website_news:2019010801

សកម្មជនរិះរកវិធីបញ្ចៀសការកេងប្រវ័ញ្ចពលករនៅជប៉ុន

https://khmer.voanews.com/ 01 សីហា 2019 ម៉ែន គឹមសេង

ប្រទេសជប៉ុនមានគម្រោងជ្រើសរើសកម្មករជំនាញចំនួន៣៤៥.០០០នាក់ក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីធ្វើការងារនៅផ្នែកភោជនីយដ្ឋាន សំណង់ កសិកម្ម និងថែរក្សាមនុស្សចាស់។ ពលករនឹងមកពីបណ្តាប្រទេសមួយចំនួនដែលមានដូចជាចិន ភូមា វៀតណាម ហ្វីលីពីន និងកម្ពុជាជាដើម។ វ៉ាស៊ីនតោន៖ ក្នុងពេលដែលប្រទេសជប៉ុនកំពុងតែត្រៀមលក្ខណៈទទួលយកពលករពីបណ្តាប្រទេសនៅតំបន់អាស៊ី ដើម្បីបំពេញកង្វះខាតកម្លាំងពលកម្មដោយសារតែពលរដ្ឋជប៉ុនមានវ័យចំណាស់ ក្រុមសកម្មជនការពារសិទ្ធិពលករបានស្នើឡើងនូវវិធានការសុវត្ថិភាព និងសន្តិសុខការងារដើម្បីជៀសវាងបញ្ហាប្រឈមនានាដែលបានកើតមានឡើងចំពោះពលករដូចក្នុងពេលកន្លងមក។

សកម្មជនសិទ្ធិពលករដែលមកពីប្រទេសជប៉ុន កម្ពុជា វៀតណាម និងភូមា បានពិភាក្សាគ្នានៅទីក្រុងតូក្យូ កាលពីដើមខែកក្កដា ដោយផ្តោតលើបញ្ហាដែលអាចជួយសម្រួលការងារដល់ពលករដែលមានដូចជាក្រមប្រតិបត្តិសម្រាប់ក្រុមហ៊ុនជ្រើសរើសពលករ ការកំណត់កម្រៃជើងសារទាបបំផុត ប្រព័ន្ធផ្តល់ព័ត៌មានត្រឹមត្រូវ និងសារៈសំខាន់នៃការចងក្រងជាបណ្តាញជាដើម។ ពួកគេទាមទារឱ្យរដ្ឋាភិបាលជប៉ុនរៀបចំគោលការណ៍ជាក់លាក់សម្រាប់ការអនុវត្តដើម្បីជៀសវាងបញ្ហានានា។ នេះបើតាមការបញ្ជាក់របស់បណ្តាញជនចំណាកស្រុកតំបន់មេគង្គ។

អ្នកស្រី រីកូ ហារីម៉ា អ្នកសម្របសម្រួលថ្នាក់តំបន់នៃបណ្តាញជនចំណាកស្រុកតំបន់មេគង្គយល់ថាការកំណត់តម្លៃកម្រៃជើងសារច្បាស់លាស់នឹងជួយទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកទុច្ចរិតមួយចំនួនដែលគំរាមទារប្រាក់ពីពលករច្រើនហួសហេតុដែលធ្វើឱ្យពួកគេជំពាក់បំណុលច្រើន។ អ្នកស្រីរីកូ ហារីម៉ាបានបន្ថែមប្រាប់វីអូអេថា៖ «នៅពេលដែលកម្មករជំពាក់បំណុលគឺពួកគេពិបាកមកដាក់ពាក្យបណ្តឹងនៅការិយាល័យរបស់រដ្ឋាភិបាល អំពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ប្រាក់កម្រៃការងារនិងបញ្ហាការងារដទៃទៀតដែលពួកគេទទួលរងពីថៅកែជប៉ុន‍»។ ក្នុងពេលកន្លងមកមានការយកថ្លៃសេវាជ្រើសរើសខ្ពស់ដូចជានៅប្រទេសវៀតណាមច្បាប់តម្រូវឱ្យយកតែ ៣៦០០ដុល្លារប៉ុន្តែក្រុមហ៊ុនទាររហូតដល់៧០០០ ឬ ១០០០០ដុល្លារ។ រីឯនៅកម្ពុជាមិនមានការកំណត់តម្លៃទេប៉ុន្តែពលករខ្លះបានចំណាយប្រាក់ចន្លោះពី៥០០០ទៅ៧០០០ដុល្លារដើម្បីបានទៅធ្វើការ។ អ្នកស្រីរីកូ ហារីម៉ា បានបន្ថែមថាដោយសារតែហេតុនេះមានពលករមួយចំនួនបានរត់ចោលក្រុមហ៊ុនចាស់ទៅធ្វើការនៅកន្លែងដែលទទួលបានប្រាក់ខែច្រើន៖

«ជារឿយៗរដ្ឋាភិបាលនៅប្រទេសទាំងសងខាង និងក្រុមហ៊ុនជ្រើសរើសពលករនិយាយអំពីពលកររត់ចោលការងារថាជាបញ្ហាមួយ ប៉ុន្តែយើងមើលឃើញថាប្រសិនបើបញ្ហាប្រាក់បំណុលរបស់ពលករត្រូវបានដោះស្រាយដោយការមិនយកកម្រៃជើងសារច្រើន គឺពួកគេនឹងមានសម្ពាធតិចតួច ក្នុងការខិតខំស្វែងរកការងារដែលបានប្រាក់ឈ្នួលខ្ពស់ ហើយយើងជឿថាការរត់ចោលការងារនឹងថយចុះដែរ‍»។

ប្រទេសជប៉ុនមានគម្រោងជ្រើសរើសកម្មករជំនាញចំនួន៣៤៥.០០០នាក់ក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីធ្វើការងារនៅផ្នែកភោជនីយដ្ឋាន សំណង់ កសិកម្ម និងថែរក្សាមនុស្សចាស់។ ពលករនឹងមកពីបណ្តាប្រទេសមួយចំនួនដែលមានដូចជាចិន ភូមា វៀតណាម ហ្វីលីពីន និងកម្ពុជាជាដើម។ ការណ៍នេះដោយសារតែប្រទេសជប៉ុនបានធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍របស់ខ្លួន ដែលមានលក្ខណៈតឹងរ៉ឹងដោយបន្ថែមឱ្យមានទិដ្ឋាការប្រភេទកម្មករជំនាញពិសេស។

ពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេសជប៉ុនគឺធ្វើឡើងក្រោមកម្មវិធីកម្មសិក្សាហើយ បច្ចុប្បន្នមានចំនួន៣.៣២៨នាក់។ កញ្ញា ឆែម ស្រីពៅ កម្មសិក្សាការីខ្មែរម្នាក់បានបញ្ជាក់ប្រាប់វីអូអេថា នាងបានចំណាយប្រាក់ចំនួន៥០០០ដុល្លារដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន។ កញ្ញាបានបន្ថែមទៀតថានៅមានបញ្ហាប្រឈមមួយចំនួនទៀតដែលពលករជួបប្រទះគឺពេលធ្វើការថែមម៉ោងគឺថៅកែបង់ប្រាក់ តែពាក់កណ្តាលនៃតម្លៃឈ្នួលនៅម៉ោងធម្មតាប៉ុណ្ណោះ៖ «ភាគច្រើនបើតាមខ្ញុំឮថៅកែគេធ្វើបាបគេកាត់ប្រាក់ខែយើង។ ដូចជាម៉ោងថែមគេកំណត់ឱ្យតែ៣០ទៅ៤០ម៉ោង ប៉ុន្តែបើយើងធ្វើលើសហ្នឹងគេគិតឱ្យត្រឹមតែមួយម៉ោង៤ដុល្លារទេ។ គេអត់បន្ថែមគេទៅជាបន្ថយ ដល់អីចឹងយើងធ្វើការច្រើនប្រាក់ខែបើកមកបានតិច‍»។

សកម្មជនសិទ្ធិពលករក៏បានស្នើឱ្យផ្តល់សិទ្ធិដល់កម្មសិក្សាការី ដូចជាពលករដទៃទៀតដែរគឺពួកគេមិនមែនជាអ្នកដែលធ្វើកម្មសិក្សាទេ។ ដូច្នេះពួកគេមានសិទ្ធិផ្លាស់ប្តូរការងារដូចជាពលរដ្ឋជប៉ុនដទៃទៀតដែរដោយមិនត្រូវរងពាក្យរិះគន់ថាពួកគេរត់ចោលការងារឡើយ។

ពលការិនីម្នាក់ទៀតគឺអ្នកស្រី ស៊ៀ ណៃគួយ បានរត់ចោលការងារដោយសារតែស្ថានភាពការងារនិងសកម្មភាពនយោបាយ ដែលបានចូលរួមក្នុងប្រទេសជប៉ុនហើយបច្ចុប្បន្នកំពុងរស់នៅជាជនភៀសខ្លួននយោបាយ។ កាលពីខ្ញុំបញ្ចប់ការងារគឺជិតដល់អាណត្តិខ្ញុំត្រឡប់ទៅខ្មែរវិញ។ ពេលយើងមកជាកម្មសិក្សាការី គឺយើងមានរយៈពេលមួយឆ្នាំ។ បន្ទាប់ពីមួយឆ្នាំបើសិនជាយើងប្រឡងជាប់ គឺបន្ត៣ឆ្នាំបានប៉ុន្តែបើប្រឡងមិនជាប់ទេគឺថៅកែបញ្ជូនយើងទៅផ្ទះវិញហើយដោយសារខ្ញុំទៅវិញអត់បាន។ ទីមួយមកដល់ប្រទេសជប៉ុនការងារច្រើន។ មួយថ្ងៃខ្ញុំធ្វើការ១៣ឬ១៤ម៉ោងហើយគ្មានពេលរៀនទេ ថ្ងៃសៅរ៍អាទិត្យក៏អត់ពេលសម្រាកទេ។ មួយខែហ្នឹងសម្រាកតែមួយថ្ងៃទេ។ អីចឹងហើយខ្ញុំនឹកឃើញថាប្រឡងអត់ជាប់គឺថៅកែបញ្ជូនទៅវិញហើយ។ ខ្ញុំគិតថាខ្ញុំមិនអាចប្រឡងបានទេព្រោះខ្ញុំអត់ចេះអីសោះ។ អីចឹងហើយពេលដល់៧ខែតាមរយៈមិត្តភក្តិគេប្រាប់ថាបើសិនជាអត់ទៅ ស្រុកបានអីចឹងទៅសុំសិទ្ធិនយោបាយទៅព្រោះអីនៅជប៉ុនគេឱ្យសិទ្ធិនយោបាយ‍»។ បញ្ហាប្រឈមដទៃទៀតពាក់ព័ន្ធនឹងកិច្ចសន្យាដែលមានខុសគ្នារវាងភាសាជប៉ុននិងភាសាដើមរបស់ពលករចំណាកស្រុក។ ឧទាហរណ៍ពលករខ្លះបានចុះលើកិច្ចសន្យាថានឹងត្រូវបញ្ជូនត្រឡប់មកប្រទេសដើមវិញ ក្នុងពេលដែលមានផ្ទៃពោះក្នុងខណៈពេលដែលកិច្ចសន្យាជាភាសាជប៉ុនមិនមានចែងពីចំណុចនោះទេ។

លោក Kazuomi Aoyagi នៃសម្ព័ន្ធសមាគមសម្រាប់ការជំរុញការចូលរួមនិងចម្រុះជាតិសាសន៍(The Alliance of Associations for Diversity and Inclusion Acceleration) នៅប្រទេសជប៉ុនបានថ្លែងថា៖ «ពលករ ចំណាកស្រុកក៏ជាមនុស្សដែរ។ គេមិនត្រូវបដិសេធសិទ្ធិមិនឱ្យពួកគេស្រឡាញ់គ្នា បង្កើតកូននិងកសាងក្រុមគ្រួសារបានទេ‍»។

លោកសាស្ត្រាចារ្យ វ៉ាកូ អាសាតូ នៃសាកលវិទ្យាល័យក្យូតូបានបញ្ជាក់ថាការអនុវត្តនឹងនៅតែខុសគ្នានៅក្នុងប្រទេសនីមួយៗ។ លើសពីនោះទៀតរដ្ឋាភិបាលជប៉ុនបានបង្ហាញចេតនាមិនចូលរួមពាក់ព័ន្ធនឹងការងារលម្អិតក្នុងការអនុវត្តទេ។

លោក ហៃ វណ្ណា សកម្មជនខ្មែរនៅប្រទេសជប៉ុននៅតែព្រួយបារម្ភពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាហើយលោកស្នើឱ្យគោរពនូវអ្វីដែលបានចែង។ «ជាការពិតណាស់ប្រសិនបើមានការគោរពច្បាប់ខ្ជាប់ខ្ជួន មានការកំណត់ការយកកម្រៃវាជាការល្អ ប៉ុន្តែបើសិនជាមានអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាទោះបីជាយើងកំណត់តម្លៃជើងសារហ្នឹងយ៉ាងណាក៏វានៅតែមានឈ្មួញទុច្ចរិតមួយចំនួននៅតែបន្តយកលើសពីអ្វីដែលគេបានចែង។ អីចឹងជាសរុបមក ចង់ឱ្យអ្វីៗវាប្រសើរទាល់តែយើងហ្នឹងគោរពច្បាប់សិន‍»។

ប្រទេសខ្លះក្នុងតំបន់ដូចជាប្រទេសវៀតណាមបានប្រើវិធីដាក់ពិន្ទុក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមការអនុវត្តការងាររបស់ពួកគេ ដែលបានជួយសម្រួលដល់ពលករយល់ដឹងច្រើនហើយជ្រើសរើសក្រុមហ៊ុនណាដែលពួកគេចង់បាន។ វិធីសាស្រ្តនេះបាននាំឱ្យមានភាពល្អប្រសើរខ្លះ។ នេះបើតាមការបញ្ជាក់របស់បណ្តាញជនចំណាកស្រុកតំបន់មេគង្គ៕

website_news/2019010801.txt · Last modified: 2019/08/01 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki