website_news:2019010702

រដ្ឋបាលខេត្តរតនគិរីប្រារព្ធយុទ្ធនាការផ្សព្វផ្សាយស្តីពីសិទ្ធិកុមារ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 29/06/2019

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តរតនគិរីដែលមាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាសេនាធិការបាន សហការណ៍គ្នាជាមួយអង្គការ អេស.អូរ.អេសនិងអង្គការ ហ្វរ.រ៉ាម. ស៊ីបរៀបចំឲ្យមានយុទ្ធនាការការផ្សព្វផ្សាយស្ដីពីសិទ្ធិកុមារ។ យុទ្ធនាការខាងលើនេះ ប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធមម៌ និងវិចិត្រសិល្បៈក្រោមអធិបតីភាពលោក ថង សាវុនអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ លោកមេបញ្ជាការ មេបញ្ជារងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង,ស្រុក យុវជនជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ព្រមទាំងសិស្សានុសិស្ស មកពីបណ្ដាសាលាក្នុងខេត្តរតនគិរី យ៉ាងច្រើនកុះករផងដែរ។

មានប្រសាសន៍ សំណេះសំណាលនាឱកាសនេះ លោក ថង សាវុន បានចាត់ទុកយុទ្ធនាការផ្សព្វផ្សាយស្តីពីសិទ្ធិកុមារ ដែលបានប្រារព្ធធ្វើឡើងនាពេលនេះគឺពិតជាមានសារៈសំខាន់សម្រាប់ក្មួយៗសិស្សានុសិស្សបានយល់កាន់តែច្បាស់អំពីសិទ្ធិរបស់ខ្លួន។ លោកបន្តថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងបានផ្តល់សច្ចាប័នលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើបេស្សាកម្មកុមារ និងរូបភាពអាសអាភាសកុមារ និងស្តីពីការចូលរួមរបស់កុមារនៅក្នុងជន្លោះប្រដាប់អាវុធនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់បញ្ជូលគោលការណ៍នៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅក្នុងច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងកុមារជាពិសេសបានបញ្ជូលទៅក្នុងមាត្រា៤៨នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជណាចក្រកម្ពុជាដែលបានកំណត់ថា(រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលបាននូវការអប់រំរៀនសូត្រ សិទ្ធិទទួលបាននូវការគាំពារក្នុងស្ថានភាពមានសង្គ្រាមនិងការការពារប្រឆាំងនិងអាជីវកម្មសេដ្ឋកិច្ច ឫកាមគុណលើកុមារ។ លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិដើម្បីកុមារ កម្ពុជាបានបង្ហាញនូវឆន្ទៈ និងការអនុវត្តអនុញ្ញាស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិយ៉ាងសកម្ម។ ដោយតាមរយៈការចូលរួមពីក្រសួងស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន គ្រួសារក្នុងសហគមន៍ រួមនឹងអ្នកពាក់ព័ន្ធក្នុងការអនុវត្តនូវកម្មវិធីកាងារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រជាតិគាំពារសង្គមផងដែរ។

គួរបញ្ជាក់ថា បើតាមការលើកឡើងពីលោក វ៉ា វល័ក្ខណ៍ ប្រធានភូមិកុមារ អេស អូរ អេស ខេត្តរតនគិរី បានឲ្យដឹងថាអង្គការភូមិកុមារ អេស អូរ អេស អន្តរជាតិ បានបង្កើតឡើងដោយលោក បណ្ឌិត ហ័រមាណ ម៉ៃន័រ នៅឆ្នាំ១៩៤៩ ហើយមានទីស្នាក់ការនៅប្រទេសអូទ្រីស។ បច្ចុប្បន្នអង្គការនេះ បានធ្វើសកម្មភាពនៅប្រទេសចំនួន ១៣៥ នៅលើសកលលោក។ លោកប្រធានភូមិកុមារអេស អូរ អេស ខេត្តរតនគិរី បានបន្តទៀតថា លោក ហីលមុត គូទីន បានធ្វើជាប្រធានអង្គការ អេស អូរ អេស អន្តរជាតិចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០១២។ ប្រធានភូមិកុមារ អេស អូ អេស រូបនេះបន្តថា ក្រោមការដឹកនាំរបស់លោក ហីលមុត គូទីន អង្គការនេះ បានបន្តនិរន្តភាព របស់ខ្លួនបង្កើតបានសមិទ្ធិផលជាច្រើនពាស់ពេញពិភពលោក សម្រាប់សុខុមាលភាពកុមារ។ ទន្ទឹមនឹងនេះដែរ អង្គការ អេស អូរ អេស អន្តរជាតិ ជាអង្គការដែលមើលថែទាំកុមារកំព្រា កុមារបាត់បង់ការថែរទាំពីឪពុកម្ដាយ ដោយជម្រុញ និងលើកកំពស់សិទ្ធកុមារគ្រប់រូប ឲ្យធំលូតលាស់ ដោយមានសេចក្ដីស្រលាញ់ គោរព និងមានសុវត្ថិភាព ជាពិសេសត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលបាននិងកំពុងសហការណ៍ជាមួយ ក្រសួងសង្គមកិច្ច អតីតៈយុទ្ធជន និងយុវនីតិសម្បទា តាំងពីឆ្នាំ១៩៩៩មកម្លេះ ដោយសម្រេចបានសមិទ្ធផលជាច្រើន ។ យុទ្ធនាការផ្សព្វផ្សាយស្ដីពីសិទ្ធកុមារនាថ្ងៃនេះដែរ បន្ទាប់ពីធ្វើកម្មវិធីនៅសាលមហោស្រពរួចមក អង្គពិធីនេះ បានដង្ហែរក្បួនផ្សព្វផ្សាយ ក្នុងក្រុងបានលុង និងដង្ហែរព័ទ្ធជុំវិញផ្សារក្រុងបានលុង ខេត្តរតនគិរីផងដែរ៕

website_news/2019010702.txt · Last modified: 2019/07/01 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki