website_news:2019011101

កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជួបជជែកគ្នារកវិធីការពារពលករទេសន្តរប្រវេសន៍

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 01 November 2019 | 11:13 ICT

សៀមរាបៈ ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) បានជួបពិគ្រោះយោបល់គ្នាជាលើកទី ២ នៅខេត្តសៀមរាបកាលពីថ្ងៃពុធជាជំនួបក្នុងកម្រិតថ្នាក់ដឹកនាំបច្ចេកទេស ជុំវិញតួនាទីប្រទេសបញ្ជូនពលករ ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ដោយមានថ្នាក់ដឹកនាំប្រទេសទាំង ៣ និងក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហានេះចូលរួមប្រមាណ ១០០ នាក់។

ក្នុងជំនួបជាថ្មីក្នុងរយៈពេល ២ ថ្ងៃនេះលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា នេះគឺជាឱកាសមួយដែលនាំឲ្យប្រទេសទាំង ៣ បានផ្លាស់ប្តូរយោបល់ បទពិសោធសម្រាប់ដោះស្រាយបញ្ហានានា ទាក់ទងនឹងពលករទេសន្តរប្រវេសន៍ហើយក្នុងនាមជាប្រទេសបញ្ជូនពលករ នឹងរួមមតិគ្នាដើម្បីឈានទៅពិភាក្សាជាមួយភាគីថៃ ខណៈប្រទេសនេះទទួលពលករច្រើនក្នុងតំបន់។ លោកបញ្ជាក់ថា៖ «ប្រទេសយើងទាំង ៣ ជាប្រទេសជិតខាងគ្នាមានវប្បធម៌ប្រហាក់ប្រហែលគ្នាមានព្រំដែនជាប់ជាមួយប្រទេសថៃដូចគ្នា ហើយប្រជាពលរដ្ឋយើងក៏បាននិងកំពុងតែនាំគ្នាទៅធ្វើការក្នុងប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់យ៉ាងច្រើនកុះករ។ មួយចំនួនបាននិងកំពុងប្រឈមនឹងបញ្ហាជាច្រើនក្នុងដំណើរការទេសន្តរប្រវេសន៍តាំងពីចាកចេញនៅកន្លែងធ្វើការរហូតដល់ពេលត្រឡប់មកវិញ»។ លោក ស ខេង បន្តថាការធ្វើទេសន្តរប្រវេសន៍ គឺជាសិទ្ធិពលរដ្ឋក្នុងការជ្រើសរើសការងារ មុខរបរ និងទីកន្លែងរស់នៅ តែក្នុងនាមថ្នាក់ដឹកនាំ គឺត្រូវតែគិតគូរអំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ និងចូលរួមការពារដល់ពលរដ្ឋរបស់ខ្លួនហើយក្នុងឋានៈជាប្រទេសបញ្ជូនគឺចាំបាច់ត្រូវរួមសហការគ្នាដោះស្រាយ។ យ៉ាងណាក្ដីលោក ស ខេង បានចាត់ទុកការមូលមាត់គ្នានេះ មិនមែនជាការដាក់សម្ពាធលើភាគីថៃទេ ប៉ុន្តែគឺមានគោលដៅ ដើម្បីមានវិធានការរួមគ្នារវាងប្រទេសបញ្ជូន និងប្រទេសទទួលក្នុងកិច្ចការពារសិទ្ធិពលករដែលងាយរងគ្រោះតាមរយៈការបែងចែកផលប្រយោជន៍រវាងពលករ និងនិយោជិត។ លោកបញ្ជាក់ថា៖ «ការរួមគ្នាប្រទេសទាំង ៣ នេះគឺជាការរួមចំណែកជួយប្រមូលនូវធាតុចូលល្អថ្មីៗ ដើម្បីប្រឹក្សាជាមួយថៃដែលជាជំនួយដល់គាត់ឲ្យគាត់ដោះស្រាយបញ្ហាកំពុងតែប្រឈមដែលអន្តរជាតិកំពុងតែរិះគន់គាត់ដែរ ដូចជាទាក់ទងនឹងកម្មករធ្វើការលើទូក។ កុំឲ្យមានជាទស្សនៈថាយើងទាំង ៣ នាក់ (ប្រទេសទាំង ៣) ចាប់ដៃគ្នាទៅធ្វើបាបថៃដែលនាំឲ្យមានការអន្តរាយតែម្តង»។ លោកបានបន្ថែមថា៖ «ទោះបីយើងបានឯកភាពក្នុងកម្រិតជំនាញ និងបច្ចេកទេសនៅទីនេះក៏ដោយ។ យើងឯកភាពគ្នាក្នុងកម្រិតថ្នាក់នយោបាយរវាងប្រទេសទាំង ៣ ដែលមានវត្តមាននៅទីនេះ ប៉ុន្តែក៏មិនទាន់អាចយកទៅជជែកពិភាក្សាដោយត្រង់នោះទេ (ប្រទេសថៃ)។ សូមពិចារណារកវិធីសាស្ត្រ តើយើងអាចថាបន្ទាប់ពីយើងបានឯកភាពគ្នា យើងអាចលើកបញ្ហានេះជជែកពិភាក្សាជាមួយថៃក្នុងកម្រិត (មន្ត្រី) ជំនាញសិន ក្រោយពេលដែលកម្រិតជំនាញស្រុះស្រួលឯកភាពគ្នាហើយ ចាំថាយើងអាចប្រជុំ ៤ ភាគី»។

លោក ផេងសាវ៉ាញ់ ធីផាវង្សសៃ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្សក្រសួងសន្តិសុខសាធារណៈ និងជាគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវបានថ្លែងថា ប្រទេសឡាវក៏កំពុងជួបបញ្ហាទេសន្តរប្រវេសន៍ឆ្លងដែនផងដែរ ជាពិសេសទៅប្រទេសថៃ ដែលជួបការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោកថា៖ «ដូច្នេះកិច្ចពិភាក្សានៅពេលនេះនឹងផ្តល់នូវសារៈសំខាន់ដល់រដ្ឋាភិបាលនៃប្រទេសទាំង ៣ ដែលមានការបញ្ជូនពលករច្រើនដូចគ្នារួមគ្នាដោះស្រាយបញ្ហាដែលប្រឈម និងស្វែងរកដំណោះស្រាយសមស្រប»។ យោងតាមកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ដែលត្រូវបានអនុម័តនៅប្រទេសម៉ារ៉ុកកាលពីខែធ្នូឆ្នាំ ២០១៨ បានកំណត់ថា ប្រទេសជាសមាជិកចាំបាច់ត្រូវជំរុញអនុវត្ត ដើម្បីការពារពលករទេសន្តរប្រវេសន៍ពីរាល់ទម្រង់នៃការជួញដូរ និងកេងប្រវ័ញ្ចនៅគ្រប់ដំណាក់កាលនៃការធ្វើទេសន្តរប្រវេសន៍ផងដែរ។ ដោយឡែកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ អាស៊ាន ក៏បានចុះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ និងបានអនុម័តច្បាប់ស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ដើម្បីបង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារផងដែរ។

លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំកម្ពុជាបានថ្លែងក្នុងឱកាសនេះដែរថា ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំង ៣ នេះគឺមានសារៈសំខាន់ខ្លាំងដែលគួររួមគ្នារកវិធីដោះស្រាយ ខណៈពលករភាគច្រើននៅតែប្រឈមបញ្ហាជាពិសេសការជួញដូរខុសច្បាប់ និងធ្លាក់ចូលក្នុងឧស្សាហកម្មផ្លូវភេទតាមទូកនេសាទ និងឧស្សាហកម្មខុសច្បាប់។ លោកស្រីបន្តថាជំនួបនេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពលរដ្ឋរងគ្រោះក្នុងការរួមគ្នាបន្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាពសម្រាប់ពិភពលោក។ ដូច្នេះក្នុងនាមអង្គការ IOM នឹងព្យាយាមបន្តទៀតក្នុងការសម្របសម្រួលជាមួយប្រទេសទាំងនេះ ជាពិសេសប្រទេសដែលទទួលពលករច្រើនក្នុងតំបន់ហើយច្រើនបំផុតពីប្រទេស ឡាវ ភូមា និងកម្ពុជានេះ។ លោកស្រីបញ្ជាក់ថា៖ «យើងគួរតែធ្វើប្រតិបត្តិការយ៉ាងម៉េចបន្ថែមទៀតដើម្បីឲ្យមាននូវតួនាទីដ៏សំខាន់សម្រាប់ការងារជនទេសន្តរប្រវេសន៍តាមរយៈច្បាប់គ្រប់គ្រងស្តង់ដាការងារ ព្រោះទេសន្តរប្រវេសន៍នេះ ភាគច្រើនមាននៅក្នុងតំបន់ដែលតម្រូវឲ្យមានកិច្ចសហការគ្នាជាសកល និងតំបន់ដោយកំណត់អំពីអាទិភាពរបស់ខ្លួននៅក្នុងសិក្ខាសាលានេះ ដើម្បីឈានទៅអនុវត្តឲ្យបាននៅឆ្នាំ ២០៣០»។ បើតាមលោកស្រី គ្រីស្ទីន ផាកូ បច្ចុប្បន្នមានពលករទេសន្តរប្រវេសន៍ចម្រុះជាតិសាសន៍ប្រមាណ ២៤៤ លាននាក់ បានធ្វើចំណាកស្រុកនៅលើពិភពលោក ខណៈនៅក្នុងតំបន់អាស៊ីមានប្រមាណ ៨២,៥ លាននាក់ ក្នុងនោះមានស្ត្រីប្រមាណពាក់កណ្តាល៕

website_news/2019011101.txt · Last modified: 2019/11/04 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki