website_news:2019010202

អង្គការសិទ្ធិមនុស្ស HRW ស្វាគមន៍ការផ្ដល់សច្ចាប័នរបស់ថៃលើអនុសញ្ញាស្ដីពីការងារនេសាទ

https://khmer.voanews.com/ 01 កុម្ភៈ 2019 សាយ មុន្នី

អនុសញ្ញាអន្តរជាតិមួយនេះ ដែលបានចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០១៧ មានគោលដៅការពារលក្ខខណ្ឌការងារនិងការរស់នៅរបស់ពលករក្នុងវិស័យនេសាទ។

វ៉ាស៊ីនតោន៖ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក បានសម្ដែងការសាទរក្នុងលក្ខណៈប្រយ័ត្នប្រយែងចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO ស្ដីពីការងារក្នុងវិស័យនេសាទ។ នេះបើយោងតាមបណ្ដាញព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ ខែមករា ឆ្នាំ២០១៩។

ការស្វាគមន៍ចំពោះវិធានការថ្មីរបស់ប្រទេសថៃនេះ កើតឡើងក្រោយពីថៃ បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី ដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្ដីពីការងារក្នុងវិស័យនេសាទ (Work in Fishing Convention) នេះ កាលពីថ្ងៃពុធ។ អនុសញ្ញាអន្តរជាតិមួយនេះ ដែលបានចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០១៧ មានគោលដៅការពារលក្ខខណ្ឌការងារនិងការរស់នៅរបស់ពលករក្នុងវិស័យនេសាទ។ លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការ Human Rights Watch បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Thomson Reuters Foundation តាមសារអេឡិចត្រូនិកថា ខណៈដែលប្រទេសថៃ សមនឹងទទួលបានការស្ងើចសរសើរចំពោះការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ ប្រទេសថៃ ចាំបាច់ត្រូវបង្កើតនិងអនុម័តបទបញ្ញត្តិ ដើម្បីអនុវត្តតាមអនុសញ្ញានេះ។ លោកមានប្រសាសន៍ថា៖ «យើងបានឃើញម្ចាស់ទូកនេសាទថៃដ៏មានឥទ្ធិពលជាច្រើនប្រឆាំងនឹងអនុសញ្ញានេះយ៉ាងខ្លាំងក្លាតាំងពីដំបូងទីមក ដូច្នេះយើងរំពឹងថា នឹងមានការប្រឆាំងគ្នាខ្លាំងទម្រាំអាចចេញជាច្បាប់មួយ ដែលអាចឈានទៅដល់ការការពារសិទ្ធិប្រកបដោយអត្ថន័យនិងការធ្វើឱ្យល្អប្រសើរឡើងនូវជីវភាពរស់នៅរបស់ពលករនេសាទ»។

ប្រទេសថៃ គឺជាប្រទេសនាំចេញម្ហូបអាហារសមុទ្រដ៏ច្រើនសន្ធឹកសន្ធាប់ជាងគេបំផុតមួយលើពិភពលោក ដោយទំហំពាណិជ្ជកម្មនៃឧស្សាហកម្មនេសាទ និងម្ហូបសមុទ្ររបស់ថៃ រួមចំណែកប្រមាណ៦ពាន់លានដុល្លារអាមេរិក ដល់ទំនិញនាំចេញសរុបរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើផ្អែកតាមអង្គការពលកម្មអន្តរជាតិ។ វិស័យនេសាទ និងវេចខ្ចប់គ្រឿងសមុទ្ររបស់ថៃ ផ្ដល់ការងារដល់កម្មករជាង៦សែននាក់នៅឆ្នាំ២០១៧ ដែលក្នុងនោះ ប្រមាណពាក់កណ្ដាលគឺជាពលករចំណាកស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវ។ នេះបើយោងតាមអង្គការ ILO ដដែល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃបានរងការរិះគន់យ៉ាងខ្លាំងចំពោះការចោទប្រកាន់ពីអំពើទាសភាព ការជួញដូរមនុស្ស និងអំពើហិង្សាដែលត្រូវបានប្រព្រឹត្តទៅលើពលករនេសាទចំណាកស្រុកមកពីប្រទេសជិតខាងរួមទាំងពលករខ្មែរផងដែរ ដែលធ្វើការនៅលើទូកនេសាទ និងកន្លែងវេចខ្ចប់គ្រឿងសមុទ្រថៃ។ ប៉ុន្តែថ្មីៗនេះ សហភាពអឺរ៉ុប បានដកការគំរាមរបស់ខ្លួន ដែលចង់ហាមឃាត់ការនាំចូលគ្រឿងសមុទ្រថៃ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្រោយពីសហគមន៍អឺរ៉ុបនិយាយថា ប្រទេសនេះ បានកែលម្អបញ្ហានេសាទនេះ៕

website_news/2019010202.txt · Last modified: 2019/02/01 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki