website_news:2019020403

ថៃអនុញ្ញាតឲ្យខ្មែរទៅសួរសុខទុក្ខញាតិដែលជាប់គុកនៅថៃ ចុងខែមេសានេះ

https://www.postkhmer.com/ នៀម ឆេង | Publication date 01 April 2019 | 10:18 ICT

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យសាច់ញាតិជនជាតិខ្មែរជួបសួរសុខទុក្ខ និងផ្ញើប្រាក់ជូនសាច់ញាតិដែលជាប់ឃុំ នៅពន្ធនាគារខ្លងព្រេម ក្នុងប្រទេស ថៃ។យោងតាមឯកសារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានពន្ធនាគារដែលផ្សាយកាលពីថ្ងៃទី ២៩ មីនា បានបញ្ជាក់ថា ពន្ធនាគារខ្លងព្រេមរបស់ថៃ បានអនុញ្ញាតឲ្យសាច់ញាតិចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារនេះរយៈពេល ៤ ម៉ោង ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៩ និង ៣០ ខែ មេសា នេះ។ ការចូលសួរសុខទុក្ខនេះអាចធ្វើឡើងចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១ រសៀល ដោយសាច់ញាតិអាចជួបសួរសុខទុក្ខផ្ទាល់ មិនមានរបាំង។

យោងតាមឯកសារចេញពីពន្ធនាគារខ្លងព្រេមចុះថ្ងៃទី ៤ មករា ២០១៩ ដែលអគ្គនាយកដ្ឋានពន្ធនាគារបានបង្ហោះ ការអនុញ្ញាតឲ្យចូលសួរសុខទុក្ខនេះនឹងធ្វើឡើងចាប់ពីឆ្នាំ ២០១៩ នេះតទៅ ហើយការជួបនេះគឺបន្ថែមទៅលើការជួបសួរសុខទុក្ខធម្មតាដែលធ្វើឡើងរៀងរាល់ថ្ងៃធ្វើការ។ ពន្ធនាគារខ្លងព្រេមបញ្ជាក់ថា ការអនុញ្ញាតឲ្យជួបសួរសុខទុក្ខនេះ «អនុញ្ញាតឲ្យសាច់ញាតិសួរសុខទុក្ខអ្នកទោសបានយ៉ាងជិតស្និទ្ធក្នុងលក្ខណៈប៉ះគ្នាបាននៅក្នុងពន្ធនាគារ ដោយមិនមានអ្វីជាឧបសគ្គនៅក្នុងសន្ទនា និងមានការទទួលទានអាហាររួមគ្នា ដែលនឹងជួយពង្រឹងទំនាក់ទំនងដ៏ល្អនៅ ក្នុងក្រុមគ្រួសារ និងជាឧបករណ៍ដើម្បីលើកទឹកចិត្តអ្នកទោស (ឲ្យ) ប្រព្រឹត្តខ្លួនជាមនុស្សល្អ ប្រតិបត្តិខ្លួនឲ្យនៅតាមរបៀបវិន័យរបស់ពន្ធនាគារ»។ ការចូលសួរសុខទុក្ខត្រូវបានអនុញ្ញាតសម្រាប់សាច់ញាតិរហូតដល់ ១២ នាក់ ដោយចូលសួរសុខទុក្ខព្រមគ្នាតែម្ដង។ ទោះយ៉ាងណាអ្នកចូលសួរសុខទុក្ខត្រូវដាក់ពាក្យស្នើសុំមុនដោយមានឯកសារដែលចាំបាច់។ ក្រៅពីការចូលសួរសុខទុក្ខរយៈពេលវែង និងដោយសាច់ញាតិច្រើននេះ ពន្ធនាគារក៏អនុញ្ញាតឲ្យសាច់ញាតិផ្ញើប្រាក់ទៅបងប្អូនដែលកំពុងជាប់ឃុំនៅពន្ធនាគារនេះដែរ ដោយត្រូវធ្វើឡើងតាមរយៈគណនីរបស់ធនាគារក្រុងថៃ (Krung Thai Bank) ដោយការផ្ញើប្រាក់តាមនេះមិនគិតសេវាទេ ប៉ុន្តែសាច់ញាតិត្រូវបំពេញបែបបទ និងដាក់ពាក្យស្នើ «ប័ណ្ណប្រើប្រាស់សេវាកម្មផ្ញើប្រាក់ នៅពន្ធនាគារជាមុន។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកាលពីម្សិលមិញថា លោកមិនមានតួលេខក្នុងដៃទេអំពីចំនួនជនជាតិខ្មែរដែលជាប់ឃុំនៅពន្ធនាគារនេះ ឬតួលេខដែលជាប់នៅទូទាំងប្រទេសថៃ ដោយសារលោកមានវត្តមាននៅក្រៅប្រទេស ហើយវាជាថ្ងៃអាទិត្យទៀត។ លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃថ្លែងថា លោកក៏មិនមានតួលេខផ្លូវការដែរ ប៉ុន្តែតាមលោកដឹងជនជាតិខ្មែរដែលកំពុងជាប់ឃុំនៅប្រទេសថៃមានមិនតិចជាង ៤ ពាន់នាក់ទេ

website_news/2019020403.txt · Last modified: 2019/04/02 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki