website_news:2019020804

អាជ្ញាធរចិន ចាប់មេអណ្តើកដែលនាំនារីខ្មែរទៅយកប្ដីចិនបញ្ជូនមកស្រុកកំណើតវិញ

http://kampucheathmey.com/ 1/8/2019 3:07 Pm

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនមេអណ្ដើកម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួររឿងពាក់ព័ន្ធករណីនាំនារីខ្មែរ៣នាក់ ទៅយកប្តីនៅប្រទេសចិន ក្រោយពីអាជ្ញាធរចិន ចាប់បញ្ជូនឲ្យមកកម្ពុជាវិញ។

ជនសង្ស័យមានឈ្មោះ ហាក់ ណៃហូ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃមានប្តីជាជនជាតិចិនឈ្មោះ ផាញ់ ជឹងងី អាយុ៣៥ រស់នៅខេត្តជើជាំង ប្រទេសចិន។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង ប្រទេសចិន បានបញ្ជូនស្ត្រីខ្មែរចំនួន៤នាក់ឲ្យមកកម្ពុជាវិញ មូលហេតុត្រូវបានសមត្ថកិច្ចចិនឃាត់ខ្លួន ពីបទចូលប្រទេសចិនដោយខុសច្បាប់។ ស្ត្រី៤នាក់នោះ ១.ឈ្មោះ ហាក់ ណៃហូ អាយុ២៧ឆ្នាំ ,២.ឈ្មោះ រុន ស្រីមុំ អាយុ២៩ឆ្នាំ ,៣.ឈ្មោះ លុន ភក្តី អាយុ១៩ឆ្នាំ ,និង៤.ឈ្មោះ ហេង លីលី អាយុ៣៥ឆ្នាំ ពួកគេមានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អង្គហេតុបណ្តាលឲ្យអាជ្ញាធរចិនចាប់បញ្ជូនស្ត្រីខ្មែរ៤នាក់មកស្រុកវិញនោះ កាលពីខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ហាក់ ណៃហូ បានមកលេងស្រុកកំណើតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបាននិយាយបញ្ចុះបញ្ចូលអូសទាញនារីនៅក្នុងភូមិជាមួយគ្នាចំនួន៣នាក់ មានឈ្មោះ រុន ស្រីមុំ ឈ្មោះ លុន ភក្តី និងឈ្មោះ ហេង លីលី ថាឲ្យទៅយកប្តីចិន និងរស់នៅប្រទេសចិន ដោយបានថ្លៃទឹកដោះម្នាក់៣.០០០ដុល្លារអាមេរិក ហើយការចំណាយគ្រប់បែបយ៉ាងគេ(ហាក់ ណៃហូ)ចេញឲ្យទាំងអស់។ ក្រោយមកនារី៣នាក់នោះ ក៏បានយល់ព្រមតាមការអូសទាញរបស់មេអណ្តើក ហើយមេអណ្តើក ក៏បានឲ្យប្រាក់ទៅពួកនាងម្នាក់ពី១៥០ ទៅ២០០ដុល្លារអាមេរិក ដើម្បីឲ្យយកទៅធ្វើលិខិតឆ្លងដែន(ប៉ាសស្ព័រ)លិខិតពិនិត្យសុខភាព និងលិខិតបញ្ជាក់ពីភាពនៅលីវ។

លុះថ្ងៃទី២៤ ខែមិថុនា ក្រោយពេលធ្វើលិខិតស្នាមរួចរាល់ហើយ ឈ្មោះ ហាក់ ណៃហូ និងប្តីជាជនជាតិចិន បាននាំស្ត្រីទាំង៣នាក់ទៅប្រទេសចិន ដោយឆ្លងកាត់តាមច្រករបៀនក្នុងខេត្តស្វាយរៀង ចូលដល់ប្រទេសវៀតណាម រួចជិះរថយន្តបន្តដំណើរទៅដល់ព្រំដែនចិន។ លុះពេលដល់ព្រំដែនចិន.វៀតណាមហើយពួកគេបានឆ្លងតាមច្រករបៀនចូលទៅប្រទេសចិនទៀត និងនៅពេលចូលដល់ទឹកដីចិនហើយ ក៏មានបុរសម្នាក់ជាជនជាតិចិនត្រូវជាមិត្តភ័ក្ដិប្តី ហាក់ ណៃហូ បើករថយន្តតូច១គ្រឿងទៅទទួលយកពួកគេ។

ការស្នាក់នៅប្រទេសចិនដោយខុសច្បាប់មួយរយៈនោះ ត្រូវបានអាជ្ញាធររកឃើញ និងចាប់បញ្ជូនឲ្យមកស្រុកខ្មែរវិញនេះ មិនតែប៉ុណ្ណោះសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានស្រាវជ្រាវដឹងថា ស្ត្រីឈ្មោះ ហាក់ ណៃហូ ជាអ្នកផ្តើមគំនិតប្រព្រឹត្តអំពើជួញដូរមនុស្សដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ទើបត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញសម្រេចតាមនីតិវិធី៕ ដោយ ៖ មករា

website_news/2019020804.txt · Last modified: 2019/08/02 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki