website_news:2019010301

ចាប់បានហើយមេការល្បីរន្ទឺជួញដូរមនុស្សយូរឆ្នាំនៅក្រុងតាខ្មៅ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ១០:៣៨ ប៉ឹង ឆដា

ខេត្តកណ្តាល ៖ ប្រតិបត្តិការណ៍ដ៏ក្តៅគគុកនេះបានធ្វើឱ្យមហាជនត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបករណីសញ្ចរកម្មសង្គ្រោះជនរងគ្រោះ៦នាក់ និងឃាត់ខ្លួនមេការម្នាក់ដែលកំពុងល្បីរន្ទឺខាងរកស៊ីជួញដូរមនុស្សយូរឆ្នាំណាស់មកហើយ។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះ សំណាក់យីហោ សុខ វិសាល ផ្លូវលេខ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ។

ជនសង្ស័យជាមេការល្បីរន្ទឺខាងលើឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ហៅក្រៅក្រពុំឈូក មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើតនៅភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ចំណែកជនរងគ្រោះ១-ឈ្មោះ លីហួ អនីតិជន ២-ឈ្មោះ ម៉ៅ រក្សា ៣-ឈ្មោះ សៀង គា ៤-ឈ្មោះ ធី ចាន់លីណា ៥-ឈ្មោះ មុន លក្ខិណា និង៦-ឈ្មោះ ពេជ្រ រតនា។

តាមនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា មានមេការម្នាក់បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ភ្លាមនោះលោក រស់ សាវិន ប្រធានការិយាល័យការជួញដូរមនុស្ស សហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ស្រាប់តែ ឃើញមនុស្សប្រុសស្រីជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៍មកពិតមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញខេត្ត ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការិយាជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភពីអង្គការមេត្រីអន្តរជាតិ៕

website_news/2019010301.txt · Last modified: 2019/03/01 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki