website_news:2019020702

ជប៉ុនបញ្ជូនគ្រូបង្គោលបន្ថែម មកបណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ

http://grandnewsasia.com/detail/ 02-07-2019

អង្គការ JCIA របស់ជប៉ុនដែលជាដៃគូសហការ និងជួយគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ស្ថិតនៅរាជធានីភ្នំពេញនោះ បានបញ្ជូនគ្រូបង្គោលផ្នែកថែទាំមនុស្សចាស់របស់ខ្លួនបន្ថែម មកបណ្ដុះបណ្ដាលជំនាញមួយចំនួនទៀត ដល់សិក្ខាកាមដែលសិក្សានៅក្នុងមជ្ឈមណ្ឌលមួយនេះ សំដៅបង្កើនចំនួនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនបន្ថែម។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក យ៉ាម៉ាដា ហ្វូមីយ៉ូ (Yamada Fumio) ប្រធានអង្គការ JCIA នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។

លោក យ៉ាម៉ាដា បានឱ្យដឹងថា ដំណើរការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ដែលបាននិងកំពុងបណ្ដុះបណ្ដាលជំនាញផ្នែកថែទាំមនុស្សចាស់ ដល់កម្មសិក្សាការីកម្ពុជានោះ ពិតជាបានប្រព្រឹត្តទៅប្រកបដោយភាពរលូន ប៉ុន្តែចំនួនកម្មសិក្សាការីដែលបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុននោះ នៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះហើយបានជាអង្គការ JCIA របស់លោក បានបញ្ជូនគ្រូបង្គោលមួយចំនួនមកជួយបណ្ដុះបណ្ដាលជំនាញបន្ថែម ពិសេសផ្ដោតលើផ្នែកសុខាភិបាល ដើម្បីបង្កើនការជ្រើសរើស គ្រប់គ្រង បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន។

ត្រង់ចំណុចនេះ លោក អ៊ិត សំហេង ពិតជាបង្ហាញការគាំទ្រងយ៉ាងពេញទំហឹង ដោយបានលើកទឹកចិត្តឱ្យអង្គការ JCIA អនុវត្តការបណ្ដុះបណ្ដាលជំនាញដល់កម្មសិក្សាការីនេះឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងជប៉ុន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីដើមឆ្នាំ២០១៩។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការគិតគូរលើបញ្ហាសុវត្ថិភាពរបស់កម្មសិក្សាការីកម្ពុជា ដែលត្រូវបញ្ជូនទៅធ្វើការ និងកំពុងធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលនេះក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដូចគ្នាដែរ។ ជប៉ុននៅតែលើកសរសើរពីការធ្វើការ អត្តចរិត និងភាពអត់ធ្មត់នឹងការងាររបស់កម្មសិក្សាការីកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសជប៉ុន និងនៅតែពេញចិត្តចំពោះការទទួលពួកគេឱ្យធ្វើការនៅជប៉ុនទៀតផង ៕

website_news/2019020702.txt · Last modified: 2019/07/02 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki