website_news:2019020705

មន្ត្រីៈ ក្រុមហ៊ុនអ៊ីនធឺណេត មានកាតព្វកិច្ចសំខាន់ដើម្បីទប់ស្កាត់ក្នុងការរំលោភបំពានផ្លូវភេទកុមារ

http://www.rasmeinews.com/ July 2, 2019, 1:38 PM

ដោយៈ មេសា/ភ្នំពេញៈ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ បានថ្លែងអំពីគុណសម្បត្តិ និង គុណវិបត្តិ នៃ បច្ចេកវិជ្ជា និង អ៊ីនធឺណេតថា បច្ចេកវិជ្ជាទំនើប និង ប្រព័ន្ធអ៊ីនធឺណេត បានផ្តល់ភាពងាយស្រួល ឱកាស និង ផលប្រយោជន៍យ៉ាងច្រើន ឥតគណនា ដល់ជីវភាពប្រចាំថ្ងៃ វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង ការសិក្សាជាដើម ។ ប៉ុន្តែបច្ចេកវិជ្ជាទំនើប និង ប្រព័ន្ធអ៊ីនធឺណេត ក៏បាននាំមកនូវផលអវិជ្ជមាន និង ស្មុគស្មាញ ចំពោះកុមារច្រើនណាស់ដែរ ដូចជាការរំលោភបំពាន និង កេងប្រវ័ញ្ចផ្លូវភេទកុមារ តាមទម្រង់ថ្មីៗជាច្រើន ដែលវាទាមឱ្យមានវិធានការថ្មីៗកាន់តែមានប្រសិទ្ធភាព ការចូលរួមកាន់តែទូលំទូលាយ ហេតុនេះក្រុមហ៊ុនបច្ចេកវិជ្ជា ជាពិសេសក្រុមហ៊ុនទូរស័ព្ទដៃ និង ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត មានកាតព្វកិច្ចដ៏សំខាន់ ក្នុងការទប់ស្កាត់នូវការរំលោភបំពាន និង កេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមរយៈការប្លុក ឬ បិទទុក នូវរាល់ភាពអាសអាភាសរបស់កុមារ កុំឱ្យបង្ហោះបាន និង រាយការណ៍ជូនអាជ្ញាធរជាដើម ។

លោកស្រី ញ៉េប សុភាព មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការទប់ស្កាត់ និង ឆ្លើយតបជាពហុវិស័យចំពោះការរំលោភបំពាន និង ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត រៀបចំនៅឯសណ្ឋាគារ សាន់វ៉េ នាថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៩ ចូលរួមដោយអ្នកជំនាញការជាតិអន្តរជាតិ ប្រមាណជាជាង ១០០ នាក់ ។ អ្នកពាក់ព័ន្ធទាំងឡាយ បានមើលឃើញថា ការកេងប្រវ័ញ្ច រំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត ដូចជាជនខិលខូចល្បួងលួងលោមបោកបញ្ឆោតកុមារឱ្យផ្ញើទៅពួកគេ នូវរូបភាពអាសអាភាសជាដើម រួចហើយពួកគេយករូបភាពទាំងនោះ ទៅគំរាមកុមារ ឬ គ្រួសារកុមារឱ្យប្រគល់ផលប្រយោជន៍ម្យ៉ាងដល់ពួកគេ ឬ បង្ហោះរូបភាពទាំងនោះ ដើម្បី រកផលប្រយោជន៍ ខណៈជនខ្លះល្បួងកុមារ ទៅសេពសន្ថវៈជាដើម ។

តាមការគ្រោងទុក លទ្ធផល នៃ សិក្ខាសាលានាថ្ងៃនេះ នឹងត្រូវបានដាក់ជាធាតុចូល ដែលអាចឈានដល់ការបង្កើតជាគោលការណ៍ណែនាំ និង វិធានការនានា ដើម្បី ទប់ស្កាត់ការកេងប្រវ័ញ្ច និង រំលោភបំពានផ្លូវភេទកុមារ ជាពិសេសតាមប្រព័ន្ធអ៊ីនធឺណេត ៕ Kh

website_news/2019020705.txt · Last modified: 2019/07/02 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki