website_news:2019010407

ជប៉ុនចេញច្បាប់អន្តោប្រវេសន៍ថ្មីបើកដៃឱ្យ១ទំហឹង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ១៥:១៦ ណៃ ដាលីន

ប្រទេសជប៉ុន៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ វិសោធនកម្មថ្មីលើច្បាប់ស្តីពីការធ្វើអន្តោប្រវេសន៍នឹងចាប់ចូលជាធរមានដែលអនុញ្ញាតឲ្យមានចេញជាទិដ្ឋាការសម្រាប់ពលករមានជំនាញច្បាស់លាស់មួយចំនួន។ ប្រភេទទិដ្ឋាការថ្មីនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកង្វះពលករក្នុងស្រុកខណៈដែលចំនួនប្រជាជនសរុបក្នុងប្រទេសកំពុងតែធ្លាក់ចុះ។ ប្រសិនបើមានប្រសិទ្ធិភាព វាអាចបង្កឲ្យមានលំហូរចូលនៃពលករបរទេសក្នុងប្រទេសជប៉ុនដែលនឹងត្រូវការផ្ទះនិងសេវាកម្មផ្សេងៗ។

វិធានការថ្មីនេះមានគោលដៅនាំយកជនអន្តោប្រវេសន៍ប្រមាណ៣៤៥,០០០នាក់ចូលមកកាន់ប្រទេសជប៉ុនក្នុងកំឡុងពេល៥ឆ្នាំខាងមុខនេះ។ គោលដៅសម្រាប់ឆ្នាំទីមួយគឺប្រមាណ ៤៧,៥៥០នាក់។ ទិដ្ឋាការប្រភេទថ្មីនេះមានភាពខុសគ្នាពីកម្មវិធីហ្វឹកហាត់អ្នកហាត់ការបច្ចេកទេសដែលទទួលបានការរិះគន់យ៉ាងខ្លាំងព្រោះពលករបរទេសត្រូវបានចាត់ទុកជាបុគ្គលិកធម្មតា និងអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ទៀតផង។ យោងទៅតាមលោក Shotaro Tanaka ដែលជាភ្នាក់ងារលក់អចលនទ្រព្យមួយរូបនៅ Apts.jp ដែលជាក្រុមហ៊ុនផ្តល់សេវាស្នាក់នៅដល់ជនបរទេសក្នុងប្រទេសជប៉ុនបានឲ្យដឹងថា ការផ្លាស់ប្តូរនេះអាចនឹងបង្កឥទ្ធិពលយ៉ាងខ្លាំងសម្រាប់តំបន់ជាយទីក្រុងធំៗ។ លោកបាននិយាយថា «អ្នកដែលធ្វើការក្នុងវិស័យមួយចំនួនដូចជាការងាររោងចក្រ សាងសង់ និងកសិកម្មនឹងត្រូវការកន្លែងស្នាក់នៅក្នុងតំបន់ជាយទីក្រុង ឬនៅជនបទ។ ជាទូទៅមានភ្នាក់ងារអចលនទ្រព្យដែលចេះនិយាយភាសាអង់គ្លេសតិចណាស់ក្នុងតំបន់ទាំងនេះ ហើយម្ចាស់ផ្ទះក្នុងតំបន់អាចនឹងមិនស្វាគមន៍អ្នកជួលជាជនបរទេសផងដែរ ប៉ុន្តែមានអង្គការមួយចំនួនកំពុងតែព្យាយាមសម្របទៅតាមតម្រូវការទីផ្សារហើយ»។ ដូច្នេះអ្នកដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងគេអាចជាក្រុមហ៊ុនផ្តល់សេវាស្នាក់នៅដូចជា Village House ដែលជាក្រុមហ៊ុនបង្កើតឡើងដោយក្រុមវិនិយោគអាមេរិកក្រោម Softbank Group ៕

website_news/2019010407.txt · Last modified: 2019/04/01 12:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki