website_news:2019020504

ពលករខ្មែរនៅថៃប្រមាណ៥០នាក់ប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីក្រុងបាងកក

https://www.rfa.org/khmer/news/ ដោយ អាស៊ីសេរី 2019-05-01

ពលករខ្មែរធ្វើការងារនៅប្រទេសថៃប្រមាណ៥០នាក់នៅព្រឹកថ្ងៃទី១ ឧសភា បាននាំគ្នាចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិជាមួយពលករមកពីប្រទេសដទៃទៀតនៅទីក្រុងបាងកក។

តំណាងពលករខ្មែរម្នាក់ដែលបានចូលរួមក្នុងពិធីនេះ លោក វិន មករា ប្រាប់អាស៊ីសេរីនៅក្រោយបញ្ចប់កម្មវិធីថា ពិធីនេះបានផ្ដល់ចំណេះដឹងផ្នែកការសិទ្ធិពលករ ដែលធ្វើឱ្យអ្នកចូលមានភាពក្លាហាន និងហ៊ានតវ៉ាទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ប្រសិនបើមានការរំលោភសិទ្ធិក្នុងពេលបំពេញការងារមកលើពួកគេ ពីសំណាក់ថៅកែថៃបាន និងដោយមិនមានការភ័យខ្លាច៖ «គឺធ្វើឱ្យពលករខ្មែរនៅប្រទេសថៃមានសិទ្ធិស្មើភាពគ្នាដូចជនជាតិថៃដែរ ពេលមានបញ្ហាដូចជាការរំលោភបំពានពេលថៅកែមិនបើកលុយប្រាក់ខែ និងបញ្ហាគ្រោះថ្នាក់ផ្សេងៗពេលបំពេញការងារជាដើម គឺខាងអង្គការសង្គមស៊ីវិលគេចុះមកជួយ ព្រោះធ្លាប់មានជាច្រើនករណីហើយដែលមានបញ្ហា ហើយអង្គការមកជួយពលករខ្មែររហូត»។ លោកបន្តថា ពិធីផ្ដួចផ្ដើមដោយអង្គការសង្គមស៊ីវិលផ្នែកការងារសិទ្ធិពលកររបស់ថៃ ដោយមានអ្នកចូលរួមប្រមាណ៣ពាន់នាក់(៣.០០០) រួមមានពលករខ្មែរ ភូមា ថៃ និងលាវដែលធ្វើការងារនៅប្រទេសថៃ។ លោកបន្ថែមថា ពលករខ្លះបានឡើងសម្ដែងមតិនៅលើវេទិកាអំពីសិទ្ធិសេរីភាពរបស់ខ្លួនដែលបានជួបប្រទះ ដោយមានកាន់ទង់ជាតិតំណាងឱ្យប្រទេសរៀងៗខ្លួន និងមានដើរហែជុំវិញទីកន្លែងរៀបចំពិធីនៅទីក្រុងបាងកក។ លោកថា ពិធីនេះជាលើកទី២ហើយពលករខ្មែរបានចូលរួមប្រារព្ធទិវាសិទ្ធការងារអន្តរជាតិនៅប្រទេសថៃ ដែលឆ្នាំកន្លងទៅមានពលករខ្មែរប្រមាណ២០នាក់ចូលរួម៕

website_news/2019020504.txt · Last modified: 2019/05/02 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki