website_news:2019011104

អាណិតណាស់ ខំទៅធ្វើការនៅស្រុកគេ បែរជាស្លាប់ដោយសារសត្វដំរីជាន់ទៅវិញ

https://www.popular.com.kh/ October 31, 2019

ពលករខ្មែរម្នាក់ ឈ្មោះ អាត សុខ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានអាជ្ញាធរថៃប្រទះឃើញសាកសពស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរខ្ទមក្នុងចម្ការដើមព្រេងខ្យល់ ដោយសាកសពមានសភាពឡើងទុ និង សំប៉ែត ដែលគេមានការសង្សយថា ស្លាប់ដោយសារដំរីព្រៃជាន់ ។ ជនរងគ្រោះកាន់លិខិតឆ្លងដែនធ្វើការ លេខ T0434011 មានស្រុកកំណើត រស់នៅខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងតំបន់ ចម្ការដើមព្រេងខ្យល់មួយកន្លែង ស្ថិតនៅភូមិ ១២ ឃុំថាតាក់កៀប ស្រុកថាតាក់កៀប ខេត្តឆាកឈើងសៅ ប្រទេសថៃ ។

បើតាមព័ត៌មានបឋមបានឱ្យដឹងថា នៅកន្លែងកើតហេតុមានពលករខ្មែរ ចូលមកធ្វើការដាំដើមព្រេងខ្យល់ និង កាប់ដើមព្រេងខ្យល់ ចំនួន ៨នាក់ ក្មេង ០២នាក់ ស្នាក់នៅក្នុងខ្ទមបួនខ្នងក្នុងករណីនេះ គេសង្ស័យជនរងគ្រោះអាចត្រូវសត្វដំរីព្រៃជាន់ ស្លាប់បាត់បង់ជីវិត ពីព្រោះខ្ទមស្នាក់នៅក៏ត្រូវសត្វដរីព្រៃជាន់ខ្ទេចខ្ទីដែរ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យថាតាក់កៀប ដើម្បីធ្វើការកោសល្យវិច័យតាមនីតិវិធី ៕

website_news/2019011104.txt · Last modified: 2019/11/04 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki