website_news:2019010203

រដ្ឋាភិបាលថៃ រៀបចំលក្ខខណ្ឌការងារ ដើម្បីជួយពលករនេសាទ

https://www.postkhmer.com/ ខន សាវិ | Publication date 01 February 2019 | 11:45 ICT

ភ្នំពេញៈ រដ្ឋាភិបាលថៃបានប្ដេជ្ញាជួយធ្វើឲ្យមានលក្ខខណ្ឌការងារ និងការរស់នៅសមស្របដល់ពលករនេសាទក្រោយពីប្រទេសនេះ បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីការងារក្នុងវិស័យនេសាទរបស់អង្គការពលកម្មអន្តរជាតិ (ILO)។ នេះបើតាមការផ្សាយរបស់អង្គការ ILO កាលពីថ្ងៃ ៣០ មករា។ ប៉ុន្តែសង្គមស៊ីវិលយល់ថា អនុសញ្ញានេះមិនទាន់អាចការពារពលករនេសាទនៅថៃបានទាំងស្រុងទេ។ អនុសញ្ញាស្ដីពីការងារក្នុងវិស័យនេសាទ គឺតម្រូវឱ្យមានលក្ខខណ្ឌមួយចំនួន ដូចជាការការពារសុវត្ថិភាព សុខុមាលភាព ការផ្ដល់សេវាព្យាបាល ការឈប់សម្រាកការចុះកិច្ចសន្យាការងារ និងការការពារអំពីសន្ដិសុខសង្គមដើម្បីធានាថា ទូកនេសាទទាំងអស់ត្រូវតែផ្ដល់លក្ខខណ្ឌរស់នៅសមរម្យដល់ពលករ។

លោក Adul Sangsingkeo រដ្ឋមន្ត្រីក្រសួងការងារថៃបានបញ្ជាក់ថា ការផ្ដល់សច្ចាប័ននេះ គឺដើម្បីធានាឱ្យលក្ខខណ្ឌការងារផ្នែកនេសាទសមស្របនឹងស្ដង់ដារបស់ ILO។ លោកថា៖ «វាបង្ហាញអំពីការប្ដេជ្ញាចិត្តដ៏ពេញលេញរបស់ថៃ ដើម្បីលើកកម្ពស់ស្ដង់ដានៃការការពារសម្រាប់ពលករនេសាទថៃ និងពលករនេសាទជាជនអន្តោប្រវេសន៍ដើម្បីបន្ថយការបង្ខំលើកម្លាំងពលកម្ម»

អង្គការ ILO បានបង្ហាញថា កាលពីឆ្នាំ ២០១៧ អ្នកបម្រើការក្នុងវិស័យផលិតកម្មគ្រឿងសមុទ្រ និងពលករនេសាទនៅថៃមានជាង ៦ សែននាក់ក្នុងនោះ ៣ សែន ២ ពាន់នាក់គឺជាពលករជនអន្តោប្រវេសន៍ ហើយបើគិតតែជនអន្តោប្រវេសន៍ចុះទូកនេសាទមានសរុប ៥ ម៉ឺន ៧ ពាន់នាក់ ដែលបម្រើការងារលើទូកចំនួន ១០៥៥។

យ៉ាងណាក្ដី លោក មុំ សុខចា នាយកអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ដ្រីបានថ្លែងកាលពីម្សិលមិញថា ការចុះអនុសញ្ញានេះគ្រាន់តែជាការចាប់ផ្ដើមរបស់ថៃប៉ុណ្ណោះ ហើយអ្វីដែលលោកចង់ឃើញនោះគឺថៃត្រូវបង្កើតច្បាប់ និងគោលនយោបាយផ្សេងៗ ដើម្បីអនុវត្តការពារដល់ពលករលើទូកនេសាទ។ លោកថា៖ «ថ្វីដ្បិត EU ផ្ដល់កាតលឿងឱ្យថៃក៏ដោយ ប៉ុន្តែយើងនៅតែសង្កេតឃើញថា ពលករនេសាទនៅតែជួបបញ្ហា ដូចជា ការកាត់ប្រាក់ឈ្នួលឬក៏ការមិនបើកប្រាក់ឈ្នួល មានការកេងប្រវ័ញ្ចជាដើម ដែលថៃគួរយកចិត្តទុកដាក់បន្ថែមទៀត»។ លោក មុំ សុខចា បន្តថា កន្លងមកតាមការចុះទៅសម្ភាសផ្ទាល់គឺពលករនេសាទខ្មែរនៅថៃប្រាប់ថា ពួកគេខ្លះត្រូវបានថៅកែប្រើហិង្សាវាយដំរាងកាយដើម្បីបង្ខំឱ្យធ្វើការចាប់ពី ១២ ទៅដល់ ១៤ ម៉ោង និងខ្លះទៀតត្រូវបង្ខំឱ្យប្រើគ្រឿងញៀន ដើម្បីមានកម្លាំងធ្វើការទាំងយប់ ថ្ងៃ ដែលបញ្ហានេះ ច្រើនកើតលើពលករចេញនេសាទឆ្ងាយៗ និងយូរថ្ងៃ។ ថ្វីដ្បិតមិនមានតួលេខបង្ហាញច្បាស់ក្ដី ប៉ុន្តែលោក មុំ សុខចា បញ្ជាក់ថា តាមតួលេខមិនផ្លូវការគឺមានពលករនេសាទខ្មែរនៅថៃអាចច្រើនជាងពី ២ ទៅ ៣ ម៉ឺននាក់។ ចំណែកលោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានលើកឡើងដែរថា តាមការស្រាវជ្រាវគឺពលករនេសាទបរទេសនៅថៃរួមទាំងមកពីកម្ពុជាផងគឺសុទ្ធតែមិនស្របច្បាប់ និងប្រឈមការជួញដូរមនុស្ស។ លោក ថេហូយ៉ា បន្ថែមទៀត ដោយសារគេស្រាវជ្រាវឃើញបញ្ហានេះ ទើបថៃរងសម្ពាធពីសហភាពអឺរ៉ុប ហើយថ្មីៗនេះថៃក៏បង្កើតការិយាល័យផ្ដល់ភាពស្របច្បាប់ដល់ពលករនេសាទ។លោកថា៖ «ខាង EU គេចេញកាតលឿងដាក់ពិន័យហ្នឹងបានធ្វើឱ្យថៃខាតបង់ប្រហែល ៤០% នៃការនាំគ្រឿងសមុទ្រចេញ អ៊ីចឹងហើយចាប់ផ្ដើមឃើញថៃកែប្រែអាច្បាប់បុរាណទៅជាច្បាប់សម័យទំនើបគឺច្បាប់ស្ដីអំពីឧស្សាហកម្មនេសាទ ហើយក្នុងហ្នឹងឃើញថា គេ (ថៃ) កំណត់ឱ្យទូកដែលចុះទៅសមុទ្រជ្រៅៗមិនលើសពី ៣០ ថ្ងៃទេ ត្រូវត្រឡប់មកវិញ ហើយក្នុងហ្នឹងគេមានគណៈកម្មការតាមដានមុនទូកចេញទៅ គេតាមដានមានចំនួនមនុស្សប៉ុន្មានពិនិត្យមើលទាំងសុខភាព និងមានទូកចំនួនប៉ុន្មាន»។

បើតាម ILO ថៃនឹងបញ្ចូលអនុសញ្ញានេះទៅក្នុងច្បាប់ជាធរមាននៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ក្រោយពីផ្ដល់សច្ចាប័ន ១ ឆ្នាំ។ ភ្នំពេញប៉ុស្ដិ៍មិនទាន់អាចសុំការបកស្រាយបន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារជុំវិញស្ថានភាពពលករនេសាទខ្មែរនៅថៃបាននៅឡើយទេនៅថ្ងៃម្សិលមិញ៕ Contact author: ខន សាវិ

website_news/2019010203.txt · Last modified: 2019/02/01 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki