website_news:2019010703

របាយការណ៍៖ ពលករចំណាកស្រុកខ្មែរនៅថៃបានជួយសេដ្ឋកិច្ចប្រទេសទាំងពីរយ៉ាងសម្បើម

https://www.rfa.org/khmer/ ដោយ ជី វិតា 2019-06-29

របាយការណ៍ស្រាវជ្រាវរបស់អង្គការទេសន្តរប្រវេសក៍អន្តរជាតិ ហៅកាត់ថា អាយអូអិម (IOM) សហការជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីផ្នែកជនចំណាកស្រុក នៃសកលវិទ្យាល័យជូឡាឡងកន (Chulalongkorn)បង្ហាញថា ពលករខ្មែរចំណាកស្រុកនៅប្រទសថៃ បានជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា និងថៃ យ៉ាងសម្បើម។ របាយការណ៍ក៏បង្ហាញដែរថា ក្នុងចំណោមពលករខ្មែរស្របច្បាប់ចំនួនជាង ៦សែននាក់ (៦៥០០០០) បានបញ្ជូនកូនៗរបស់ពួកគេតិចតួចណាស់ដែលបានទៅសាលារៀន។ ការស្រាវជ្រាវរបស់អង្គការអាយអូអិម (IOM) សហការជាមួយសកលវិទ្យាល័យជុឡាឡងកន(Chulalongkorn) បង្ហាញថា ចំនួនមធ្យមនៃទឹកប្រាក់ដែលពលករខ្មែរម្នាក់ៗផ្ញើទៅឱ្យសាច់ញាតិនៅឯស្រុកកំណើត គឺ ១.២២៨ ក្នុងមួយឆ្នាំៗ។ ក្នុងចំណោមពលករខ្មែរជាងប្រាំបួនរយនាក់ (៩០០) នាក់ ពីខេត្តចំនួនប្រាំមួយ (៦) ក្នុងប្រទេសថៃ ដែលត្រូវបានសាកសួរដោយក្រុមស្រាវជ្រាវធ្វើឡើងពីចន្លោះខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០១៨ និយាយថា លុយចំនួននេះ មានសារសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ ព្រោះវាបានជួយឱ្យជីវភាពគ្រួសាររបស់ខ្លួននៅឯស្រុកប្រសើរឡើង។ លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានដាក់បង្ហាញក្នុងសន្និសីទសារព័ត៌មានមួយនៅក្លិបអ្នកការសែតបរទេស (FCC) នៅទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រ ទី២៨ មិថុនា។

ទោះជាយ៉ាងណា ពលករខ្មែរនៅប្រទេសថៃ មានបញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន ភាគច្រើននៃកូនៗរបស់ពួកគេមិនបានទៅសាលារៀន ជាពិសេសកូនៗរបស់កម្មករសំណង់ ដោយសារត្រូវផ្លាស់ប្ដូរកន្លែងធ្វើការញឹកញាប់ និងដោយសារកង្វះព័ត៌មាន។ ច្បាប់ថៃអនុញ្ញាតឱ្យកូនៗរបស់ពលករចំណាកស្រុកទាំងអស់ មិនថាជាជនជាតិណាទេ អាចចូលរៀនសាលាថៃបាននៅតំបន់ដែលឪពុកម្ដាយរបស់ក្មេងៗធ្វើការ។ សាស្ត្រាចារ្យសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) អ្នកស្រីព្រឹមចៃ វុងសិរិភិសាន (Premjai Vungsiriphisal) មានប្រសាសន៍ថា បច្ចុប្បន្នមានកុមារៗសរុបប្រមាណប្រាំបួនម៉ឺន (៩០.០០០នាក់ ដែលជាកូនៗរបស់ពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ឬភូមា កម្ពុជា និងឡាវ កំពុងរៀននៅក្នុងសាលាថៃក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទោះជាយ៉ាងណា អ្នកស្រីមិនដឹងថា ចំនួនកូនៗពលករខ្មែរមានប៉ុន្មាននោះទេដែលបានចូលរៀន ប៉ុន្តែអ្នកស្រីដឹងថា មានតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅកូនៗរបស់ពលករជនជាតិភូមា។ អ្នកស្រីថា នៅប្រទេសថៃ មានអង្គការក្រៅរដ្ឋាភិបាលភូមាជាច្រើនធ្វើសកម្មភាពជួយដល់ពលករចំណាកស្រុកភូមា ជាពិសេសបានបង្កើតមណ្ឌលសិក្សាក្រៅប្រព័ន្ធជាច្រើនកន្លែងឱ្យកូនៗរបស់ពលករភូមាអាចរៀនសូត្របាន។ អ្នកស្រីថា សម្រាប់ពលករខ្មែរ នៅមិនទាន់មានអង្គការក្រៅរដ្ឋាភិបាលខ្មែរធ្វើបែបនៅឡើយទេ។ ទោះយ៉ាងណាក្តីអ្នកស្រីថា ឪពុកម្ដាយពលករខ្មែរគួរទៅសុំចុះឈ្មោះកូនៗនៅសាលារៀនតាមមូលដ្ឋាននីមួយៗដែលពួកគេរស់នៅ។

ចំណែកស្ថានទូតកម្ពុជានៅទីក្រុងបាងកកវិញ អ្នកស្រីថា គួរជួយពលរដ្ឋខ្លួនឱ្យទទួលបានព័ត៌មានចាំបាច់នានា ដើម្បីឱ្យកូនៗរបស់ពួកគេចូលរៀនសាលាថៃបាន ព្រោះថា ការរសិក្សាសំខាន់ណាស់សម្រាប់ក្មេង៖ «ស្ថានទូតគួរតែជួយសម្រួលដល់ដំណើរនៃការធ្វើចំណាកស្រុករបស់ពលករ ឱ្យមានសុវត្ថិភាព មានថ្លៃចំណាយទាប និងឆាប់រហ័សជាងមុន ដើម្បីឱ្យអ្នកដែលចង់ចំណាកស្រុកមកធ្វើការនៅប្រទេសថៃមិនសូវជួបការលំបាក។ ហើយបើពួកគេយកកូនមកជាមួយ ស្ថានទូតគួរត្រួតពិនិត្យសុខុមាលភាពរបស់ពួកគេ ជាពិសេសការសិក្សារៀនសូត្ររបស់ក្មេង ធានាថាកូនក្មេងទាំងនោះទទួលបានការអប់រំ។ ពេលខ្ញុំនិយាយពីការអប់រំ មិនមែនមានន័យថា យើងត្រូវតែបញ្ជូនពួកគេទៅសាលាទេ គឺយើងអាចផ្ដល់ការអប់រំណាដែលសមស្របទៅនឹងតម្រូវការរបស់ពួកគេ»។

ទាក់ទងនឹងការធានារ៉ាប់រងសុខភាពរបស់ពលករខ្មែរវិញ សាស្ត្រាចារ្យ ព្រឹមចៃ វុងសិរិភិសាន (Premjai Vungsiriphisal) មានប្រសាសន៍ថា ច្បាប់ថៃ តម្រូវឱ្យថៅកែក្រុមហ៊ុននីមួយៗនៅក្នុងប្រទេសថៃ ផ្ដល់ការធានារ៉ាប់រងផ្នែកសុខភាពដល់ពលករ មានន័យថា យ៉ាងហោចណាស់ ពួកគេអាចទទួលបានការការពារក្នុងកម្រិតណមួយល៖ «ប៉ុន្តែបើសិនជាពួកគេមិនទទួលបានការធានារ៉ាប់រងសុខភាពទេ នៅពេលពួកគេឈឺ ពួកគេទៅមន្ទីរពេទ្យ ពួកគេអាចនឹងត្រូវគេតម្រូវឱ្យបង់ថ្លៃសេវាព្យាបាលដោយខ្លួនឯង។ ទោះជាយ៉ាងណា បើមិនមានលទ្ធភាពបង់ថ្លៃសេវាក៏ដោយ ក៏ពួកគេនៅតែអាចទទួលបានការព្យាបាលដែរ។ ក៏ប៉ុន្តែជាធម្មតា បើមិនមានធានារ៉ាប់រងសុខភាពទេ ពួកគេនឹងត្រូវតម្រូវឱ្យបង់ថ្លៃព្យាបាលសិន មុននឹងទទួលបានការព្យាបាល។ អង្គការក្រៅរដ្ឋាភិបាលកំពុងព្យាយាមណែនាំនូវសេវាធានារ៉ាប់រងប្រភេទផ្សេងៗ ដែលមានតម្លៃថោក តែនៅតែអាចឱ្យយើងទទួលបានសេវាសុខភាព។ ប៉ុន្តែវាអាស្រ័យលើពលករខ្លួនឯង ថាតើពួកគេយល់ដឹងពីសារសំខាន់នៃសេវាធានារ៉ាប់រងឬទេ ព្រោះថា ពួកគេខ្លះមិនចង់ចំណាយបន្ថែមពីលើថ្លៃចុះបញ្ជីនោះទេ។ តាមការពិត សេវាធានារ៉ាប់រង មានប្រយោជន៍សម្រាប់ពួកគេទេតើ។ ដូច្នេះខ្ញុំយល់ថា ការយល់ដឹងរបស់ពលករក៏សំខាន់ដែរ»។

របាយការណ៍ ៧០ទំព័ររបស់អង្គការអាយអូអិម (IOM) សហការជាមួយសកលវិទ្យាល័យជុឡាឡុងកន នៅទីក្រុងបាងកក ស្នើឱ្យរដ្ឋាភិបាលថៃ ធានាដល់ពលករចំណាកស្រុកនូវប្រាក់ខែគោលដែលកំណត់ក្នុងច្បាប់ថៃ។ ត្រូវធានាដល់ពលករចំណាកស្រុកទាំងអស់នូវការធានារ៉ាប់រងសុខភាព និងការធានាថ្លៃចំណាយលើគ្រោះថ្នាក់នៅកន្លែងធ្វើការ។ សំរាប់ការជួយដល់ពលករចំណាកស្រុកខ្មែរវិញ របាយការណ៍ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ហ្វឹកហ្វឺនបង្រៀនពលករខ្លួនដែលត្រៀមចាកចេញពីកម្ពុជានូវការយល់ដឹងចាំបាច់នានា រួមទាំងការចុះឈ្មោះកូនចូលរៀននៅប្រទេសថៃ។ បង្កើតមូលនិធិខ្ចីប្រាក់សម្រាប់ពលករដើម្បីកុំឱ្យពលករទៅខ្ចីបុលពួកឈ្មួញដែលយកការប្រាក់ខ្ពស់។ សហការជាមួយស្ថាប័នហិរញ្ញវត្ថុដែលយកថ្លៃសេវាផ្ញើប្រាក់ទៅផ្ទះ សមរម្យ។ របាយការណ៍ក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់ពលករដែលធ្វើមាតុភូមនិវត្តន៍មករស់នៅកម្ពុជាវិញ ដើម្បីសម្រួលឱ្យពួកគេអាចបង្កើតមុខរបរ ឬប្រើប្រាស់ជំនាញរបស់ពួកគេដែលទទួលបានមកពីប្រទេសថៃ ឱ្យមានប្រសិទ្ធភាពក្នុងកម្រិតខ្ពស់៕

website_news/2019010703.txt · Last modified: 2019/07/01 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki