website_news:2019020805

សាច់ញាតិអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យជួយពលករខ្មែរ ៨០នាក់ជាប់ពន្ធនាគារនៅស្រុកអារញ្ញប្រទេសថៃ

https://www.rfa.org/khmer/ ដោយ ថន ថារ៉ូ 2019-08-01

សាច់ញាតិពលករខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ទៅភាគីថៃដោះលែងពលករខ្មែរប្រមាណ ៨០នាក់កំពុងជាប់ពន្ធនាគារនៅស្រុកអារញ្ញ ខេត្តស្រះកែវ ឱ្យមានសេរីភាពឡើងវិញ។ សាច់ញាតិអះអាងថា សមត្ថកិច្ចថៃចាប់ពួកគេដាក់គុកជាង ៣ខែហើយមិនទាន់បញ្ជូនត្រឡប់មកកម្ពុជានៅឡើយទេ។សាច់ញាតិពលករដែលកំពុងជាប់ឃុំនៅស្រុកអារញ្ញ លើកឡើងថា ពួកគេសុទ្ធតែជាអ្នកចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសថៃខុសច្បាប់ ហើយត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ដោយមិនទាន់បានធ្វើការនៅឡើយទេ។

ឪពុកជនរងគ្រោះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក គង់ សុផាត ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៣០ កក្កដាថា កូនរបស់លោក ២នាក់ និងអ្នកជិតខាង ៣នាក់ទៀត កំពុងជាប់គុកនៅស្រុកអារញ្ញ (Aranyaprathet) ខេត្តស្រះកែវ (Srakaeo) ប្រទេសថៃ មិនទាន់ត្រឡប់មកកម្ពុជាវិញនៅឡើយទេ។ លោកបញ្ជាក់ថា ពលករខ្មែរទាំងនោះប្រមាណ ៨០នាក់ បានចាញ់បោកមេខ្យល់នាំទៅធ្វើការរោងចក្រនៅខេត្តជាប់ទីក្រុងបាងកក តាំងពីថ្ងៃទី២៥ ខែមេសា ប៉ុន្តែមិនចាំឈ្មោះមេខ្យល់ទាំងនោះទេ។នៅថ្ងៃទី២៦ ខែមេសា ក៏ប៉ូលិសថៃព័ទ្ធចាប់បានទាំងអស់គ្នា រួចបញ្ជូនទៅដាក់នៅទីក្រុងបាងកកចំនួន ២ខែ។ ក្រោយមកថៃក៏បានបញ្ជូនពួកគេទៅដាក់គុកនៅស្រុកអារញ្ញបន្តទៀតរហូតមកទល់សព្វថ្ងៃ៖ «បាទ! គ្នាលំបាកការហូបចុកបាយក៏លាយឱ្យគ្នាស៊ីបបរមិនសមនិងបបរ គ្នាយំមកតេឱ្យខ្ញុំផ្ដល់លុយឱ្យចាយ ការដេកនៅក៏លំបាកទឹកមុជក៏លំបាក គាត់ប្រាប់មកខ្ញុំថា បាយលាយដាក់សំរូបដូចបបរអីចឹងឱ្យគ្នាហូប ហូបឆ្អែតក៏ដោយមិនឆ្អែតក៏ដោយ ខ្លះគ្នាមិនហ៊ានស៊ី គ្រាន់តែឃើញគាត់ក្អួត ដែលគាត់ជាប់គុកថ្មីៗគាត់អត់ហ៊ានហូប»។ លោកបន្តថា កូនរបស់លោកទូរស័ព្ទមកប្រាប់ក្រុមគ្រួសារទាំងទឹកភ្នែកជារៀងរាល់ថ្ងៃ ក្នុងចំណោមពលករទាំង ៨០នាក់ ក៏មានទាំងកុមារតូចៗ ជាច្រើននាក់ជាប់ឃុំជាមួយឪពុកម្ដាយរបស់ពួកគេដែរ ក្នុងនោះមានពលករខ្លះបានដួលសន្លប់ក្នុងពន្ធនាគារ ដោយសារហូបអាហារក្នុងពន្ធនាគារបានបណ្ដាលឱ្យធ្លាក់ខ្លួនឈឺជាច្រើននាក់ទៀតផង។

អាស៊ីសេរីមិនអាចទាក់ទងអគ្គកុងស៊ុលខ្មែរប្រចាំនៅស្រុកអារញ្ញ លោក ហ៊ុន សារឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញការស្នើសុំនេះបានទេ នៅរសៀលថ្ងៃទី៣០ កក្កដា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

ចំណែកប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ហេង ហុកម៉េង ប្រាប់អាស៊ីសេរីថា ខាងលោកមិនទាន់បានទទួលដំណឹងនេះនៅឡើយទេ។ ទោះជាយ៉ាងណា អះអាងថា សមត្ថកិច្ចថៃតែងតែបញ្ជូនពលករខ្មែរតាមច្រកព្រំដែននេះជារៀងរាល់ថ្ងៃ ជាពិសេសពលករឆ្លងដែនខុសច្បាប់ ដោយខាងថៃមិនចាប់ដាក់ពន្ធនាគារនោះទេ ព្រោះខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បានឯកភាពគ្នាបញ្ជូនពលករធ្វើការខុសច្បាប់មកស្រុកកំណើតវិញ ដោយមិនមានការដាក់គុកដូចពេលមុននោះទេ៖ «ដូចមិនមែនអីចឹងទេបង សាច់រឿងមិនអីចឹងផង ព្រោះអីយើងបានចុះកិច្ចព្រមព្រៀងគ្នាចំពោះពលករខុសច្បាប់នឹងគឺបញ្ជូនមកខ្មែរអូតូម៉ាទិចតែម្ដង។ មានទាំងអ្នកត្រូវច្បាប់ទៀត ដល់ពេលអត់លុយមកផ្ទះប្រាប់គេថាខុសច្បាប់បញ្ជូនមកតាមនឹងបណ្ដោយដែលវាអត់អស់សោហ៊ុយអត់អស់អី មានអីចឹងទៀត មិនដាក់គុកដាក់អីទេ ខុសច្បាប់អីចឹង លើកលែងតែគាត់ប្រព្រឹត្តបទល្មើសនៅថៃអត់ដឹងទេ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc)ប្រចាំនៅខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា ថ្វីបើមានការព្រមព្រៀងយោគយល់គ្នារវាងខេត្តជាប់ព្រំដែនប្រទេសទាំង២ក៏ដោយ ក៏ពលករខ្មែរជាច្រើននាក់តែងតែសមត្ថកិច្ចថៃចាប់ដាក់គុកជាប្រចាំ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវតែពិនិត្យរឿងនេះឡើងវិញ ជាមួយភាគីថៃ ដើម្បីជួយដល់ពលករខ្មែរ ឱ្យឆាប់បានត្រឡប់មកស្រុកកំណើតវិញ៖ «យើងឃើញគ្រាន់តែបើកច្រកភ្លាមពួកគាត់ចេញទៅតាមច្រកនឹង ត្រូវបង់លុយឱ្យសមត្ថកិច្ចការពារព្រំដែនប៉ុនណា ហើយមេខ្យល់នាំទៅថៃចេញដូចម្រាមដៃ ប៉ុន្តែបែរទៅជាមិនទាន់ចាត់ការមេខ្យល់ឱ្យបានច្រើននៅឡើយទេ អីចឹងទុកបណ្ដែតបណ្ដោយអ៊ីចឹង ហើយអ្នករងគ្រោះពលរដ្ឋរងគ្រោះដដែលៗ ចាប់ដាក់គុកដដែលអត់មានអីច្រើនទេ ចុះបើមេខ្យល់មានទប់ស្កាត់ឯណា»។

ឪពុកពលករនៅស្រុកម៉ាឡៃលោក គង់ សុផាត អះអាងថា មូលហេតុដែលកូនធ្វើចំណាកស្រុកដោយសារពួកគេគ្មានការងារធ្វើនៅស្រុកកំណើត ស្របពេលដែលគ្រួសារបានខ្ចីប្រាប់ពីធនាគារ ដើម្បីដាំដុះហើយខាតដើមទុន ក៏នាំគ្នាទៅថៃ ដើម្បីរកប្រាក់សងធនាគារវិញ ក៏ស្រាប់តែប្រាក់ក៏បង់ថង់ក៏ដាច់ ដោយត្រូវជាប់គុកនៅប្រទេសថៃទៅវិញ។

លោក ស៊ុំ ច័ន្ទគារ លើកឡើងថា អាជ្ញាធរក៏ត្រូវតែស្វែងរកចាប់មេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ ទៅដាក់ទោសតាមច្បាប់ និងរឹតបន្តឹងតាមព្រំដែនឱ្យបានតឹងរ៉ឹង ដើម្បីកុំឱ្យពួកគេបោកប្រាស់ពលរដ្ឋនាំទៅធ្វើការប្រទេសថៃខុសច្បាប់ទៀត៕

website_news/2019020805.txt · Last modified: 2019/08/02 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki