website_news:2019020801

កម្ពុជា-តួកគីសន្យារួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំងនិងភេរវកម្ម

http://bayontv.com.kh/ 01/08/2019

ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាល នៃសាធារណៈរដ្ឋតួកគី បានសន្យារួមគ្នា ទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀនតែម្តង។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់ប្រទេសតួកគីរយៈពេល ប្រាំថ្ងៃគឺចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្ដម ស៊ូឡឺម៉ាន សុយលូរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី ភាគីទាំងពីរបានបានពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធនឹងបម្រែបម្រួលជាសកលក្នុងបរិបទនៃវិស័យសន្តិសុខអន្តរជាតិ ជាពិសេសបានផ្តោតការយកចិត្តទុកដាក់លើសណ្ឋាន និងទម្រង់ថ្មីៗនៃបទល្មើសដែលអាចបង្កផលប៉ះពាល់ និងហានិភ័យ ដល់សន្តិភាព ស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា ភាគីទាំងពីរបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី» ដែលកិច្ចព្រមព្រៀងនេះដើរតួនាទីជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការបង្កើតនូវក្របខ័ណ្ឌរួម សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ដោយផ្តោតលើ«ឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់បទល្មើសបច្ចេកវិទ្យា បទល្មើសសម្អាតប្រាក់ ការរត់ពន្ធទំនិញខុសច្បាប់ ការរត់ពន្ធទេសន្តរប្រវេសន៍ទេសន្តរប្រវេសន៍ខុសច្បាប់ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចដកពិសោធន៍ការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពនៅក្នុងជួរកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាជាដើម»។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្រៅពីចំណុចពិភាក្សា និងកិច្ចការសំខាន់ៗ ដែលស្ថិតក្នុងវិសាលភាពនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរក៏បានឯកភាពកំណត់យកកិច្ចសហប្រតិបត្តិការលើការងារចំនួនទៀតរួមមានការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមទីប្រជុំជន។ ការផ្លាស់ប្តូរបទពិសោធន៍លើការពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល ជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលព្រំដែនទឹកនិងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។

សូមបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង សម្តេចក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់អង្គភាពមួយចំនួនចំណុះក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី រួមមាន នាយកដ្ឋានប្រឆាំងការរត់ពន្ធនិងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង មជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពត្រួតពិនិត្យបទល្មើស នាយកដ្ឋានគាំទ្រ និងផែនការចរាចរណ៍ និងអង្គភាពកម្លាំងប្រតិបត្តិការពិសេសផងដែរ៕

website_news/2019020801.txt · Last modified: 2019/08/02 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki