចំឱ្យមានអគារមជ្ឈមណ្ឌលសំចតជួយជនរងគ្រោះនៅច្រកព្រំដែនប៉ោយប៉ែតនេះធ្វើឡើងគឺជាការគិតគូរ និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំក្នុងការសម្រួលនឹងរៀបចំសម្រាប់ប្រជាពលរដ្ឋ ពិសេសចំពោះពលករឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃចាប់បញ្ជូនត្រលប់មកវិញយ៉ាងគំហុកឱ្យមានកន្លែងស្នាក់នៅបានល្អប្រសើរ សមរម្យ និងមានសុខសុវត្ថិភាព។ ជំហានដំបូងនៃការរៀបចំមជ្ឈមណ្ឌលសំចតនេះជាបន្តបន្ទាប់នឹងមានរៀបចំឱ្យបានល្អសមរម្យនឹងក្លាយទៅជាមជ្ឈមណ្ឌលពហុវិស័យពាក់ព័ន្ធទាំងអស់សម្រាប់ជួយសម្រួលដល់ពលករ និងប្រជាពលរដ្ឋកម្ពុជា។ គម្រោងសម្រាប់សាងសង់មជ្ឈមណ្ឌលមានផ្នែកស្នាក់នៅអចិន្ត្រៃយ៍បណ្តោះអាសន្នមាន កន្លែងម្ហូបអាហារ កន្លែងអប់រំបណ្តុះបណ្តាល ថែទាំ និងបម្រើជូនសេវាពាក់ព័ន្ធផ្សេងៗទៀតក្រោមការគ្រប់គ្រងច្បាស់លាស់

website_news/2019010201.txt · Last modified: 2019/02/01 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki