website_news:2019020704

ក្រសួងកិច្ចការនារី ៖ ពលករស្រ្តីមានហានិភ័យខ្ពស់ ពីការកេងប្រវ័ញ្ច កម្លាំងពលកម្មជាងបុរស

https://www.dap-news.com/ ByID:114 Posted on 02 July 2019 | 13:36

ភ្នំពេញ ៖ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងថា ក្រុមស្រ្តីងាយរងគ្រោះខ្ពស់បំផុត ចំពោះពលករស្រ្តី ក្នុងការទទួលរងអំពើហិង្សាផ្លូវកាយ បំពានផ្លូវភេទ កេងប្រវ័ញ្ច កម្លាំងពលកម្ម និងវិសមភាព បើធៀបការងារដូចគ្នាជាមួយបុរស ។ នេះបើយោងតាម បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងកិច្ចការនារី ។

ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការសម្របសម្រួលការផ្តល់សេវា ប្រកបដោយគុណភាព ដល់ពលករទេសន្តរប្រវេសន៍ជាស្រ្តី ដែលទទួលរងផលប៉ះពាល់ ដោយសារអំពើហិង្សាលើស្រ្តី” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី ហ៊ូ សាមិត្តបានថ្លែងថា អំពើហិង្សាលើស្ត្រី គឺជាការរំលោភបំពាន សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលរិតត្បិតសិទ្ធិ និងសេរីភាព ជាមូលដ្ឋានរបស់ស្ត្រី។ សកម្មភាពទាំងនោះ រួមមានការប្រើប្រាស់ហិង្សា ការគំរាមកំហែង ការបង្ខិតបង្ខំ ឬការដកហូតសិទ្ធិសេរីភាព អាចកើតមាននៅទីសាធារណៈ ឬក្នុងជីវិតឯកជន ហើយបុព្វហេតុចម្បង នៃអំពើហិង្សាលើស្រ្តី ត្រូវបានទទួលស្គាល់ទូទៅថា បណ្តាលមក វិសមភាពយេនឌ័រ និងការរើសអើង។

លោកស្រីបញ្ជាក់ថា “ក្នុងនោះក្រុមស្រ្តី ងាយរងគ្រោះ ដែលរួមមានក្រុមពលករស្រ្តី ទេសន្តរប្រវេសន៍ផងដែរ មានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា ដូចជាអំពើហិង្សាផ្លូវកាយ ការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងវិសមភាព ក្នុងការទទួលបានប្រាក់កម្រៃ ធៀបនឹងការងារដូចគ្នា ជាមួយនឹងបុរសជាដើម” ។ លោកស្រី ហ៊ូ សាមិត្ត បន្ថែមថា ម្យ៉ាងវិញទៀត ការមាក់ងាយ និងការរើសអើង ក្នុងសហគមន៍ ក៏ជាកត្តាសំខាន់ ដែលអាចបង្កើនហានិភ័យនៃអំពើហិង្សា ឬបញ្ហាប្រឈមក្នុងការទទួលបានកិច្ចការពារ និងសេវាសំខាន់ផ្សេងៗ។ កិច្ចការពារ ដល់ស្រ្តីពលករទេសន្តរប្រវេសន៍ ទាំងក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវធ្វើឡើង ទាំងកម្រិតថ្នាក់ជាតិ និងកម្រិតទ្វេភាគី ពហុភាគី ឬថ្នាក់តំបន់ ៕ ដោយ៖ ដារាត់

website_news/2019020704.txt · Last modified: 2019/07/02 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki