website_news:2019010705

កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំលើកទី២៧ គណៈកម្មការព្រំដែននៅដើមខែនេះ លើទឹកដីថៃ

http://bayontv.com.kh/ 01/07/2019

ភ្នំពេញ ៖ កម្ពុជានិងថៃនឹងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនដែលហៅកាត់ថា (RBC) លើកទី២៧ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពិភាក្សាគ្នា នៅក្នុងទិសដៅតែមួយ គឺព្រំដែនដែលមាន សុខសន្តិភាព ស្ថេរភាព នឹងប្រែក្លាយព្រំដែន នៃប្រទេសទាំង២ ឲ្យមានការអភិវឌ្ឍជឿនលឿន បន្ថែមទៀត។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃ ដោយភាគីកម្ពុជា នឹងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងភាគីថៃ ដឹកនាំដោយមេភូមិភាគថៃ ដែលជាប់នឹងព្រំដែនកម្ពុជា។

យោងតាមមន្ត្រីនៃយោធភូមិភាគ៥ ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩នេះបានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាគណៈកម្មការកម្ពុជា-ថៃ (RBC) លើកទី២៧ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះនេះ គឺនឹងផ្ដោតសំខាន់ទៅលើបញ្ហាមួយចំនួនធំដូចជា បញ្ហាប្រជាពលករធ្វើការចំណាកស្រុក បញ្ហាប្រជាពលរដ្ឋធ្វើដំណើរទៅប្រទេសថៃដើម្បីព្យាបាលជំងឺ បញ្ហាបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន បញ្ហាប្រជាពលរដ្ឋខ្មែរចូលឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃ បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាការចរាចរណ៍នៅគ្រឿងញៀនបញ្ហាទប់ស្កាត់ និងបង្ក្រាបនូវភាវរកម្មឆ្លងដែនជាដើម។ ប្រភពដដែល បានបន្តទៀតថា កិច្ចប្រជុំគណៈកម្មការព្រំដែន កម្ពុជា-ថៃ (RBC) លើកទី២៧នេះ គឺនឹងលើកឡើងនូវបញ្ហាទាំងប៉ុន្មាននេះ ដើម្បីរួមគ្នាធ្វើការដោះស្រាយ សំដៅធ្វើការពង្រីង និងពង្រីកបន្ថែមទៀត ទៅលើចំណងសម្ព័ន្ធមេត្រីភាពរវាងព្រំដែនទាំង២ (កម្ពុជា-ថៃ) នៅក្នុងទិសដៅតែមួយ គឺព្រំដែនដែលមាន សុខសន្តិភាព ស្ថេរភាព នឹងប្រែក្លាយព្រំដែន នៃប្រទេសទាំង២ ឲ្យមានការអភិវឌ្ឍជឿនលឿន បន្ថែមទៀត ដើម្បីគុណប្រយោជន៍របស់ប្រជាជននៃប្រទេសទាមងពីរ។

សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំRBC លើកទី២៦ កម្ពុជា-ថៃដែលបានធ្វើឡើងនៅទីក្រុង ប៉ាតាយ៉ាប្រទេសថៃកាលពីកន្លងទៅនោះភាគីទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសន្តិសុខ ដែលមានទី១– ការបង្ការទប់ស្កាត់ការកើតឡើងវិវាទ ទី២– ទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្ម និងភរវកម្មឆ្លងដែន ទី៣– ការពារបង្ក្រាបទប់ស្កាត់គ្រឿងញៀនឆ្លងដែន ទី៤– បង្ក្រាបបទល្មើសតាមព្រំដែន ទី៥– ការឆ្លងកាត់តាមព្រំដែន ទី៦– ទប់ស្កាត់ការជួញដូរមនុស្ស និងក្មេងអនាថា និងទី៧ – ពលករខុសច្បាប់ជាដើម ហើយតាមរយៈកិច្ចប្រជុំភាគីទាំងពីរបាន ស្វែងរកដំណោះស្រាយបង្ការនិងទប់ស្កាត់រួមគ្នា ដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេស ទាំងពីរ៕

website_news/2019010705.txt · Last modified: 2019/07/01 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki