website_news:2019020503

គ្រួសារមួយនៅខេត្តពោធិ៍សាត់រៀបរាប់អំពីការលំបាកបន្ទាប់ពីទាហានថៃបាញ់កូនស្លាប់ពេលលបកាប់ឈើក្នុងដីថៃ

https://www.rfa.org/khmer/news/ ដោយ សុ ជីវី 2019-05-01

ម្ដាយយុវជនម្នាក់រស់នៅខេត្តពោធិ៍សាត់ ដែលទាហានថៃបាញ់ស្លាប់នៅពេលលួចចូលទៅកាប់ឈើក្នុងដីថៃកាលពីថ្ងៃទី២៤ មេសា សម្ដែងការសោកស្ដាយនឹកអាណិតកូនស្លាប់នៅក្នុងព្រៃម្នាក់ឯង ដោយមិនបានយកសពមកធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា ដោយសារមិនមានលទ្ធភាពទៅយកកូនត្រឡប់មកធ្វើបុណ្យនៅឯស្រុកកំណើត។ អ្នកស្រីលើកឡើងថា ប្រសិនបើគ្រួសារមានជីវភាពធូរធារនិងមានការងារធ្វើបានប្រាក់ខែសមរម្យនៅក្នុងស្រុកគឺកូនរបស់ខ្លួននឹងមិនទាន់ស្លាប់នោះទេ។

ម្ដាយយុវជនដែលទាហានថៃបាញ់ស្លាប់ លោកស្រី ហាន នេត ប្រាប់អាស៊ីសេរីថា លោកស្រីគ្មានអ្វីជាទីពឹងទៀតទេ ព្រោះសព្វថ្ងៃរស់នៅជាស្ត្រីមេម៉ាយ ពុំមានដីធ្វើស្រែ និងគ្មានមុខរបរចិញ្ចឹមជីវិត ហើយរំពឹងកូន២នាក់ ដើម្បីជួយមើលថែនៅពេលដែលខ្លួនចាស់ជរា ក៏ប៉ុន្តែអ្វីៗ បានបាត់បង់មួយរំពេចដែលខុសពីក្ដីស្រមៃ ដោយសារតែជីវភាពក្រីក្រ។ ស្ត្រីវ័យ ៦១ឆ្នាំរូបនេះបន្តថា កូនប្រុសរបស់គាត់ បានចេញពីផ្ទះប្រមាណ ១០ឆ្នាំ ទៅរស់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តពោធិ៍សាត់ គឺតាំងពីប្ដីរបស់លោកស្រីមិនទាន់ស្លាប់ ហើយកូនទើបតែត្រឡប់មកផ្ទះវិញនៅមុនបុណ្យចូលឆ្នាំខ្មែរប្រមាណ ៣ថ្ងៃ។ លោកស្រីបន្ថែមថា កូនបានមករស់នៅជុំជាមួយអ្នកស្រីមិនទាន់បាត់នឹកកូនផង ក៏ស្រាប់តែចប់បុណ្យចូលឆ្នាំបាន ៣ថ្ងៃ កូនក៏សុំលោកស្រីចេញទៅរកកាប់ឈើក្នុងទឹកដីថៃជាមួយកូនអ្នកស្រុកក្បែរខាង ដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ អ្នកស្រីថា ក្រោយមកប៉ូលិសស្រុកក្រវាញបានប្រាប់ថា កូនលោកស្រីត្រូវបានទាហានថៃបាញ់ស្លាប់នៅក្នុងព្រៃនៅប្រទេសថៃ៖ «ខ្ញុំរាល់នេះគ្មានអីទេមានតែ ២នាក់ចៅអាយុ ១២ឆ្នាំ ខ្ញុំសល់កូនពៅនឹងមួយឥឡូវបាត់ទៀតហើយ វាទៅជាមួយពួកម៉ាកវា គេរត់មកផ្ទះវិញអស់ហើយ នៅតែវាមួយ និងអ្នករបួសម្នាក់។ ខ្ញុំសូមឱ្យអាជ្ញាធរជួយខ្ញុំផង។ ខ្ញុំគ្មានទីពឹងអីទេ ព្រោះអីខ្ញុំក្រខ្ញុំអត់មានអីសោះ ហើយខ្ញុំអត់ស្គាល់អ្នកណាទេ»។ លោកស្រីបន្តថា ប្រសិនបើអ្នកស្រីមានជីវភាពសមរម្យដូចអ្នកទីក្រុង គឺមិនបណ្ដោយឱ្យកូនទៅកាប់ឈើបែបនេះទេ ព្រោះដឹងថា ការឆ្លងដែនប្រថុយគ្រោះថ្នាក់ដល់អាយុជីវិត។ ក៏ប៉ុន្តែមិនដឹងធ្វើយ៉ាងណាជួយកូនបាន បើអ្នកស្រីរស់អាស្រ័យទៅលើការស៊ីឈ្នួលគេ បានប្រាក់ប្រមាណពី ៥ពាន់ទៅ១ម៉ឺនរៀល ក្នុងមួយថ្ងៃនោះ។ អ្នកស្រីថា ប្រាក់ចំណូលដែលស៊ីឈ្នួលបាន មួយចំនួនសម្រាប់ជួយចៅប្រុសម្នាក់អាយុ ១២ឆ្នាំទៅរៀនឱ្យចេះដឹង កុំឱ្យលំបាកដូចកូនៗ របស់ខ្លួនទៅថ្ងៃក្រោយ និងប្រាក់មួយចំនួនទៀតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងទិញថ្នាំលេបផ្ទាល់ខ្លួន។

ឪពុកមាជនរងគ្រោះ លោក ងាន់ ខុម ថ្លែងថា គ្រួសារលោកក្រីក្រមិនមានប្រាក់ជួយដល់បងស្រីរបស់ខ្លួននោះទេ គឺបានត្រឹមតែអាណិតស្រណោះក្មួយ ដែលស្លាប់នៅក្នុងព្រៃ ហើយសាកសពមិនដឹងនៅឯណា។ រីឯបងស្រីរស់នៅមេម៉ាយម្នាក់ឯងទៀត ព្រោះកូនស្រីម្នាក់ ដែលនៅមានជីវិត មានគ្រួសារ និងមានកូនតូចជីវភាពក្រីក្រ។ លោកបន្តថា កាលដែលក្មួយប្រុសនៅមានជីវិត គឺគ្រួសារបងស្រីមានជីវភាពខ្វះទៅហើយ ទម្រាំតែដល់ពេលចាស់ជរា មិនដឹងលំបាកយ៉ាងណានោះទេ៖ «ក្មួយហើយពិបាកចិត្តវាពិបាកពេកហើយ តែមិនដឹងទៅពឹងអ្នកណាឱ្យជួយបានបើមិនស្គាល់គេ។ តែបើនៅក្នុងស្រុកភូមិចម្ងាយត្រឹម ១០គីឡូម៉ែត្រអី យើងអាចទៅយកមកបាន តែនេះចម្ងាយរាប់គីឡូម៉ែត្រ ហើយទៅពឹងអ្នកណានៅព្រំដែនអត់ស្គាល់អ្នកណាមួយផង។ ពីម្សិលមិញប៉ូលិសនិយាយប្រាប់ដែរថា សាកសពគេយកមកដល់ដីខ្មែរហើយ ខ្ញុំក៏សួរថា នៅឯណា គេថាមិនដឹងនៅកន្លែងណាប្រាកដផង។ ខ្ញុំវាពិបាកពេកហើយ មិនដឹងគិតយ៉ាងម៉េចទៅទាក់ទងអ្នកណា?»។ លោកបន្តគិតត្រឹមថ្ងៃទី៣០ មេសា ខាងសាច់ញាតិមិនទាន់ដឹងថា សាកសពលោក មៅ មុំ នៅកន្លែងណានៅឡើយ ហើយក៏គ្មានលទ្ធភាពទៅយកសពមកធ្វើបុណ្យបានដែរ ព្រោះគ្មានប្រាក់។

មេភូមិព្រែក២ លោក ទិត្យ សុន ប្រាប់អាស៊ីសេរីថា អាជ្ញាធរមូលដ្ឋានបានត្រឹមតែអាណិតស្រណោះក្រុមគ្រួសារនៃសព ដោយមិនមានលទ្ធភាពទៅយកសពជនរងគ្រោះមកធ្វើបុណ្យនៅស្រុកកំណើតបានទេ ព្រោះគ្មានមធ្យោបាយដឹកជញ្ជូន ស្របពេលដែលចម្ងាយផ្លូវទៅព្រំដែនថៃដល់ទៅ ១០០គីឡូម៉ែត្រឯណោះ។ លោកបន្តថា ជនរងគ្រោះ គឺលោក មៅ មុំ ស្លាប់ក្នុងដីថៃ និងពលរដ្ឋក្នុងភូមិម្នាក់ទៀតរងរបួស ដោយសារទាហានថៃបាញ់កាលពីថ្ងៃទី២៤ មេសា។ គិតត្រឹមរសៀលថ្ងៃទី៣០ មេសា ទាំងសាកសព និងអ្នករបួសនោះ គេមិនទាន់បញ្ជូនមកដល់ស្រុកកំណើតនៅឡើយទេ។ លោកថា ប្រជាពលរដ្ឋនៅក្នុងភូមិដែលលោកគ្រប់គ្រង ឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃ មានប្រហែល ៣០នាក់ ដោយពួកគេចេញទៅកាប់ឈើប្រមាណ ១សប្ដាណ៍ ត្រឡប់មកផ្ទះម្ដង និងលក់ឈើបានប្រាក់ជាង ១លានរៀលក្នុងម្នាក់។ លោកបន្ថែមថា មូលហេតុដែលពួកគេទៅកាប់ឈើ ដោយសារជីវភាពក្រីក្រ ហើយនៅរដូវប្រាំង ក្នុងភូមិគ្មានការងារធ្វើ ទើបជំរុញឱ្យយុវជនមួយចំនួន នាំគ្នាឆ្លងដែនចូលទៅដីថៃ៖ «គឺថា គ្រួសារនេះវាពិបាកវេទនាបណ្ដោយ។ មិនដឹងរៀបរាប់យ៉ាងម៉េចត្រូវទេ។ បើផ្ទះប្រក់ស្បូវ ហើយគាត់នៅ ២នាក់ចៅអាយុ ១២ឆ្នាំទេ ហើយសព្វថ្ងៃ បានអ្នកជិតខាងគេឃើញអាណិត ក៏ផ្ដល់ថវិកា និងអង្ករបន្តិចបន្តួចជួយគាត់ តែមិនបានគ្រប់គ្រាន់ទេ។ ពេលស្លាប់កូនហើយ គាត់ដូចថា គិតតែពីយំ មិនដឹងគិតថាម៉េច រកអ្នកណាទីពឹងអត់បាន គឺមានមេភូមិ និងខាងឃុំប៉ុណ្ណឹង ដោយមិនដឹងទៅពឹងអ្នកទៀតទេ ហើយគាត់នៅតែទឹកភ្នែករហូត។ យំស្រែកឱ្យញាតិជិតខាងជួយ ហើយឱ្យគេជួយយ៉ាងម៉េចបាន»។ លោកបន្តថា ម្ដាយជនរងគ្រោះមានការស្លុតចិត្តយ៉ាងខ្លាំង បន្ទាប់ពីប៉ូលិសស្រុកក្រវាញបានប្រាប់ថា កូនប្រុសត្រូវទាហានថៃបាញ់ស្លាប់ កាលពីថ្ងៃទី២៤ មេសា នៅក្នុងព្រៃនោះ។

មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្ស អង្គការ លីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក កែម គិមស្រ៊ន់ ចាត់ទុកបញ្ហានេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមកលើពលរដ្ឋខ្មែរ ព្រោះសមត្ថកិច្ចថៃអាចចាប់ពួកគាត់ផ្ដន្ទាទោសតាមច្បាប់ ដោយមិនត្រូវបាញ់សម្លាប់បែបនេះទេ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាត្រូវទាមទារទៅភាគីថៃ ឱ្យទទួលខុសត្រូវ ចំពោះការស្លាប់នេះ៖ «ហើយបើសិនជាអាជ្ញាធរយើងមិនព្រមទប់ស្កាត់មិនព្រមជជែកគ្នាជាមួយភាគីថៃសោះ ហើយ បណ្ដោយឱ្យតែពលរដ្ឋខ្មែរចូលដីថៃគេបាញ់ស្លាប់ដូច្នេះ វាហាក់បីដូចជាស្លាប់ជីវិតមនុស្សមួយមិនមានអ្នកណាទទួលខុសត្រូវអ៊ីចឹង។ ហើយអង្គការ លីកាដូ យើងមានតែការជំរុញនិងស្នើឱ្យកម្ពុជាយើងទេមានវិធានការទប់ស្កាត់ឬអប់រំទប់ស្កាត់ឱ្យពលរដ្ឋយើងឱ្យគាត់បានយល់ដឹងបញ្ហាឆ្លងដែនទៅប្រទេសថៃនោះ»។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀតថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធក៏ត្រូវទៅដឹកសាកសពជនរងគ្រោះមកឱ្យសាច់ញាតិ ដើម្បីពួកគាត់យកទៅបុណ្យតាមព្រះពុទ្ធសាសនាដែរ ព្រោះជាអាជ្ញាធរដែនដីមើលការខុសត្រូវពលរដ្ឋ ទទួលប្រាក់ខែពីរដ្ឋ ដែលប្រជាពលរដ្ឋបានបង់ពន្ធជូនរដ្ឋនោះ។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៨ មក គឺនេះជាករណីទី២ ក្នុងខេត្តពោធិ៍សាត់ ដែលទាហានថៃបាញ់ស្លាប់ពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កេត សុផាន់ និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បានទេនៅថ្ងៃទី៣០ មេសា ដើម្បីសុំអត្ថាធិប្បាយជុំវិញការស្នើសុំជំនួយពីគ្រួសារសពឱ្យសមត្ថកិច្ច ទៅយកសពជនរងគ្រោះ ដោយទូរស័ព្ទពុំមានអ្នកទទួល។ ទោះជាយ៉ាងណាសាច់ញាតិនៅតែចង់បានសាកសពជនរងគ្រោះយកមកធ្វើបុណ្យនៅឯស្រុកកំណើត ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសពទៅកាន់សុគតិភព៕

website_news/2019020503.txt · Last modified: 2019/05/02 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki