website_news:2019020404

ពលករថា ស្ថានទូតខ្មែរនៅទីក្រុងបាងកកបន្ថែមម៉ោងធ្វើការ ជាការដោះស្រាយមួយគ្រាបន្ទាប់ពីមានការរិះគន់ពីពលករ

https://www.rfa.org/khmer/ ដោយ ទីន ហ្សាការីយ៉ា 2019-04-01

ពលករខ្មែរធ្វើនៅប្រទេសថៃសាទរចំពោះវិធានការរបស់ស្ថានទួតខ្មែរនៅទីក្រុងបាងកក ដែលបានបន្ថែមម៉ោងធ្វើការរបស់ខ្លួន ដើម្បីជួយសម្រួលពលករបំពេញឯកសារបានឆាប់នោះ។ ក៏ប៉ុន្តែពួកគាត់ លើកឡើងថា វិធានការនេះគ្រាន់តែជាការបន្លំភ្នែករបស់មន្ត្រីទូតធ្វើឲ្យល្អមើលដើម្បីកែខ្លួន ដោយសារតែថ្មីៗ នេះពួកគាត់បានរិះគន់មន្ត្រីទូតមិនយកចិត្តទុកដាក់បំពេញការងារជូនពលករ។

ពលករខ្មែរនៅខេត្តសមុទ្រប្រាកាន (Samut Prakan) លោក វិន មករា ថ្លែងឲ្យដឹងនៅថ្ងៃទី៣១ មីនាថា ពួកគាត់នឹងតាមដានការងាររបស់មន្ត្រីស្ថានទូតបន្តទៀត ព្រោះជាទូទៅមន្ត្រីទូតខ្នះខ្នែងការងារជួលដល់ពលករនៅពេល ដែលពួកគាត់ប្ដឹងតវ៉ា ប៉ុន្តែមួយរយៈក្រោយមកស្ថានភាពនៅដដែល៖ «នេះបើអាចទៅរួចសុំកុំយកលុយពីពលករខ្មែរនៅថៃ ព្រោះពលករមិនមែនមកកើបលុយទេ គឺធ្វើការលំបាកណាស់ទម្រាំបានលុយ ២០០បាតបង់ឲ្យទូតថ្លៃណាស់សម្រាប់ពលករ ព្រោះធ្វើការមួយថ្ងៃបានតែ ៣០០បាតទេ។ ដូច្នេះទូតគួរតែអាណិតដល់ពលករខ្មែរផង»។ ប្រតិកម្មរបស់ពលករខ្មែរនៅពេលនេះដោយសារកាលពីថ្ងៃទី២៧ មីនា មន្ត្រីស្ថានទូតបានចេញជូនដំណឹងបន្ថែមម៉ោងធ្វើការនៅថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៣ មីនា ដើម្បីជួយបំពេញឯកសារជូនពលករបានត្រឡប់ទៅលែងស្រុកកំណើតក្នុងឱ្យកាសបុណ្យចូលឆ្មាំប្រពៃណីខ្មែរបានឆាប់រហ័ស។

ពលករខ្មែរធ្វើការនៅរាក់យ៉ង (Rayong) លោក ឡេង ឡុង លើកឡើងថា មន្ត្រីទូតគួរតែយកចិត្តទុកដាក់បំពេញការងារសម្រួលដល់ពលករឲ្យបានច្រើនបន្ថែមទៀត មិនមែនធ្វើការត្រឹមតែថ្ងៃបុណ្យចូលឆ្នាំខ្មែរមួយរយៈខ្លីប៉ុណ្ណោះទេ ព្រោះពួកគាត់ធ្វើការនៅប្រទេសថៃត្រូវការលិខិតបញ្ជាក់ពីស្ថានទូតញឹកញាប់ ជាពិសេស ពលករដែលមានកូនតូចយកទៅធ្វើការជាមួយ គឺលំបាកក្នុងការធ្វើលិខិតស្នាមពីទូតដោយត្រូវចំណាយពេលអស់ជាច្រើនថ្ងៃនោះ៕

website_news/2019020404.txt · Last modified: 2019/04/02 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki