website_news:2019010704

IOM: ពលករខ្មែរនៅថៃ បានប្រាក់ឈ្នួលតិចជាងប្រាក់ឈ្នួលអប្បបរមា

https://www.postkhmer.com/ រី សុចាន់ | Publication date 01 July 2019 | 09:29 ICT

ភ្នំពេញៈ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM និងមជ្ឈមណ្ឌលស្រាវជ្រាវទេសន្តរប្រវេសន៍អាស៊ីនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេស ថៃ (ARCM) បានរកឃើញថា ពលករកម្ពុជាដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេស ថៃ ភាគច្រើនគឺក្រីក្រ ហើយទៅធ្វើការពឹងផ្អែកលើកម្លាំងពលកម្មដោយទទួលបានប្រាក់ឈ្នួលតិចជាងប្រាក់ឈ្នួលអប្បបរមារបស់ខេត្តថៃដែលពួកគេធ្វើការ។

សេចក្តីប្រកាសព័ត៌មានរបស់ IOM ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបញ្ជាក់ថា៖ «ការវាយតម្លៃពីការផ្លាស់ប្តូរដ៏មានសក្តានុពល ទៅលើលក្ខណៈការធ្វើចំណាកស្រុករបស់ពលករកម្ពុជា និងផលប៉ះពាល់របស់ពួកគេទៅលើប្រទេស ថៃ និងកម្ពុជា» បានអង្កេតពីស្ថានភាពប្រជាជនកម្ពុជា ប្រមាណ ៦៥ ម៉ឺននាក់ ដែលធ្វើការនៅប្រទេស ថៃ គឺស្ថិតក្នុងចំណោមការសិក្សាស្រាវជ្រាវនេះ»។ ការសិក្សានេះបានធ្វើការស្ទង់មតិកម្មករចំណាកស្រុកកម្ពុជាជាង ៩០០ នាក់ នៅក្នុងខេត្តថៃចំនួន ៦ ហើយបានសម្ភាសអ្នកពាក់ព័ន្ធសំខាន់ៗប្រមាណ ១២២ នាក់ រួមមានមន្រ្តីរដ្ឋាភិបាលនិយោជិត និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ដោយប្រើប្រាស់វិធីសាស្ត្របរិមាណ និងគុណភាព។ សេចក្តីប្រកាសព័ត៌មាន បន្តថា ពលករចំណាកស្រុកកម្ពុជាភាគច្រើន នៅក្នុងប្រទេសថៃមានភាពក្រីក្រ មុនពេលពួកគេធ្វើចំណាកស្រុកនិងជ្រើសរើសចាកចេញពីប្រទេសកម្ពុជាដោយសារតែមានឱកាសការងារល្អប្រសើរ និងមានប្រាក់ខែខ្ពស់ នៅពេលឆ្លងកាត់ព្រំដែន។ ឥឡូវនេះ ពលករចំណាកស្រុកភាគច្រើនធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ច ដែលពឹងផ្អែកលើកម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាបរួមមានវិស័យកសិកម្ម សំណង់ នេសាទ និងផលិតកម្ម។ សេចក្តីប្រកាសព័ត៌មានបន្តថា ខណៈដែល ៩៧ ភាគរយ នៃពលករកម្ពុជា បានរាយការណ៍ថា លក្ខខណ្ឌការងាររបស់ពួកគេគឺ «ល្អ» ឬ «ពេញចិត្ត» ការសិក្សាបានរកឃើញថា ១ ភាគ ៣ នៃអ្នកដែលត្រូវបានស្ទង់មតិទទួលបានប្រាក់ឈ្នួលតិចជាងប្រាក់ឈ្នួលអប្បបរមារបស់ខេត្តថៃ ដែលពួកគេធ្វើការ។ សេចក្តីប្រកាសព័ត៌មានបន្តថា ទោះបីជាប្រាក់ឈ្នួលទាប ពលករចំណាកស្រុកកម្ពុជា ក្នុង ១ នាក់ បានផ្ញើប្រាក់ទាំងនេះមកកាន់គ្រួសាររបស់ពួកគេ នៅប្រទេសកម្ពុជាជាមធ្យមចំនួន ៣៩ ៣១២ បាត (១ ២២៨ ដុល្លារ) ក្នុង ១ ឆ្នាំ។ អ្នកដែលត្រូវបានសម្ភាសនិយាយថា ការផ្ញើប្រាក់នេះគឺសំខាន់ណាស់ក្នុងការធ្វើឱ្យជីវភាពរស់នៅគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង។

ជាមួយគ្នានេះ ពលករកម្ពុជា ក៏បានរាយការណ៍អំពីអត្ថប្រយោជន៍ផ្សេងទៀតពីការធ្វើចំណាកស្រុកនេះផងដែរ ដូចជាការកើនឡើងនូវប្រាក់សន្សំ និងការអភិវឌ្ឍជំនាញថ្មី ដែលពួកគេរំពឹងថា នឹងជួយឱ្យពួកគេអាចស្វែងរកការងារល្អដែលមានប្រាក់កម្រៃខ្ពស់ទាំងនៅក្នុងប្រទេសថៃ និងកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន ទោះបើជាច្បាប់ស្តីពីការធ្វើចំណាកស្រុក របស់ថៃ មិនត្រូវបានអនុញ្ញាតឱ្យនាំយកក្រុមគ្រួសារពលករ ទៅជាមួយខ្លួនក៏ដោយក៏ពលករចំណាកស្រុកកម្ពុជា មានបំណងធ្វើចំណាកស្រុកទាំងប្តី ប្រពន្ធផងដែរ។ ៣ ភាគ ៤ នៃអ្នកដែលត្រូវបានសម្ភាសបានរៀបការ ហើយ ៨៥ ភាគរយ នៃអ្នកទាំងនោះ កំពុងរស់នៅជាមួយប្តី ឬប្រពន្ធនៅក្នុងប្រទេស ថៃ។ ជាងពាក់កណ្តាលនៃអ្នកត្រូវបានសម្ភាសមានកូន ប៉ុន្តែកូនរបស់ពួកគេ តែងតែត្រូវបានទុកឱ្យសាច់ញាតិរបស់ពួកគេជាអ្នកមើលថែទាំ នៅក្នុងប្រទេស កម្ពុជា។ លើសពីនេះទៅទៀតពលករចំណាកស្រុកកម្ពុជា ហាក់ដូចជាមានបំណងវិលត្រឡប់ទៅប្រទេសថៃវិញជាច្រើនលើក។ ជិត ៣ ភាគ ៤ នៃអ្នកត្រូវបានសម្ភាសបានធ្វើការនៅប្រទេស ថៃ ពីមុនមក។ ទោះបីជាភាគច្រើន មានផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញក៏ដោយ តែមានតិចតួចណាស់ ដែលពួកគេ មានបំណងវិលប្រឡប់មកវិញក្នុងពេលឆាប់ៗ។ ជារឿយៗ ពួកគេចង់ស្នាក់នៅ ៦ ឆ្នាំ ឬក៏ច្រើនជាងនេះទៀត មុននឹងវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ របាយការណ៍នេះសន្និដា្ឋនដោយផ្តល់អនុសាសន៍សម្រាប់រដ្ឋាភិបាលថៃ និងកម្ពុជា និងដៃគូអភិវឌ្ឍន៍ដើម្បីរៀបចំជាគោលនយោបាយយុទ្ធសាស្ត្រ និងអន្តរាគមន៍ផ្អែកលើភ័ស្តុតាង ដើម្បីផ្តល់អត្ថប្រយោជន៍អភិវឌ្ឍនៃការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាពត្រឹមត្រូវនិងទៀងទាត់ឱ្យបានកម្រិតខ្ពស់។

លោក Nathan Webb អ្នកគ្រប់គ្រងគម្រោង IOM ដែលជាអ្នកត្រួតពិនិត្យរបាយការណ៍នេះបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «រយៈពេលជាង ៥ ទសវត្សរ៍មកនេះ ពលករកម្ពុជា បានធ្វើចំណាកស្រុកទៅប្រទេស ថៃ មានចំនួនច្រើនដើម្បីធ្វើការងារ។ ចំណាកស្រុកនេះ បានរួមចំណែកដល់សេដ្ឋកិច្ចថៃនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញកង្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ថៃ។ ការសិក្សានេះ ដើរតួជាចំណុចចាប់ផ្តើមដ៏ល្អ សម្រាប់ពលករចំណាកស្រុកទាំងអស់ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីលក្ខណៈនៃការធ្វើចំណាកស្រុកទៅប្រទេស ថៃ»។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា ការផ្លាស់ប្តូរកម្លាំងពលកម្មនេះ គឺជាចរន្តនៃសកលភាវូបនីយកម្ម និងការសមាហរណកម្មតំបន់ ហើយជាទូទៅប្រទេសដែលពាក់ព័ន្ធតែងតែទទួលផលប្រយោជន៍ទៅវិញទៅមក។ លោកបញ្ជាក់ថា៖ «សម្រាប់កម្ពុជា ក៏យើងទទួលបាននូវផលប្រយោជន៍ ដោយបងប្អូនកម្មករ និយោជិតរបស់យើងទទួលបាននូវប្រាក់បៀវត្សរ៍មួយដែលមានកម្រិតខ្ពស់ជាងបន្តិចនៅក្នុងស្រុក ហើយទី២ គឺមានលទ្ធភាពដើម្បីចាប់យកជំនាញ ឬមួយក៏បច្ចេកវិទ្យាមួយចំនួន ទោះបីជាក្នុងវិស័យកសិកម្មក៏ដោយ ក៏វាអាចខ្ពស់ជាងប្រទេសយើងបន្តិច»។ លោកបញ្ជាក់ថា មួយវិញទៀត ប្រទេសថៃក៏អាចដោះស្រាយកង្វះកម្លាំងពលកម្មផងដែរ។ អ្វីដែលសំខាន់គឺកម្ពុជាត្រូវគ្រប់គ្រងការធ្វើចំណាកស្រុកនេះឱ្យបានល្អប្រសើរ ដើម្បីធានាថា ពលករដែលធ្វើចំណាកស្រុកនោះក្រៅពីទទួលបានប្រាក់បៀវត្សរ៍ និងជំនាញ ពួកគេក៏ទទួលបាននូវការការពារសិទ្ធិមួយពិតប្រាកដ។ លោក ហេង សួរ បញ្ជាក់ថា៖ «សម្រាប់ពលករកម្ពុជានៅថៃនេះដូចដែលយើងបានដឹងហើយ អំពីយុទ្ធនាការនៃការផ្តល់ភាពស្របច្បាប់ដែលយើងនិងរដ្ឋាភិបាលថៃបានឯកភាពគ្នាធ្វើតាំងពីឆ្នាំ ២០១៥ រហូតដល់ ២០១៨ ខែ ៦ (មិថុនា) កន្លងទៅនេះ គឺយើងមានលទ្ធភាពផ្តល់ភាពស្របច្បាប់ ដល់បងប្អូនពលកររបស់យើង ដែលបានចូលទៅដល់ប្រទេស ថៃ មុនខែ មីនា ឆ្នាំ ២០១៨»។

លោក មឿន តុលា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បានទេកាលពីម្សិលមិញ។ ប៉ុន្តែលោកធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែមេសា កន្លងទៅនេះថា ពលករកម្ពុជាធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេស ថៃ កន្លែងខ្លះ មានភាពល្អប្រសើរ។ ប៉ុន្តែកន្លែងខ្លះ នៅមានបញ្ហាខ្លះនៅឡើយ ដូចជាការកាត់ប្រាក់ឈ្នួល ការថែមម៉ោងការងារ ការរក្សាលិខិតឆ្លងដែននៅក្នុងដៃថៅកែ។ល។

លោក តុលា បានបញ្ជាក់ថា ចំណែកពលករធ្វើការនៅលើទូកនេសាទថៃវិញ គឺនៅតែធ្វើការច្រើនម៉ោង ១៨ ម៉ោងក្នុង ១ ថ្ងៃ ឬក៏ច្រើនបំផុត ១០ ម៉ោងក្នុង ១ ថ្ងៃដោយមិនទទួលបានប្រាក់ថែមម៉ោង៕

website_news/2019010704.txt · Last modified: 2019/07/01 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki